លើស​ពី​អ្វី​ដែល​អ្នក​គិត តាម​ការពិត​កីឡាករ​យក​ដៃ​ខ្ទប់​មាត់​ពេល​និយាយ ដោយសារ​ហេតុផល​ ៦ នេះ

ជា​ញឹកញយ​នៅ​លើ​ទីលាន របៀប​ដែល​កីឡាករ អ្នកចាត់ការ ក៏​ដូច​ជា​បណ្តា​ជំនួយ​ការ​គ្រប់​ផ្នែក ប្រាស្រ័យ​ទាក់ទង​គ្នា តាម​រយៈ​ភាសា​និយាយ​នានា ពួក​គេ​តែង​ទម្លាប់​យក​ដៃ​មក​ខ្ទប់​មាត់ កំឡុង​ពេល​បញ្ចេញ​សូរ​សំឡេង។

មួយ​ផ្នែក​តូច​នៃ​អ្នក​គាំទ្រ ខ្លះ​ទៅ​អត់​ដឹង បែរ​គិត​ថា វា​ត្រឹម​ជា​ទម្លាប់​ដូច​តែ​មនុស្ស​ទូទៅ ពោល​គឺ​ខ្ទប់​មាត់ ព្រោះ​មិន​ចង់​ឲ្យ​ភាយ​ខ្យល់​ដង្ហើម​ឬ​ក្លិន​មាត់មិនល្អ ទៅ​កាន់​អ្នក​ដែល​បាន​ស្តាប់ ខ្លះ​ទៅ​ក៏​គិត​ហេតុផល​ផ្សេងៗ​ពី​នោះ។ យ៉ាង​ណា​តាម​ការ​ប្រមែប្រមូល​របាយការណ៍​គួរ​ឲ្យ​ទុក​ចិត្ត​ជា​ច្រើន CTS Sports សូម​ទាញ​លើក​មក​បង្ហាញ​នូវ​មូលហេតុ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង ៦ នៅ​ពី​ក្រោយ​កាយវិការ​អស់​នោះ ក៏​ជឿ​ថា បងប្អូន​យើង​ភាគច្រើន​មិន​ធ្លាប់​បាន​គិត​ដល់​នោះ​ឡើយ៖

៦) ដើម្បី​សង្កត់​សូរសម្លេង

ក៏​ដោយសារ​តែ​ភាព​អ៊ូអរ សំឡេង​ហ៊ោកញ្ជ្រៀវ​ក្នុង​កីឡដ្ឋាន បែប​នេះ​ការ​យក​ដៃ​មក​ខ្ទប់​ពេល​និយាយ គឺ​អាច​សង្កត់​ឲ្យ​សូរសម្លេង​របស់​ពួក​គេ កាន់​តែ​លឺ​ច្បាស់​ទៅ​ដល់​ដៃ​គូ​ម្ខាង​ទៀត។ ផ្ទុយ​ទៅ​វិញ បើ​និយាយ​ធម្មតាៗ​ដូច​ការ​ជជែក​គ្នា​មួយ​ទល់​មួយ​នៅ​កន្លែង​ស្ងាត់ គឺ​សំឡេង​នឹង​សាយ​ទៅ​ខាង​ក្រៅ លាយឡំ​សំឡេង​អ៊ូអរ​កំពុង​មាន​ស្រាប់នៅកីឡដ្ឋាន ម្ល៉េះ​នឹង​នាំ​ឲ្យ​ម្ខាង​ទៀត​ពិបាក​ស្តាប់​ជាក់​ជា​មិន​ខាន។

នេះ​បើ​ផ្អែក​តាម​ការ​លើក​ឡើង​របស់​អ្នក​ពិគ្រោះ​យោបល់​លោក Phil Hall ជា​បុគ្គល​ធ្លាប់​បម្រើ​ការ​ជាមួយ​ក្លឹប​ធំៗ​ជា​ច្រើន​នៅ Premier League។ ក៏​ប៉ុន្តែ​វា​មិនមែន​ជា​មូលហេតុ​តែ​មួយ​នោះ​ឡើយ។

៥) បញ្ចៀស​អ្នក​ជំនាញ​អាន​បបូរ​មាត់

មាន​ពាក្យពេចន៍​សំខាន់​ជា​ច្រើន ដែល​កីឡាករ​ល្បីៗ​ចង់​លាក់បាំង មិន​ឲ្យ​សាយភាយ​ទៅ​ខាង​ក្រៅ ​ជា​ពិសេស​កំឡុង​ពេល​ពួក​គេ​ស្ថិត​ក្នុង​កម្មវិធី ឬ​ការ​ប្រកួត​កំពុង​ផ្សាយ​ផ្ទាល់។ ដោយសារ​នៅ​ខាង​ក្រៅ មាន​អាជីព​ការងារ​មួយ ហៅ​ថា “អ្នក​ជំនាញ​អាន​បបូរ​មាត់” ដែល​ពួក​គេ​អស់​នោះ ទោះ​មិន​ស្តាប់​លឺ​សំឡេង ក៏​អាច​កាត់​ន័យ​យល់ ត្រឹម​ការ​មើល​បបូរ​មាត់​ ក៏​ដឹង​ថា​កីឡាករ​បាន​ជជែក​រឿង​អ្វី​មួយ។

បុគ្គល​អស់​នេះ តែង​ពាំនាំ​លក់​ទិន្នន័យ​ដែល​ពួក​គេ​ប្រមូល​បាន​ទៅ​កាន់​អ្នក​កាសែត ឬ​ក្រុម​អ្នក​ស្រាវជ្រាវ​ចង់​បាន​រឿងរ៉ាវ​សម្ងាត់​ពី​កីឡាករ​កំពូល។

៤) លាក់​តាក់តិច​ឬ​យុទ្ធសាស្រ្ត

ជុំវិញ​ការ​សន្ទនា​ជាមួយ​មិត្ត​រួម​ក្លឹប នៅ​ពេល​ប្រកួត បើ​និយាយ​លឺៗ ប្រាកដ​ណាស់​ផែនការណ៍​សម្ងាត់ ឬ​តាក់តិច​ដើម្បី​យក​ឈ្នះ​ទៅ​លើ​គូ​ប្រជែង នឹង​ត្រូវ​បែកខ្ញែក​ទៅត្រចៀកក្រុមម្ខាងទៀត​មិន​ខាន។ ដូច្នេះ​ហើយ​ការ​ជជែក ឬ​ការ​ចង់​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ភ្លាមៗ ដូច​ជា​ដឹក​ពាក្យ​ពី​អ្នកចាត់ការ​នៅ​ខាង​ក្រៅ មក​កីឡាករ​នៅ​ខាង​ក្នុង​ទីលាន គឺ​ពួក​គេ​ទម្លាប់​យក​ដៃ​ខ្ទប់​មាត់​បែប​នេះ​ឯង។

៣) លាក់​ការ​សន្ទនា​សម្ងាត់

គ្រប់​កីឡាករ​លើ​ទីលាន ​បើ​ទោះ​បី​ពេល​ប្រកួត​ជា​គូ​ប្រជែង តែ​ខាង​ក្រៅ​ទីលាន ក៏​ខ្លះ​ជា​មិត្ត​ជិតដិត​នឹង​គ្នា​ផង​ដែរ។ បែប​នេះ ក៏​មាន​ពេលវេលា​ខ្លះ ពួក​គេ​ចង់​ឆ្លៀត​ជជែក​រឿងរ៉ាវ​ផ្ទៃ​ក្នុង រឿងរ៉ាវ​ការ​ផ្ទេរ​ចេញ​ចូល​មួយ​ចំនួន អ៊ីចឹង​ដើម្បី​បញ្ចៀស​ដំណឹង​អស់​នោះ​បែកការ​ទៅ​ខាង​ក្រៅ ការ​អនុវត្ត​មធ្យោបាយ​ខាង​លើ ជា​រឿង​ដែល​មិន​អាច​រំលង។

២) លាក់​ពាក្យពេចន៍​អាក្រក់

ជួន​ខ្លះ​ទៅ​ប៉ះទង្គិច​គ្នា ដល់​និយាយ​ពាក្យ​អាក្រក់ ឬ​ភាសា​គ្រោតគ្រាត​ទៅ​លើ​ក្រុម​ម្ខាង​ទៀត ហើយ​កីឡាករ​នៅ​ចេះ​គ្រប់គ្រង​អារម្មណ៍ គឺ​ពួក​គេ​អនុវត្ត​វិធី​នេះ​ឯង ដើម្បី​ធានា​ថា​ពាក្យ​អស់​នោះ អាច​លឺ​ដល់​តែ​អ្នក​ដែល​ពួក​គេ​ចង់​បញ្ចេញ​កំហឹង​ដាក់​ប៉ុណ្ណោះ ជា​រួម​មិន​ឲ្យ​ខូច​កិត្តិយស​មុខមាត់​ខ្លួន​ឯង​ ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខាង​ក្រៅ​ឡើយ។

១) កាយវិការ​បង្ហាញ​ការ​ប្រឆាំង

ធ្លាប់​កើត​មាន​ថ្មីថ្មោង​នៅ World Cup 2022 រវាង​ជំនួប​អាល្លឺម៉ង់ និង​ជប៉ុន ដោយ​សមាជិក​ទាំង​អស់​របស់​ក្រុម​ឥន្រ្ទីយ៍​ដែក​មក​ពី​ទ្វីប​អឺរ៉ុប បាន​យក​ដៃ​ខ្ទប់​មាត់ ថត​រូប​មុន​ការ​ប្រកួត​ចាប់ផ្តើម។

កាយវិការ​របស់​ពួក​គេ ចង់​ផ្ញើ​សារ​ក្នុង​ន័យ​ប្រឆាំង​ទៅ​កាន់ FIFA ជុំវិញ​ការ​ហាមឃាត់​ប្រើប្រាស់​ខ្សែ​ដៃ​ប្រធាន​ក្រុម “One Love” គាំទ្រ​ដល់​ការ​ស្រលាញ់​ភេទ​ដូច​គ្នា។ នេះ​វា​ផ្ទុយ​ស្រឡះ​ពី​ការ​ប្រកួត​នៅ​លីគ​កំពូល​អឺរ៉ុប រមែង​ត្រូវ​បាន​អនុញ្ញាត​ឥត​ប្រកែក​ឡើយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT