ស្ងាត់ៗ ក្រសួងការពារជាតិ ទៅចូលរួមព្រឹត្តិការណ៍បាល់ទាត់មួយនៅចិន ឥលូវឡើងដល់វគ្គផ្តាច់ព្រ័ត្រហើយ

កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ ក្រុមបាល់ទាត់ក្រសួងការពារជាតិ បានប្រកួតឈ្នះក្រុមបាល់ទាត់មកពីប្រទេសថៃ Bangkok Thonburi FC ២ ទល់នឹង ០ ក្នុងព្រឹត្តិការណ៍នៅខេត្តណាណីង ប្រទេសចិន ដែលមាន ៤ក្រុមចូលរួម តែមិនមានក្រុមរបស់ម្ចាស់ផ្ទះឡើយ។

២គ្រាប់របស់ក្រុមក្រសួងការពារជាតិ រកបានដោយខ្សែប្រយុទ្ធ ភួង សុខសាណា និងយុវជន ណារ៉ុង កក្តដា ដែលនាំឱ្យក្រុមតំណាងកម្ពុជាមួយនេះ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវជួបជាមួយក្រុម Thanh Quang Ninh នៅថ្ងៃទី ១៧ ខែ វិច្ឆិកា ខាងមុខនេះ វេលាម៉ោង ៦ និង ៣០នាទីល្ងាច (ម៉ោងកម្ពុជា) ។

គួរឱ្យដឹងផងដែរថា ក្រសួងការពារជាតិ ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក ភា សុភ័ត្រ្តា បានដឹកនាំកីឡាករសរុបចំនួន ១៨នាក់ ដោយមិនមានវត្តមានកីឡាករសំខាន់ៗ ៤រូប ដែលកំពុងបំពេញភារកិច្ចនៅក្នុងក្រុមជម្រើសជាតិរួមមាន អ្នកចាំទី អ៊ុ វិចិត្រ, ខ្សែការពារ ស ពិសិដ្ឋ, ឈិន ឈឿន និងខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង ។

សូមជម្រាបផងដែរថា នៅថ្ងៃសៅរ៍ខាងមុខនេះ ក៏នឹងមានការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ផងដែរ គឺរវាងក្រុម Bangkok Thonburi (ថៃ) ទល់នឹងក្រុម Police Tero (ថៃ) ដែលនឹងចាប់ផ្តើមម៉ោង ២រសៀល (ម៉ោងកម្ពុជា) ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT