បើ​គ្មាន​បាល់ទាត់ តើ​តារា​ឆ្នើម​ ៥ រូប​នេះ នឹង​ចាប់​យក​អាជីព​ការងារ​អ្វី ដើម្បី​ចិញ្ចឹម​ជីវិត?

បាល់ទាត់​គឺ​អាចធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រស់​ស្រួល ទោះ​ខ្លះ​ពុំ​បាន​ឆ្លង​កាត់​ការ​សិក្សា​ខ្ពង់ខ្ពស់ ឬ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាលា​ថ្លៃៗ ក៏​ចុងក្រោយ​បាន​ក្លាយ​ជា​សេដ្ឋី ដេក​លើ​គំនរ​ទ្រព្យ មួយ​អាទិត្យ​លុយ​ចូល​ខ្ទង់​សែន​ខ្ទង់​លាន​ដុល្លារ​ក៏​មាន។

ដូច Cristiano Ronaldo ដូច Sadio Mane ​ពួក​គេ​ធ្លាប់​បាន​សារភាព ថា​បើ​គ្មាន​បាល់ទាត់ ជីវិត​ពេល​នេះ គឺ​ផ្ទុយ​ស្រឡះ ១៨០ ដឺក្រេ ដ្បិត​អី​កាល​កុមារភាព​មាន​ការ​ខ្វះខាត ពុំ​ទទួល​បាន​ឱកាស​រៀន​សូត្រ​ដិតដល់​ដូច​កូន​គេ​ឯ​ទៀត​ឡើយ។ ចុះ​មុន​និង​ក្រោយ ប្រសិន​ជា​គ្មាន​បាល់ទាត់ តើ​តារា​ឆ្នើម​ទាំង ៥ រូប នឹង​ប្រកប​មុខ​របរ ឬ​ការងារ​រកស៊ី​អ្វី ដើម្បី​ចិញ្ចឹម​ក្រពះ?

៥) Virgil van Dijk

មិន​ខុស​ពី​ជីវិត​កម្សត់កម្រ​របស់​កីឡាករ​បាល់ទាត់​ល្បីៗ​ភាគ​ច្រើន ដូច​គ្នា​សម្រាប់​ខ្សែ​ការពារ​សញ្ជាតិ​ហូឡង់ Van Dijk អតីតកាល​ក៏​ស្ថិត​ក្នុង​ទ្រនំ​គ្រួសារ​ក្រ​លំបាក​ផង​ដែរ។ តារា​ឆ្នើម​របស់​ក្លឹប​ហង្ស​ក្រហម Liverpool ធ្លាប់​បាន​លើក​ឡើង៖ “កាល​នៅ​អាយុ ១៦ ឬ ១៧ ឆ្នាំ ពេល​ខ្ញុំ​ចង់​មាន​លុយ​ទៅ​ទិញ​អាហារ​ហូប ខ្ញុំ​អត់​បាន​គិត​ច្រើន​នោះ​ទេ ទន្ទឹម​ពេល​ម្តាយ​ខ្ញុំ​គាត់​គ្មាន​ប្រាក់ ​គឺ​ខ្ញុំ​បាន​ដើរ​ទៅ​សុំ​ការងារ​គេ​ធ្វើ​នៅ​អាហារដ្ឋាន​ក្នុង​តំបន់​មួយ​កន្លែង គឺ​ជា​អ្នក​លាង​ចាន​ឲ្យ​គេ”។

ត្រង់​អាជីព​ការងារ​ជា អ្នក​លាង​ចាន នេះ​ដែរ Van Dijk បាន​សង្កត់​ធ្ងន់ បើ​គ្មាន​សំណាង បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់ ថា​មិន​ត្រូវ មើល​មិន​ឃើញ លោក​ក៏​អាច​នឹង​បន្ត​វា​មក​ទល់​សព្វថ្ងៃ ព្រោះ​ក្នុង​ជីវិត​គ្មាន​នរណា​អាច​មើល​ឃើញ ឬ​ទស្សន៍ទាយ​ដឹង ទុក​ជា​មុន​ឡើយ។

៤) Zlatan Ibrahimovic

ងាក​មក​បុរស​សញ្ជាតិ​ស៊ុយអែត តាម​សើប​មើល​ប្រវត្តិ​មិន​ជា​ពិបាក​អី​ពេក​នោះ​ទេ ហើយ​លោក​ធ្លាប់​បាន​បង្ហើប ថា​ក្រៅ​តែ​អាជីព​បាល់ទាត់ គឺ​មាន​អាជីព​អាទិភាព​ ២ ផ្សេង​ទៀត មួយ​ជា​ការងារ​ម្តាយ​របស់​លោក​ផ្ទាល់ ចង់​ឲ្យ​ធ្វើ គឺ​ជា​អ្នក​បម្រើ​ការ​ផ្នែក​ច្បាប់ ឬ​ជា​មេធាវី ហើយ​មួយ​ផ្សេង​ទៀត ជា​អាជីព​លោក​ស្រលាញ់ គឺ​ជា​កីឡាករ​គុន​ចម្រុះ លើ​សង្វៀន​ UFC។

៣) Sadio Mane

មិន​រំពឹង​ខ្ពស់​ទេ នេះ​គិត​ត្រឹម​បាយ​បី​ពេល​ចិញ្ចឹម​ក្រពះ​ ឲ្យ​តែ​អាច​រស់រាន​មាន​ជីវិត គឺ​វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​សម្រាប់​កីឡាករ​សេណេហ្គាល់។

ផ្តើម​ជីវិត​លំបាក​ក្នុង​ភូមិ Bambali ដ៏​តូច​មួយ Mane ធ្លាប់​អះអាង​ថា នៅ​ទី​នោះ គ្មាន​ការងារ​អ្វី ក្រៅ​តែ​ពី​ជា កសិករ នោះ​ឡើយ។ ដោយសារ​ហេតុផល​នេះ ក្រោយៗ​មក​ពេល​មានបាន ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ស្តាំ បាន​ចំណាយ​លុយ​រាប់​សិប​លាន​ចេញ​ពី​ហោប៉ៅ ទៅ​ជួយ​ផ្គត់ផ្គង់​ភូមិ​កម្សត់ Bambali ឲ្យ​កើត​ជា​ភូមិទំនើបថ្មី ក៏​ដើម្បី​បណ្តុះបណ្តាល​ក្មេងៗ​ជំនាន់​ក្រោយ មិន​ឲ្យ​លំបាក​ដូច​ជា​ខ្លួន។

២) Cristiano Ronaldo

មិន​និយាយ​ថយ​ក្រោយ តែ​សារ​ទៅ​ពេល​ខាង​មុខ CR7 បាន​គិត​រួចរាល់​ហើយ ប្រសិន​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់ ហើយ​ត្រូវ​ដក​ឃ្លា​ទាំង​ស្រុង​ពី​វិស័យ​នេះ គឺ​លោក​នឹង​សាកល្បង​រសជាតិ​ថ្មី ក្នុង​អាជីព​ជា​អ្នក​សម្តែង​ខ្សែ​ភាពយន្ត។

នេះ​មិន​មែន​ជា​កីឡាករ​ដំបូង​ទេ ដែល​បាន​ចាប់​យក​អាជីព​ជា​តារា​សម្តែង​ភាពយន្ត ដោយ​កន្លង​មក​ក៏​ធ្លាប់​មាន Pele, Vinnie Jones និង David Beckham ជា​គំរូ​ស្រាប់​ហើយ​ដែរ។

១) Erling Haaland

វ័យ​កំពុង​ពេញ​កើប​លុយ កើប​កិត្តិយស​ជាមួយ​បាល់ទាត់ ថ្មីៗ​កន្លង​ទៅ​មនុស្ស​យន្ត​ជំនាញ​បញ្ចប់​ទី​ឲ្យ Man City ក៏​ត្រូវ​បាន​អ្នក​កាសែត​សួរនាំ​ថា៖ “ក្រៅ​តែ​ពី​អាជីព​បាល់ទាត់ តើ​អ្នក​នឹង​ជ្រើស​យក​ការងារ​អ្វី”។ ចម្លើយ​ដ៏​ភ្ញាក់ផ្អើល​ចេញ​ពី​មាត់​យុវជន​ន័រវេស ប្រាប់​ថា៖ “ខ្ញុំ​នឹង​ធ្វើ​ជា​ជាង​ផ្សារដែក ឬ​ក៏​ប្រហែល​ជា​កសិករ​មួយ​រូប”៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT