កីឡាករ ៦ រូប​ដែល Ronaldo ​លើក​សរសើរ​កាល​ ៦ ឆ្នាំ​មុន ពេល​នេះ​ទៅ​មុខ​ឬ​ថយ​ក្រោយ​បែប​ណា​ខ្លះ​ហើយ?

ក្នុង​នាម​ជា​តារា​ឆ្នើម​លំដាប់​ពិភពលោក ក៏​រាប់​ជា GOAT ​ល្អ​បំផុត​គ្រប់​ពេលវេលា​នៅ​ប្រវត្តិសាស្រ្ត​បាល់ទាត់ ជា​ទូទៅ Cristiano Ronaldo មិន​ងាយ​លាន់​មាត់​សរសើរ​ដល់​ឈ្មោះ​កីឡាករ​ចាស់​ថ្មី​រូប​ណា​ឡើយ ហើយ​មួយ​សារៗ​ដែល​វីរបុរស​សញ្ជាតិ​ព័រទុយហ្គាល់​លើក​ឡើង ក៏​ជា​សម្តី​នឹង​ត្រូវ​កត់ត្រា​ទុក​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម។

វិល​ត្រលប់​ទៅ​ ៦ ឆ្នាំ​មុន កាល ២០១៧ គ្រា​ជា​រជ្ជកាល​មាស​របស់ CR7 នៅ​ក្លឹប​អធិរាជ​ស Real Madrid ពេល​នោះ​បន្ទាប់​កាន់​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA Player of the Year ក៏​លោក​ត្រូវ​បាន​គេ​សួរនាំ ឲ្យ​ចុច​ឈ្មោះ​អនាគត​កីឡាករ​ដែល​អាច​ស្នង​ជោគជ័យ​បន្ត​ពី​ខ្លួន។

ជា​ការ​ឆ្លើយតប​កីឡាករ​ជំនាញ​ជើង​ស្តាំ បាន​និយាយ​ចំ​ដល់​ឈ្មោះ​អ្នក​ទាំង ៦ យ៉ាង​ដូច្នោះ​ថា៖ “នេះ​ជា​សំណួរ​ល្អ ខ្ញុំ​បាន​មើល​ឃើញ​កីឡាករ​ពោរពេញ​ដោយ​ឥទ្ធិពល​ដែល​ពួក​គេ​នឹង​អាច​ទៅ​រួច តួ​យ៉ាង​គឺ Asensio, Mbappe, Neymar, Dembele, Hazard, Rashford និង​មួយ​ចំនួន​ផ្សេង​ទៀត ជា​រួម​ទៅ បន្ត​សម័យកាល​ទៅ​មុខ យ៉ាង​ហោច​ណាស់​ក៏​មាន ១០ រូប​ដែរ”។

សារ​ពេលវេលា​មក​ទល់​សព្វថ្ងៃ ការ​ពិត​មិន​ដូច​ការ​គិត​របស់ Ronaldo ទាំង​ស្រុង​នោះ​ទេ នេះ CTS Sports ​សូម​ធ្វើ​ការ​សង្ខេប​ដំណើរ​អាជីព​របស់​ពួក​គេ​ដូច​ត​ទៅ៖

៦) Marco Asensio

ល្បាក់ Ronaldo នៅ​លាន់​មាត់​សរសើរ ពេល​នោះ Asensio ​មាន​អាយុ ២១ ឆ្នាំ គេ​ក៏​រៀប​នឹង​រះ​ជា​បណ្តើរៗ ដ្បិត​អី​ជាប់​ឈ្មោះ​ជា​កីឡាករ​វ័យ​ក្មេង​បង្អស់​ លំដាប់​ទី ៤ រក​បាន​គ្រាប់​បាល់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UCL។ លុះ​ទល់​សព្វថ្ងៃ​គឺ​ផ្ទុយ​ស្រឡះ អាជីព​កាន់​តែ​ស្រុត​ចុះ ពេលវេលា​លើ​ទីលាន​កាន់​តែ​ថមថយ ហើយ​ប្រុង​នឹង​ចាកចេញ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ពី​ Real Madrid កំឡុង​រដូវ​ក្តៅ​ខាង​មុខ។

៥) Kylian Mbappe

នេះ​រាប់​ជា​ការ​ទស្សន៍ទាយ​ត្រូវ ព្រោះ​បន្ទាប់​ការ​លើក​ឡើង​របស់ Ronaldo ឃើញ​ថា​យុវជន​សញ្ជាតិ​បារាំង​បាន​ធំធាត់​ផ្លែផ្កា​ក្នុង​អាជីព​ បន្តបន្ទាប់​រៀងរាល់​ឆ្នាំ។ បាន​លើក​ទាំង​ពាន World Cup 2018 ជាមួយ​បារាំង ហើយ​ក៏​ជាប់​ឈ្មោះ​ជា​ម៉ាស៊ីន​ស៊ុត​ច្រើន​គ្រាប់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប PSG។

៤) Neymar Jr

ការ​ទស្សន៍ទាយ​គឺ​ចំ​ពេល Neymar ផ្ទេរ​មក PSG ថ្មីថ្មោង តែ​លទ្ធផល​សម្រេច​ក្រោយៗ​មក មិន​បាន​ទាំង​ពាន​រង្វាន់​ធំ​ជាមួយ​ក្លឹប ដូច​គ្នា​ពាន​ឯកត្តជន​នានា Ballon d’Or ក៏​មិន​ទាន់​ស្គាល់​ជាតិ​ដែរ។ ជួន​ពេល​អាយុ​កាន់​តែ​ជ្រេ​ចូល​ ៣១ ឆ្នាំ បូក​ផ្សំ​របួស​ញាំញី​ឥត​ឈប់ ម្ល៉េះ​ការឡើង​ទៅ​ចំណុច​ខ្ពស់​ដូច​ការ​គិត​របស់ CR7 ក៏​រំពឹង​ឥត​អាច​ទៅ​រួច​នោះ​ដែរ។

៣) Ousmane Dembele

នៅ​ថ្ងៃ​ដែល Ronaldo ចុច​ឈ្មោះ Dembele គឺ​ជា​ពេលវេលា​ដែល​កីឡាករ​បារាំង​ផ្ទេរ​មក Camp Nou នៅ​តម្លៃ​កំណត់ត្រា ១៤០ លាន​អឺរ៉ូ។ អាជីព​របស់​គេ មិន​ជា​នឹងន​រ ជាមួយ​ក្លឹប​បច្ចុប្បន្ន​ឡើយ តែ​អំពី​គុណភាព​លើ​ទីលាន ឃើញ​ថា​នៅ​មាន​ពិតៗ គ្រាន់​ត្រូវ​រាំងស្ទះ​ដោយសារ​របួស។ ក៏​ប៉ុន្តែ​កត្តា​អាយុ​នៅ​ត្រឹម ២៦ ឆ្នាំ ម្ល៉េះ​យើង​ក៏​មិន​ទាន់​អាច​មើល​ស្រាល​អាជីព​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​បាន​ដែរ។

២) Eden Hazard

កាល ២០១៨ នរណា​មិន​ស្គាល់​ Hazard ​សុទ្ធ​តែ​អ្នក​មិន​ដែល​តាមដាន​បាល់​អឺរ៉ុប។ ការ​ទស្សន៍ទាយ​របស់ CR7 ត្រឹមត្រូវ​តែ​មួយ​ឆ្នាំ​ដំបូង លុះ​ក្រោយៗ​ពេល​ផ្ទេរ​មក​អធិរាជ​ស កុំ​ថា​ឡើយ​ស្នង​តំណែង Ronaldo នេះ​ស្នង​ត្រឹម​សមិទ្ធផល​ខ្លួន​ឯង​ធ្លាប់​ធ្វើ​បាន​នៅ Chelsea ក៏​កីឡាករ​បែលហ្សិក​បង្ហាញ​មិន​កើត​ផង។ សុពលភាព​កុងត្រា​នឹង​ត្រូវ​ផុត​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ រី​ឯ​កត្តា​អាយុ​ក៏​នឹង​ហៀរ​ចូល​ ៣៣ ឆ្នាំ ម្ល៉េះ​ការ​ស្រោចស្រង់​ត្រលប់​មក​វិញ ពិត​ជា​រឿង​ពិបាក។

១) Marcus Rashford

មិន​សូវ​ខុស​នឹង​ករណី Dembele អាជីព​របស់ Rashford ​មាន​ឡើង​មាន​ចុះ ដោយសារ​របួស​ញាំញី តែ​យ៉ាង​ណា​ដល់​ពេលវេលា​ចុង​ក្រោយ កីឡាករ​អង់គ្លេស​ហាក់​រក​ឃើញ​ខ្លួន​ឯង​កាន់​តែ​ច្បាស់ ជាមួយ​នឹង​ការ​ពង្រឹង​បន្ថែម ក្រោម​ដំណើរ​ត្រួសត្រាយ​របស់​អ្នកចាត់ការ Erik ten Hag។

បុរស​វ័យ ២៥ ឆ្នាំ កំពុង​ចារ​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន ជុំវិញ​ស្ថិតិ​គ្រាប់​បាល់ ហើយ​ក៏​ដាក់​គោលដៅ​ជាមួយ​បេសកកម្ម​ Champions League នៅ​រដូវ​កាល​បន្ទាប់៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT