មាន​ជួប​គង់​មាន​បែក តារា​ឆ្នើម​កាន់​ឆ្នាំ ៥ រូប សម្រក់​ទឹក​ភ្នែក​ចែក​ផ្លូវ ​​នៅ​រដូវ​ក្តៅ ២០២៣

គ្មាន​ការ​ជួបជុំ​ណា ដែល​ថា​មិន​មាន​ការ​បែកបាក់​នោះ​ឡើយ ​ឆ្នាំ​នេះ​ឈរ​ជើង​រួម​គ្នា ឆ្នាំ​ក្រោយ​អាច​ចាកចេញ ក្លាយ​ជា​គូ​ប្រជែង​ក៏​មាន។ លើស​តែ​ពី​លទ្ធផល​ឈ្នះ​ចាញ់ បាល់ទាត់​ក៏​អាច​ឲ្យ​មនុស្ស​ស្រក់​ទឹក​ភ្នែក​បាន​ដែរ ជា​ពិសេស​នៅ​ថ្ងៃ​ត្រូវ​ដើរ​ចេញ​ពី​ក្លឹប​កាន់​ឆ្នាំ ក៏​ឥត​ខុស​ពី​ផ្ទះ​ដែល​បាន​រួមរស់​អស់​ច្រើន​រដូវ​កាល។

ជា​ដំណឹង​ផ្លូវការ កីឡាករ​ឈរ​ជើង​ឲ្យ​ក្លឹប​កាន់​ឆ្នាំ​ទាំង ៥ រូប បាន​ប្រកាស​អំពី​ដំណើរ​ចែក​ផ្លូវ ក្រោម​ហេតុផល​ផុត​សុពលភាពកុងត្រា រួច​ពុំ​មាន​ការ​បន្ត​ថ្មី៖

៥) Milan Skriniar

ជញ្ជាំង​ការពារ​ដ៏​រឹងមាំ​របស់​ក្លឹប​អ៊ីតាលី Inter Milan បាន​មក​ចុះចូល​នៅ​រដូវ​ក្តៅ ឆ្នាំ ២០១៧ ហើយ​គិត​មក​ទល់​បច្ចុប្បន្ន ឆ្លង​កាត់​រយៈ​ពេល ៦ ឆ្នាំ។ កំឡុង​ពេល​ឡើង​ជើង​ខ្លាំង កីឡាករ​សញ្ជាតិ​ស្លូវ៉ាគី ក៏​ធ្លាប់​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​តាម​ចែចូវ ចង់​ថ្ពក់​ចេញ​ពី​ទឹកដី San Siro តួ​យ៉ាង​មាន​តាំង​ពី Barcelona តែ​គេ​នៅ​ដាក់​ឆន្ទៈ​ស្មោះស្ម័គ្រ ឈរ​ជើង​ជាមួយ​ក្លឹប​មក​ទល់​ថ្ងៃ​ចុង​ក្រោយ។

មិន​ទាន់​មាន​ដំណឹង​អំពី​ទ្រនំ​បន្ទាប់​របស់ Skriniar ដោយ​នេះ​ទំនង​រង់ចាំ​ដល់​បញ្ចប់​ភារកិច្ច​ធំ ការ​តតាំង Man City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League សិន​ក៏​ថា​បាន។

៤) Roberto Frimino

តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល ទើប​តែ​រក​បាន​គ្រាប់​បាល់​សំខាន់​ឲ្យ Liverpool តាម​ស្មើ Aston Villa នៅ​សល់​ដង្ហើម Champions League ក៏​ប៉ុន្តែ​ពេលវេលា​នៅ​មុខ​អ្នក​គាំទ្រ​ក្នុង​ទឹកដី Anfield គឺ​បាន​បញ្ចប់​រួចរាល់។

ក្នុង​នាម​ជា​កូន​ប្រុស Firmino បាន​ស្រក់​ទឹក​ភ្នែក ​នៅ​អត្ថន័យ​បង្កប់​ទៅ​ដោយ​ការ​នឹករលឹក ការ​ចងចាំ​អនុស្សាវរីយ៍​ល្អៗ ជាមួយ​ក្លឹប Liverpool ដែល​បាន​ឈរ​ជើង​តាំង​រដូវ​ក្តៅ ឆ្នាំ ២០១៥។ តាម​ចចាមអារ៉ាម​ទ្រនំ​បន្ទាប់​របស់​កីឡាករ​វ័យ ៣១ ឆ្នាំ ទំនង​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ស្ថិត​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

៣) James Milner

មិន​ខុស​ពី Firmino សម្រាប់ Milner ក៏​ចាកចេញ​នៅ​រដូវ​ក្តៅ​ខាង​មុខ​តែ​មួយ​ដូច​គ្នា បន្ទាប់​រួមរស់​តាំង​ឆ្នាំ ២០១៥។ យ៉ាង​ណា​ខ្សែ​បម្រើ​ចាស់​វស្សា​ខាង​លើ ក៏​ទទួល​បាន​ការ​លា​ដ៏​កក់ក្តៅ​ផង​ដែរ នៅ​ប្រកួតលើក​ចុង​ក្រោយ​ក្នុង​ទឹកដី Anfield មុន​ការ​ចែក​ផ្លូវ។ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports ក្លឹប​រួម​លីគ Brighton ​ទំនង​ជា​ផ្ទះ​ថ្មី របស់​កីឡាករ​វ័យ ៣៧ ឆ្នាំ។

២) Phil Jones

នៅ​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ ទោះ​មិន​សូវ​បាន​លេង​ជាប់លាប់ ក៏​កីឡាករ​អង់គ្លេស​នៅ​បន្ត​ស្ម័គ្រស្មោះ​ជាមួយ​ក្លឹប​ម្ចាស់ដី Old Trafford តែ​យ៉ាង​ណា​រដូវ​ក្តៅ ២០២៣ នៅ​តែ​ជា​ពេលវេលា​ឥត​អាច​ប្រកែក​បាន អំពី​ដែន​បញ្ចប់​របស់ Jones។ មក​ចូលរួម​តាំង​ឆ្នាំ ២០១១ សរុប​គឺ​រយៈ​ពេល ១២ ឆ្នាំ ជា​ក្លឹប​ទី​ពីរ​ក្នុង​អាជីព​បន្ទាប់​ Blackburn Rovers។

១) Sergio Busquets

អ្នក​ដែល​គួរ​ឲ្យ​សោកស្តាយ​បំផុត ក្នុង​ចំណោម​អ្នក​ទាំង ៥ គឺ​ជា​តារា​ចាស់​វស្សា Busquets ដ្បិត​អី Barcelona ជា​ក្លឹប​តែ​មួយ​គត់​ក្នុង​អាជីព​របស់​លោក​តាំង​តែ​ពី​ដើម​មក។ នេះ​បើ​រាប់​ទាំង​ជាមួយ​ឈុត​ថ្នាល​ចូល​ជិត ២ ទសវត្ស បើ​ជាមួយ​ឈុត​ធំ គឺ​រយៈ​ពេល ១៥ ឆ្នាំ​ពេញ មុន​ប្រកាស​ចាកចេញ។

កាដូ​ចុង​ក្រោយ​សម្រាប់​កីឡាករ​អេស្ប៉ាញ គឺ​ពាន​រង្វាន់ La Liga ដែល​ទើប​ឈ្នះ​ថ្មីថ្មោង ហើយ​អំពី​ទ្រនំ​បន្ទាប់ ល្ហៀងៗ​អាច​ជា​ផ្លាស់​ទៅ​ក្លឹប​នៅ​មជ្ឈិមបូព៌ា ឬ​ខាង​ប៉ែក​សហរដ្ឋអាមេរិក មុន​ការ​ចូល​និវត្ត៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT