ហេតុផល​នេះ ទោះ​ឈ្នះ​ពាន ក៏ Man City គ្មាន​សិទ្ធ​បំពាក់​ផ្លាក​សញ្ញា​ឈ្នះ​ជើង​ឯក UCL នៅ​លើ​អាវ

បើ​អ្នក​ជា​អ្នក​គាំទ្រ​បាល់ទាត់​កាន់​ឆ្នាំ ក៏​ជា​អ្នក​និយម​ទស្សនា​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​ Champions League រៀងរាល់​រដូវ​កាល ក៏​ជឿ​ថា ​ប្រាកដ​មាន​ការ​ងឿងឆ្ងល់​ជាក់ជា​មិន​ខាន ដោយ​សួរ​ហេតុអ្វី​បណ្តា​ក្លឹប​បាល់ទាត់​មួយ​ចំនួន​មាន​សិទ្ធ​អាច​បំពាក់​ផ្លាក​សញ្ញា​នាម​ម្ចាស់​ជើង​ឯក UCL ជាមួយ​តួ​លេខ​ដែល​ពួក​គេ​ឈ្នះ និង​ក្លឹប​មួយ​ចំនួន​ផ្សេង​ទៀត បាន​ឈ្នះ UCL ជា​ហូរហែដែរ​ តែ​បែរ​គ្មាន​សិទ្ធ​ទៅ​វិញ។

នេះ CTS Sports សូម​ផ្សារភ្ជាប់​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​រដូវ​កាល ២០២២/២៣ ដែល Manchester City ត្រូវ​ប៉ះ Inter Milan នៅ​វេលា​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១១ ​មិថុនា ដោយ​បញ្ជាក់​ជា​មុន​ថា ចំណោម​ក្លឹប​ទាំង​ពីរ​មិន​ថា​ក្លឹប​ណា​មួយ បើ​ទោះ​បី​ឈ្នះ​ជើង​ឯក ក៏​រដូវ​កាល​ក្រោយ ពួក​គេ​មិន​មាន​សិទ្ធ​បំពាក់​ស្លាក​សញ្ញា​នាម​ក្លឹប​ជា​ម្ចាស់​ពាន​របស់ UEFA ដូច​ក្លឹប Real Madrid ឬ Liverpool ជា​ដើម​នោះ​ដែរ។

​សួរ​ថា​តើ​មក​ពី​មូលហេតុ​អ្វី​ទៅ? ពួក​យើង​ធ្វើ​ការ​បកស្រាយ ឲ្យ​ងាយ​យល់ ងាយ​ស្តាប់​បំផុត នោះ​គឺ​ត្រង់​វា​ជា​ច្បាប់​កំណត់​របស់​សមាគម​បាល់ទាត់​អឺរ៉ុប ដោយ​ដាក់​កំហិត​ឥត​កែប្រែ​បាន ​ត្រង់​ការ​បំពាក់​ផ្លាក​សញ្ញា​នាម​ម្ចាស់​ជើង​ឯក​ទៅ​លើ​អាវ អាច​ធ្វើ​បាន​តែ​សម្រាប់​ក្លឹប​បាន​ឈ្នះ​ពាន​រង្វាន់ UCL យ៉ាង​ហោច​ណាស់ ៥ សម័យ​កាល ឬ​ឈ្នះ UCL ៣ សម័យ​កាល​ជាប់ៗ​គ្នា។

ជា​ការ​ពិត​ចាប់​តាំង​ការ​បង្កើត​ឡើង​នៅ​ពាន European Cup ​ក្នុង​ឆ្នាំ ១៩៥៦ និង​ប្តូរ​ឈ្មោះ​មក​ជា Champions League នៅ ឆ្នាំ ១៩៩១ មាន​ដល់​ទៅ ២២ ក្លឹប​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់ តែ​មាន ៧ ក្លឹប​ប៉ុណ្ណោះ អាច​បំពាក់​ផ្លាក​សញ្ញា​ដ៏​ពិសេស និង​មាន​តម្លៃ​មួយ​នោះ​បាន។

តួ​យ៉ាង​គឺ Real Madrid ជា​ម្ចាស់​ជើង​ឯក ១៤ សម័យ​កាល, AC Milan ៧ សម័យ​កាល, Barcelona, Bayern Munich និង Liverpool ៥ សម័យ​កាល។ ដោយឡែក​បង្វែរ​ទៅ​ក្លឹប​ធ្លាប់​បាន​ឈ្នះ ៣ សម័យ​កាល​ជាប់ រួម​មាន Ajax នៅ​ឆ្នាំ ១៩៧១,៧២ និង ៧៣ ដូច​គ្នា​នឹង Bayern Munich នៅ​ឆ្នាំ ១៩៧៤,៧៥ និង ៧៦ ហើយ Real Madrid ជាន់​គ្នា​នេះ​ដែរ ធ្វើ​បាន​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ ២០១៦,១៧ និង ១៨។

ត្រង់​ហេតុផល​នេះ បើ​យើង​មក​គិតគូរ​ជាមួយ Man City បើ​ឈ្នះ​នៅ​រដូវ​កាល ២០២២/២៣ គឺ​ជា​លើក​ដំបូង ឬ​ទើប​តែ​លើក​ទី ១ ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ ដូច្នេះ​ត្រូវ​ការ ៤ លើក​ទៀត ទើប​អាច​ឈោង​ដល់​ការ​បំពាក់​ផ្លាក​ពិសេស​នោះ​បាន។ ចំណែក​ក្លឹប​អ៊ីតាលី Inter Milan កន្លង​មក​ពួក​គេ​ឈ្នះ ៣ លើក បើ​ថែម​សារ​នេះ ក៏​ទើប​តែ​បាន ៤ លើក​ប៉ុណ្ណោះ​ឯង។

បើ​ឆ្វែល​ទៅ​ពាន​លំដាប់​ពីរ UEFA Europa League ​ក៏​ឥត​ខុស​គ្នា​នឹង​ពាន​រង្វាន់​រៀម​ច្បង​ខាង​លើ​នោះ​ដែរ គឺ​យ៉ាង​ហោច​ណាស់​ឈ្នះ​ជើង​ឯក ៥ សម័យ​ ឬ​ឈ្នះ​ជាប់ៗ​គ្នា ៣ សម័យ​កាល។ សព្វថ្ងៃ​មាន​តែ​ក្លឹប Sevilla មួយ​ប៉ុណ្ណោះ ដែល​គ្រប់​លក្ខខណ្ឌ ទាំង​ចំនួន​ពាន ទាំង​ការ​ឈ្នះ​បី​ឆ្នាំ​ជាប់ បន្ទាប់​ការ​គ្រោង​លើក​ចុងក្រោយ​ទី ៦ កាល​ឆ្នាំ ២០២០ ហើយ​ក៏​រំពឹង​ឈាន​មក​ឈោង​យក​ឱកាស​លើក​ទី ៧ នៅ​ឆ្នាំ ២០២៣ នេះ។

ក្លឹប​បន្ទាប់​ផ្សេង​ទៀត ដែល​អាច​ដាក់​គោលដៅ​កៀក​បំផុត​មាន Inter Milan, Liverpool, Juventus និង Atletico Madrid ធ្លាប់​ឈ្នះ ៣ លើក។

ចុង​ក្រោយ​សូម​កុំ​ភ្លេច​ចុច Follow ឬ​ដាក់ See First ទុក​ម្នាក់​មួយ​ឲ្យ​ហើយ​ទៅ​ជាមួយ​ទំព័រ CTS SPORTS ដើម្បី​រង់ចាំ​ការ​ទស្សនា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ UCL និង UEL នៅ​ល្បាក់​ដើម​ខែ និង​ពាក់​កណ្តាល​ខែ​មិថុនា​ខាង​មុខ៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT