​ស្គាល់​ជាតិ​កាត​ក្រហម​លើក​ដំបូង ក៏​ជា​ថ្ងៃ​ស្រក់​ទឹកភ្នែក ដ៏ឈឺចាប់បំផុត​ក្នុង​អាជីព Vinicius Jr

ឈរ​ជើង​នៅ​ជិត ៣០០ ប្រកួត ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​ជិត ៦ ឆ្នាំ​មក​នេះ កាល​ពី​យប់មិញ​នៅ​ជំនួប​ទល់ Valencia គឺ​ជា​ពេលវេលា​លើក​ដំបូង ដែល Vinicius Jr ស្គាល់​ជាតិ​រង​ការ​ពិន័យ​កាត​ក្រហម ហើយ​កំហុស​សារ​នេះ ពុំ​បាន​កើត​ឡើង​ដោយ​ការ​ប៉ះ​ទង្គិច​ឬ​ស្លាយ​ទៅ​លើ​គូ​ប្រជែង​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​កើត​ឡើង​ដោយសារ​ទង្វើ​ព្យាយាម​ទាមទារ​ភាព​ត្រឹមត្រូវ និង​បញ្ឈប់​ការ​រើសអើង​ពណ៌​សម្បុរ។

រឿង​ហេតុ​ចាប់​កើត​ឡើង​នៅ​នាទី ៧០ ក្នុង​ជំនួប​ក្របខ័ណ្ឌ La Liga នៅ​ពេល​ការ​ប្រកួត​បាន​ផ្អាក គ្រា Vinicius រត់​ទៅ​ហៅ​អាជ្ញាកណ្តាល ហើយ​មក​ចង្អុល​និង​ស្រែក​ទៅ​តំបន់​អ្នក​គាំទ្រ Valencia នៅ​កីឡដ្ឋាន Mestalla ដែល​កីឡាករ​វ័យ ២២ ឆ្នាំ​អះអាង​ថា​ខ្លួន បាន​ទទួល​រង​ពាក្យ​រើសអើង ប្រមាថ​ឥត​ឈប់​ពី​ពួក​គេ​ទាំង​អស់​នោះ។

សកម្មភាព​មិន​ត្រូវ​បាន​បញ្ឈប់ ហើយ​កម្តៅ​ឡើង​កាន់​តែ​ខ្លាំង បន្ទាប់​កីឡាករ​ Real Madrid សំដៅ​ចូល​ទៅ​ជួយ​តវ៉ា ស្រែក​ដាក់​អ្នក​គាំទ្រ​ក្លឹប​ម្ចាស់ផ្ទះ ស្រប​ពេល​សមាជិក​ក្លឹប Valencia បាន​ព្យាយាម​ចូល​ទៅ​សម្រួល​ស្ថានការណ៍។ មួយ​រំពេច​ក្រោយ វា​បាន​ស្ងប់​ទៅ​វិញ​បន្តិច ហើយ​អ្នកចាត់ការ​លោក Carlo Ancelotti ព្យាយាម​និយាយ​លួង​ចិត្ត​ឲ្យ Vinicius បន្ត​ឈរ​ជើង​ក្នុង​ការ​ប្រកួត ដ្បិត​បើ​កីឡាករ​អះអាង​ចង់​ដើរ​ចេញ ចង់​បញ្ឈប់​ការ​ប្រកួត​ដោយ​ឯកឯង ជួន​ពេល Thibaut Courtois ពេល​នោះ ក្នុង​នាម​ជា​មិត្ត​រួម​ក្លឹប ជា​អ្នក​ប្រឆាំង​កាយវិការ​រើសអើង ក៏​និយាយ​ច្បាស់​ដែរ បើ Vinicius ដើរ​ចេញ ខ្លួន​ក៏​នឹង​ដើរ​ចេញ​ពី​ការ​ប្រកួត​ដូច​គ្នា។

ជា​លទ្ធផល​វា​បាន​បន្ត​ដោយ​ភាព​ស្ងាត់ស្ងៀម​ជាង ១០ នាទី​ មុន​កំហឹង​ផ្ទុះ​ឡើង​ជា​ថ្មី នៅ​កៀក​បញ្ចប់​ការ​ប្រកួត ដល់​អ្នកចាំទី Giorgi Mamardashvili និង​កីឡាករ​បម្រុង Hugo Duro មក​រុញ មក​ច្រាន Vinicius ហើយ​អាជ្ញាកណ្តាល​សម្រេច​ផ្តល់​កាត​លឿង ឲ្យ Vinicius និង Mamardashvili តែ​ក្រោយ​ពិនិត្យ VAR មួយ​រំពេច​ក្រោយ​នោះ ក៏​សម្រេច​ជា​ថ្មី គឺ​ពិន័យ​កាត​ក្រហម​ដោយ​ផ្ទាល់​តែ​ម្តង ដល់​កីឡាករ​ប្រេស៊ីល វា​ជា​កាត​ក្រហម​លើក​ទី​មួយ​ក្នុង​អាជីព​របស់​គេ។

បន្ទាប់​ចប់​ការ​ប្រកួត ការ​បរាជ័យ​របស់ Real Madrid គឺ​ជា​រឿង​មួយ​ឡែក តែ​អ្នកចាត់ការ​លោក Carlo Ancelotti បាន​លើក​ឡើង៖ “ខ្ញុំ​អត់​ចង់​និយាយ​ទេ បាល់ទាត់​សព្វថ្ងៃ​វា​គ្មាន​ន័យ​អី​ទាំង​អស់ ខ្ញុំ​ប្រាប់​អាជ្ញាកណ្តាល​ពេល​នោះ ថា​គាត់​គួរ​តែ​បញ្ឈប់​ការ​ប្រកួត​នេះ​តែ​ម្តង​ទៅ នេះ​មនុស្ស​សឹង​មួយ​កីឡដ្ឋាន​បាន​ស្រែក​រើសអើង​មក​កាន់​កីឡាករ ខ្ញុំ​នៅតែ​ប្រកាន់​គោលជំហរ​នេះ​ដូច​គ្នា បើ​ទោះ​បី​ក្រុម​ខ្ញុំ​ឈ្នះ ៣-០ ក៏​ដោយ”។

ស្រប​ពេល​ដែល Vinicius សាមី​ខ្លួន​រង​ការ​រើសអើង ដល់​ស្រក់​ទឹក​ភ្នែក ក៏​បាន​លើក​ឡើង៖ “នេះ​មិនមែន​ជា​លើក​ទី ១ ទី ២ ឬ​ទី ៣ ទេ តែ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ការ​រើសអើង​យូរ​ទៅ​វា​ក្លាយ​ជា​ទង្វើ​ធម្មតា​នៅ La Liga នេះ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ បែរ​គិត​ថា​វា​ជា​រឿង​ធម្មតា ដូច​គ្នា​នឹង​ខាង​ក្លឹប​គូ​ប្រជែង បែរ​ជា​គាំទ្រ​ឲ្យ​រឿង​នេះ​ឲ្យកើត​ឡើង​ទៅ​វិញ”។

“ខ្ញុំ​មាន​ការ​សោកស្តាយ​ណាស់ កន្លែង​ឈ្នះ​ពាន​រង្វាន់​ធ្លាប់​ជា​របស់ Ronaldinho, Ronaldo Nazario, Cristiano Ronaldo និង Lionel Messi បែរ​ថ្ងៃ​នេះ ប្រែ​មក​ក្លាយ​ជា​កន្លែង​រើសអើង​គ្នា​ទៅ​វិញ ខ្ញុំ​សុំទោស​សម្រាប់​បងប្អូន​ជនជាតិ​អេស្ប៉ាញ​ដែល​មិន​យល់ស្រប តែ​ខ្ញុំ​សុំ​និយាយ​ដោយ​ច្បាស់​ថា នៅ​ទឹកដី​ប្រេស៊ីល​សព្វថ្ងៃ រាប់​ចូល​អេស្ប៉ាញ​ជា​ប្រទេស​ដែល​មាន​ការ​រើសអើង​ខ្ពស់​បំផុត”។

គួរ​ឲ្យ​ដឹង​ថា បន្ទាប់​កើត​មាន​រឿង​នេះ​ឡើង ក៏​មាន​កីឡាករ​រួម​អាជីព ទាំង​ក្នុង​និង​ក្រៅ​ក្លឹប​ជា​បន្តបន្ទាប់ បាន​បង្ហាញ​សារ​គាំទ្រ ការ​លើក​ទឹកចិត្ត​ដល់ Vinicius តួ​យ៉ាង​ដូច​សមាជិក​មួយ​ផ្នែក​ធំ​របស់ Real Madrid រួម​ទាំង Kylian Mbappe, Neymar Jr, Achraf Hakimi, Riyad Mahrez, Richarlison, Reece James និង​លោក Rio Ferdinand ជា​ដើម បាន​កៀរគរ​ Mention កំពូល​កីឡាករ​ជា​ច្រើន ឲ្យ​បន្ត​គាំទ្រ និង​បញ្ឈប់​ទង្វើ​រើសអើង​ពណ៌​សម្បុរ​នៅ​គ្រប់​សកម្មភាព​ជា​បន្ទាន់៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT