Malcom ៖ Messi ​ជា​កីឡាករ​មក​ពី​ក្រៅ​ភព​ពិត​ៗ

Malcom ​កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម FC Barcelona ​ថា​ការ​បាន​លេង​ជាមួយ Lionel Messi ​គឺ​ពិត​ជា​អារម្មណ៍​អស្ចារ្យ​ខ្លាំង​ណាស់ ​ហើយ​កីឡាករ​អាហ្សង់ទីន​នេះ​ដូច​ជា​កីឡាករ​មក​ពី​​ក្រៅ​ភព​អីចឹង។

កីឡាករ​ប្រេស៊ីល​តាំង​ពី​ចូល​លេង​ឱ្យ Barcelona ​មក ទើប​តែ​មាន​ឱកាស​ជាប់​ជម្រើស​១១​នាក់​ដំបូង​កាល​លេង​ចាញ់​ក្រុម Real Betis ​៣-៤ ​កន្លង​ទៅ​នេះ​ទេ។ បទ​ពិសោធ​លេង​ជាមួយ Messi ​លើក​ទី​១​នេះ ​បាន​ធ្វើ​ឱ្យ Malcom ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ​ព្រោះ​នេះ​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន​បាន​ឈរ​នៅ​លើ​ទីលាន ​ចាប់​ដៃ​គូ​ជាមួយ Messi ។

Malcom ​បាន​និយាយ​ទៀត​ថា​៖ “មុន​ពេល​ប្រកួត ​នៅ​តាម​ផ្លូវ​ដើរ​ចេញ​មក​ទីលាន​ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ពេល​គាត់​បាន​បាល់ គាត់​នឹង​រក​មើល​ខ្ញុំ ​ហើយ​បោះ​មក​ខ្ញុំ។ គាត់​ជា​កីឡាករ​ម្នាក់​ដែល​ចង់​ឱ្យ​ក្រុម​ទទួល​ជ័យជម្នះ ​បើ​ទោះ​ជា​អ្នក​ណា​ស៊ុត​ចូល​ក៏​ដោយ ហេតុ​ដូច្នេះ​ហើយ​ទើប​គាត់​ជា​ប្រធាន​ក្រុម​របស់​យើង។ សម្រាប់​ខ្ញុំ គាត់​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​នេះ ​ដែល​គ្មាន​នរណា​អាច​ធ្វើ​បាន​ដូច​ឡើយ”៕ប្រភព៖ foxsportsasia

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT