ប្រែពីអ្នកចាត់ការដែលមិនធ្លាប់ស្គាល់ពាក្យថា “ចាញ់” នៅវគ្គផ្តាច់ព្រ័ត្រ Jose Mourinho ទីបំផុតត្រូវបានក្លឹប Sevilla ផ្តល់មេរៀនផ្តាច់ចោលកំណត់ត្រាមហាអស្ចារ្យនោះ ជាមួយលទ្ធផលយកឈ្នះនៅបាល់កាត់សេចក្តីប៉េណាល់ទី ៤-១ បន្ទាប់ស្មើគ្រាប់ ១-១ នៅការដណ្តើមពាន Europa League កាលពីយប់មិញ។
ធ្លាប់តែបានលេខ ១ ឬមេដាយម្ចាស់ជើងឯក ដល់សារនេះ បានត្រឹមតំណែងជើងឯករង មិនមែនថាលោកមិនព្រមទទួលស្គាល់បរាជ័យនោះទេ ប៉ុន្តែដោយសារភាពអយុត្តិធម៌ ក៏ជាលទ្ធផលដែលគ្រូសញ្ជាតិព័រទុយហ្គាល់ជឿថា វាជាចំណាត់ការមិនសមស្រប មិនត្រឹមត្រូវទាល់តែសោះ របស់អាជ្ញាកណ្ដាលអង់គ្លេសលោក Anthony Taylor នៅកីឡដ្ឋាន Puskas Arena នៃទឹកដីប្រទេសហុងគ្រី។
បើអ្នកដែលបានទស្សនាការប្រកួតយប់មិញ ប្រាកដជាដាស់អារម្មណ៍ធ្វើឲ្យនឹកដល់ភ្លែត នូវព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រ រវាង U22 ឥណ្ឌូនេស៊ី ទល់ U22 ថៃ កាលនៅទឹកដីកម្ពុជា នាពាក់កណ្តាលខែមុនជាក់ជាមិនខាន ដ្បិតកម្តៅលើទីលានក្តៅឡើងពីមួយតង់ទៅមួយតង់ ហើយការប៉ះទង្គិច ក៏កើតមានសឹងគ្រប់នាទី ដល់ថ្នាក់អាជ្ញាកណ្តាលចាយកាតពិន័យ ចូលតួលេខចារកំណត់ត្រាប្រវត្តិសាស្រ្ត។
CTS SPORTS សូមចាក់ឲ្យជ្រៅ ចូលដល់រឿងរ៉ាវដើមហេតុនាំឲ្យ Jose Mourinho មានការខឹងសម្បា និងការលើកឡើងរបស់លោកនៅពីក្រោយនោះ៖
ជាការពិត នៅជំនួបយប់មិញគឺជាប្រកួតចាយកាតលឿងច្រើនបំផុត ដល់ទៅ ១៤ លើក ហើយបន្ថែមម៉ោងប្រកួតចូលល្បាក់ជិត ៣០ នាទីឯណោះ។ គ្រប់បាល់មុនបញ្ចប់ ១២០ នាទីធ្វើបានដោយ Paulo Dybala ឲ្យ AS Roma និងខាង Sevilla ចំណេញមួយគ្រាប់ពីបាល់ Own Goal បង្កកំហុសដោយខ្សែការពារ Gianluca Mancini។
រឿងរ៉ាវចាប់ផ្ដើមក្តៅខ្លាំងនៅនាទី ៨០ ពេល Nemanja Matic ព្យាយាមក្រុសបាល់ចូលទៅក្នុងប្រអប់របស់ Sevilla តែត្រូវបានប៉ះដៃខ្សែបម្រើ Fernando ទោះជាយ៉ាងណា អាជ្ញាកណ្តាលលោក Taylor ពុំបានចំណាយពេលទៅពិនិត្យ VAR ដោយល្អិតល្អន់ជាថ្មីនោះទេ ហើយសម្រេចភ្លាមៗតែម្តង ថាវាមិនមែនជាបាល់ប៉ះដៃ រួចត្រូវបន្តការប្រកួតជាធម្មតា។
ការសម្រេចនេះ បានធ្វើឲ្យសមាជិក ទាំងកីឡាករ ទាំងជំនួយការ ទាំងគ្រូបង្វឹកខាងក្លឹបអ៊ីតាលីមានការខឹងសម្បាជាខ្លាំង ហើយភាពក្តៅគគុកលើទីលានបានកើតឡើងនៅកៀកបញ្ចប់នាទីទី ១២០ ជាលទ្ធផលអាជ្ញាបណ្តាលបានលើកកាតលឿងផ្ទួនៗគ្នាដល់ ៥ លើក ទាំងលើកីឡាករសងខាង រួមទាំងអ្នកចាត់ការ Jose Mourinho ផងដែរ។
ការប្រកួតត្រូវបានបន្តដល់ Sevilla ស៊ុតប៉េណាល់ទីយកឈ្នះទៅលើ Roma ក្លាយជាម្ចាស់ជើងឯកពាន Europa League លើកទី ៧។ ទោះជាយ៉ាងណា អ្នកចាត់ការវ័យ ៦០ ឆ្នាំ ហាក់មិនអស់ចិត្តទាល់តែសោះ រួចសូម្បីមេដាយទទួលបានក្នុងនាមក្លឹបឈ្នះជើងឯករង ក៏មិនយកត្រលប់ទៅផ្ទះ ហើយបោះប្រគល់ឲ្យអ្នកគាំទ្រក្នុងកីឡដ្ឋាន។
អត់ទាន់ចប់ត្រឹមប៉ុណ្ណឹងទេ លោក Mourinho បានដើរទៅតាមស្រែកថាឲ្យ Taylor នៅចំណតរថយន្ត ពេលអាជ្ញាកណ្តាលប្រុងចាកចេញពីទីនោះ យ៉ាងអាម៉ាស់ ជាមួយនឹងពាក្យខឹងសម្បាជាច្រើនម៉ាត់ឥតសំចៃមាត់។
អតីតអ្នកចាត់ការក្លឹប Real Madrid/Man Utd បានលើកឡើង៖ “ការពិតគឺយើងមានការឈឺចាប់ខ្លាំងណាស់ យើងនឹងត្រលប់ទៅផ្ទះវិញ ជាមួយនឹងភាពនឿយហត់ អស់កម្លាំង ផ្សំនឹងលទ្ធផលដ៏អយុត្តិធម៌ កីឡាកររបស់ខ្ញុំធ្វើបានល្អណាស់ ពួកគេធ្វើឲ្យខ្ញុំមានមោទកភាព តែលទ្ធផលដែលទទួលបាន វាមិនសមទាល់តែសោះ នេះអាជ្ញាកណ្តាល ថែមទាំងអត់ផ្តល់កាតលឿងទីពីរដល់ Lamela [កីឡាករ Sevilla] នាំឲ្យសល់ឱកាសស៊ុតបាល់ប៉េណាល់ទីចុងក្រោយនោះថែមទៀត”៕
ប្រភព៖ បរទេស