ងើប​ចេញ​ពី​ភ្លើងសង្គ្រាម​អ៊ុយក្រែន Roberto de Zerbi កែន​កំណត់ត្រា​ថ្មី ​ដឹក Brighton ឡើង UEL ជា​លើក​ដំបូង

លីគ​កំពូល​អង់គ្លេស Premier League នឹង​ត្រូវបិទ​បញ្ចប់​រដូវ​កាល ២០២២/២៣ ត្រឹម​ថ្ងៃ​ទី ២៨ ​ឧសភា​ខាង​មុខ តែ​យ៉ាង​ណា​កៅអី​នៅ​តំណែង​មួយ​ចំនួន​សម្រាប់​ពាន​រង្វាន់​អឺរ៉ុប ក៏​បាន​ធានា​រួចរាល់ ហើយ​ចាប់​អារម្មណ៍​បំផុត សារ​នេះ​គឺ​ជាមួយ​ក្លឹប Newcastle United និង Brighton&Hove Albion។

ក្រឡេក​ទៅ​សារិកា​ព្រៃ ឈោង​បាន​កៅអី Champions League បន្ទាប់​ខកខាន​អស់​រយៈ​កាល ២០ ឆ្នាំ ហើយ​កាន់​តែ​ពិសេស​និង​គួរ​ឲ្យ​ចងចាំ​បំផុត គឺ​កុក​សមុទ្រ Brighton នឹង​ដើរ​ចូល​កំណត់ត្រា​ថ្មី ក្រសោប​បាន​កៅអី Europa League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត។

សមិទ្ធផល​សម្រេច​បាន​សារ​នេះ គួរ​តែ​អរគុណ​ដល់​ការ​ខិតខំ​របស់​បណ្តា​កីឡាករ​ទាំង​អស់​ក្នុង​ក្លឹប ​ហើយ​ក៏​នឹង​មិន​អាច​មើល​រំលង នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នកចាត់ការ​វៃ​ឆ្លាត Roberto De Zerbi។ CTS Sports សារ​ត្រលប់​ថយ​ក្រោយ​អំពី​ការ​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​របស់​គ្រូ​សញ្ជាតិ​អ៊ីតាលី កាល​នៅ​ប្រទេស​អ៊ុយក្រែន មុន​អាច​កែន​ជោគជ័យ​ជា​ដុំកំភួន​ជូន​ក្លឹប​នៅ​ប្រទេស​អង់គ្លេស។

ត្រលប់​ទៅ​ល្បាក់​ខែ​កុម្ភៈ ដើម​ឆ្នាំ ២០២២ វិវាទ​នៃ​ភ្លើង​សង្រ្គាម​រវាង​រុស្ស៊ី ទៅ​លើ​អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង ជា​ហេតុ​នាំ​ឲ្យ​ការ​ប្រកួត​បាល់ទាត់​ទូទាំង​ផ្ទៃ​ប្រទេស​ត្រូវ​បាន​ផ្អាក ហើយ​វា​គឺ​ជា​ពេលវេលា​ដែល De Zerbi កំពុង​ដឹកនាំ​ក្លឹប Shakhtar Donetsk ឈរ​នៅ​កំពូល​តារាង Ukrainian Premier League។

ទឹកចិត្ត​គួរ​ឲ្យ​គោរព ​បើ​ទោះ​បី​មាន​ជម្រើស​អាច​ចាកចេញ​ពី​ប្រទេស​កំពុង​ស្ថិត​ក្នុង​ភ្លើង​សង្រ្គាម ហើយ​ត្រលប់​ទៅ​ដី​អ៊ីតាលីជាទីទួលសុវត្ថិភាព ក៏ De Zerbi មិន​ព្រម​ហោះ​ទៅ ហើយ​បែរ​លះបង់​ជីវិត​ស៊ូ​ស្លាប់​ស៊ូ​រស់​សម្ងំ​នៅ​ជាមួយ​នឹង​បណ្តា​កីឡាករ​ទាំង​អស់ ក្នុង​លេនដ្ឋាន​ក្រោម​ដី​មួយ​កន្លែង ស្ថិត​នៅ​សណ្ឋាគារ​ក្នុង​ទីក្រុង​កៀវ។

សម្រង់​សម្តី​អតីត​សមាជិក​ក្លឹប Shakhtar កីឡាករ Junior Moraes៖ “ពួក​គាត់​មាន​ជម្រើស ២ ក្នុង​ការ​ចាកចេញ​ពី​ទី​នោះ តែ​អ្នកចាត់ការ​ De Zerbi បាន​និយាយ​ច្បាស់ៗ​ថា អត់​ទេ ខ្ញុំ​នឹង​មិន​ទៅ​ណា​ទាំង​អស់ ខ្ញុំ​នឹង​នៅ​ទី​នេះ រហូត​ដល់​ដង្ហើម​ចុង​ក្រោយ”។

ស្ថានភាព​ត្រូវ​បាន​អូស​បន្លាយ​ច្រើន​ខែ រហូត​ដល់​ខែ​កញ្ញា ឆ្នាំ ២០២២ ទើប​អ្នកចាត់ការ​ចំណាំរៀប​ប្រព័ន្ធ ៤-២-៣-១ បាន​ផ្ទេរ​មក​ដឹកនាំ​ក្លឹប Brighton នោះ​គឺ​ចូល​មក​ជំនួស​តំណែង Graham Potter ដែល​បាន​ចាកចេញ​ទៅ​ដឹកនាំ Chelsesa។ ដំណាក់​កាល​ដំបូង​គ្មាន​នរណា​ជឿ​ទេ លើ​គុណភាព De Zerbi ទេ តែ​ដល់​លទ្ធផល​បង្ហាញ​មក​គឺ​ផ្ទុយ​ស្រឡះ​នឹង​ការ​គិត​របស់​មតិ​មើល​ស្រាល​ទាំង​អស់​នោះ៖

– លោក​បាន​ដឹកនាំ Brighton ​បញ្ចប់​ក្តី​ស្រមៃ​ឈ្នះ​ពាន Premier League របស់ Arsenal ដោយ​នៅ​ជើង​ទី​ពីរ ពួក​គេ​បាន​យក​ឈ្នះ​កាំភ្លើង​ធំ ៣-០

–  យក​ឈ្នះ Manchester United ទាំង​ក្នុង​និង​ក្រៅ​ដី​រដូវ​កាល​នេះ ជាមួយ​លទ្ធផល​ ២-១ និង ១-០

–  ទើប​តែ​ស្មើ​ទល់ Manchester City បញ្ចប់​ការ​ឈ្នះ ១២ ប្រកួត​ជាប់​របស់​ពួក​គេ​នៅ Premier League

–  ជា​ក្លឹប​ដែល​បាន​ទម្លាក់ Arsenal ពី EFL Cup និង​ទម្លាក់ Liverpool ពី FA Cup

មុន​ការ​បិទ​រដូវ​កាល​មួយ​ជុំ​សេសសល់ ពេល​នេះ Brighton ឈរ​លេខ​រៀង​ទី ៦ មាន ៦២ ពិន្ទុ ធានា​តំណែង​មួយ​នោះ​ឯង ក៏​ដូច​គ្នា​នឹង​កៅអី Europa League ដែល​មិន​ធ្លាប់​ស្គាល់​ជាតិ​បាន​ចូលរួម​ទាល់​តែ​សោះ ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប​មាន​អាយុ​កាល ១២១ ឆ្នាំ៕

ប្រភព៖ បរទេ

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT