ត្រង់​ហេតុផល​នេះ Courtois ​និយាយ​ចំៗ ថា​ចង់​ឃើញ Lukaku លើក​ពាន​ជា​ជាង De Bruyne

នៅ​សល់​ត្រឹម​រយៈ​ពេល​ជាង ២ សប្តាហ៍​ទៀត​ប៉ុណ្ណោះ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ Champions League នឹង​ចូល​មក​ដល់ ហើយ​លើ​ទំព័រ CTS SPORT ដែល​បងប្អូន​កំពុង​ស្តាប់ ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​ជំនួប​ពិសេស​នោះ​ផង​ដែរ ម្ល៉េះ​ក៏​ឆ្លៀត​ចុច Follow ជា​ការ​ចំណាំ​ទុក​ម្នាក់​មួយ​ឲ្យ​ហើយ​ទៅ។

Inter Milan នឹង​ត្រូវ​ត​ទល់ Manchester City ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​លើក​ពាន​រង្វាន់ ៣ នា​រដូវ​កាល​តែ​មួយ​ដូច​គ្នា ដ្បិត​អី​កន្លង​ទៅ​ក្លឹប​អ៊ីតាលី បាន​ឈ្នះ Supercoppa និង Coppa Italia រួចរាល់ ហើយ​រង់ចាំ​អ៊ុត​មើល​ឱកាស​នៅ Champions League មួយ​ប្រកួត​ទៀត ដោយឡែក​ងាក​ទៅ​ក្លឹប​អង់គ្លេស បាន​ឈ្នះ​ពាន​ធំ Premier League នៅ​ឡើយ FA Cup និង UCL ​ត្រូវ​កាត់សេចក្តី​ត្រឹម​មួយ​ប្រកួត​រៀង​គ្នា នា​ខែ​ក្រោយ។

ឥឡូវ​យើង​ងាក​មក​មតិ​យល់​ឃើញ​របស់​កីឡាករ​ក្លឹប Real Madrid គឺ​អ្នកចាំទី Thibaut Courtois បើ​ទោះ​បី​ក្លឹប​គេ​ចាញ់ តែ​នៅ​ប្រកួត​ខាង​មុខ សេសសល់​កីឡាករ​រួម​សញ្ជាតិ​បែលហ្សិក ២ រូប ហើយ​ក៏​ជា​ឱកាស​ដំបូង​របស់​អ្នក​ទាំង​ពីរ ក្នុង​ការ​ក្រសោប​ឱប​ពាន​ប្រចាំ​ទ្វីប Champions League លើកទីមួយ​ក្នុង​អាជីព។

ដូច​គ្នា​យើង​បាន​ដឹង នោះ​គឺ​ខ្សែ​បម្រើ Kevin de Bruyne របស់ City ត្រូវ​មក​តតាំង​មិត្ត​រួម​ជម្រើស​ជាតិ គឺ​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់ Inter។ រួច​បើ​សួរ​ថា ចុះ​មតិ​យល់​ឃើញ​របស់ Courtois ចង់​ឲ្យ​ក្លឹប​មួយ​ណា​កាន់​ពាន​ជាង? ចម្លើយ បាន​ឆ្លើយ​ឥត​ស្ទាក់ស្ទើរ​ត្រង់​ការ​ជ្រើស​យក​ក្លឹប​មក​ពី​ទីក្រុង Milan ជា​ជាង​ក្លឹប​ដែល​បាន​ទម្លាក់​ខ្លួន​កាល​ពី​ពាក់​កណ្តាល​ខែ។

ចំពោះ​ហេតុផល​មិន​បាន​ទាក់ទង​នឹង​ជីវិត​ឯកជន ឬ​រឿង​អាស្រូវ​ដណ្តើម​មិត្តស្រី​កាល​ពី​ជិត ១០ ឆ្នាំ​មុន​ឡើយ ផ្ទុយ​ទៅ​វិញ Courtois បាន​សង្កត់​ធ្ងន់ ថា​មក​ពី​ចំណង​មិត្តភាព​រវាង Lukaku ជិតដិត​ជាង​ជាមួយ De Bruyne។ នេះ​បើ​និយាយ​នូវ​រយៈ​ពេល​លេង​ឲ្យ​ប្រទេស​កំណើត​រួម​គ្នា អ្នក​ទាំង​បី បាន​សហការ​គ្នា​ជាង​ ១ ទសវត្ស​ប្រហែល​គ្នា តែ​ពិសេស​ត្រង់​អ្នកចាំទី​វ័យ ៣១ ឆ្នាំ ធ្លាប់​ឆ្លង​កាត់​ពេលវេលា​ឈរ​ជើង​រួម​ក្លឹប​តែ​មួយ ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​វ័យ ៣០ ឆ្នាំ កាល​នៅ Chelsea ល្បាក់ ២០១១ ដល់ ២០១៤។

ប្រាប់​នៅ​បទសម្ភាសន៍​ឲ្យ Prime Video អ្នកចាំទី​ក្លឹប​ស្តេច​ស បាន​លើក​ឡើង៖ “ខ្ញុំ​សង្ឃឹម​ថា Romelu [Lukaku] នឹង​អាច​ឈ្នះ​ពាន UCL ​ជា​ការ​ពិត​ការ​លើក​ឡើង​នេះ ដូច​ខ្ញុំ​ប្រឆាំង​នឹង Kevin [de Bruyne] តែ​វា​ត្រង់​ថា ខ្ញុំ​បាន​ស្គាល់ Lukaku នៅ​រយៈ​ពេល​យូរ​ជាង​បន្តិច”។

រំឭក​ឲ្យ​បងប្អូន​បាន​ដឹង​ដែរ​ថា ទាញ​ទៅ​រឿងរ៉ាវ​ខាង​ក្រៅ​ទីលាន ដើម​ឡើយ Courtois និង De Bruyne ធ្លាប់​ប៉ះ​ទង្គិច​គ្នា នៅ​ពេល​កីឡាករ​លេង​តំណែង​បម្រើ បែកបាក់​មិត្ត​ស្រី Caroline Lijnen ដែល​តាម​ទៅ​រស់នៅ​ជាមួយ​អ្នកចាំទី​បែលហ្សិក ហើយ​អត់​និយាយ​ចូល​គ្នា​អស់​រយៈ​កាល​ច្រើន​ឆ្នាំ មុន​មក​ត្រូវរ៉ូវ​ជា​ថ្មី​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ ស្រប​ពេល​ទី​បញ្ចប់​បាន​បែកបាក់ រក​បាន​មនុស្ស​ស្រី​ដទៃ​ជា​គូ​ជីវិត​រៀង​ខ្លួន។

បញ្ជាក់​ ស្ថិតិ​ឈរ​ជើង​របស់ Lukaku រដូវ​កាល​នេះ ៣៤ ប្រកួត ក៏​រក​បាន ១៣ គ្រាប់​និង Assist ៦ លើក ហើយ​ក៏​នឹង​ទទួល​បាន​មេដាយ​នាម​ម្ចាស់​ជើង​ឯក​ផង​ដែរ ដ្បិត​បើ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្លឹប​អាណាព្យាបាល Chelsea។ ចំណែក De Bruyne សកម្ម​ខ្លាំង​ដល់ ៤៧ ប្រកួត ក៏​រក​បាន ១០ គ្រាប់​និង Assist ២៨ លើក​ឯ​ណោះ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT