នៅក្នុងកីឡាបាល់ទាត់ មានការបែកចែកតំណែង ឬ Role លើទីលាន មានអ្នកចាំទី ខ្សែការពារ បម្រើ និងប្រយុទ្ធ ហើយជាទូទៅបើប្តូរបម្រើមកការពារ ឬពីបម្រើទៅប្រយុទ្ធ វារមែងច្រើនកើតឡើង តែបើប្តូរ Role ដទៃ មកជំនួសតំណែងចាំទី ឬយើងហៅកាត់ GK (Goalkeeper) នោះ វាកម្រនឹងកើតឡើងខ្លាំងណាស់។
លុះត្រាតែកាលៈទេសៈបង្ខំ ឧទាហរណ៍ដូចក្នុងករណីអ្នកចាំទីដៃទីពីរ ទីបីចៃដន្យរបួសព្រមគ្នា ឬម្យ៉ាងវិញទៀត អ្នកចាំទីដែលប្តូរចេញពីកៅអីបម្រុងម្តងហើយ រងពិន័យកាតក្រហមនាពេលបន្ទាប់។ CTS Sports រំឭកពេលវេលា ៣ លើក ដែលកីឡាករមិនចំតំណែង ឡើងមកចាំទី ហើយលទ្ធផលចប់ការប្រកួត យើងនឹងធ្វើការបង្ហាញដូចតទៅនេះ៖
៣) Kyle Walker ចាំទីឲ្យ Man City
វិលត្រលប់ទៅខែវិច្ឆិកា ឆ្នាំ ២០១៩ រាប់ជាលើកចុងក្រោយហើយ មានរឿងបែបនេះកើតឡើងនៅបាល់ទាត់កម្រិតកំពូល។ ចាំបានកាលនោះ សំពៅមាស City ចូលទៅជួបម្ចាស់ផ្ទះ Atalanta ក្នុងវគ្គចែកពូល Champions League។
នៅជម្រើស ១១ នាក់ដំបូង ដើមឡើយ Ederson ជាអ្នកចាំទីធម្មតា ដល់នាទី ៤៥ ចូលតង់បន្ទាប់ ក៏ប្តូរដៃទីពីរ Claudio Bravo ចូលជំនួសដៃទីមួយ។ ឈរជើងដល់នាទី ៨១ ក៏ស្រាប់ Bravo រងពិន័យកាតក្រហម នាំឲ្យ City អស់អ្នកចាំទី ហើយថយកីឡាករសល់ ១០ នាក់។
ជាលទ្ធផល Pep Guardiola បានពិភាក្សាជាមួយគ្រូបង្វឹកផ្នែកចាំទីប្រចាំក្លឹប ហើយជម្រើសសេសសល់កីឡាករបម្រុងក្នុងដៃដៃពេលនោះ រួមមាន Kyle Walker, John Stones, Angelino, Tommy Doyle និង Eric Garcia។
ដល់តែការសម្រេច Guardiola បានជ្រើសយក Walker ឲ្យចូលចាំទីជំនួស ក៏ដោយសារហេតុផលជឿលើខ្សែការពារសញ្ជាតិអង់គ្លេសមានភាពរហ័ស និងជានិច្ចកាលនៅពេលហ្វឹកហាត់ក៏ម្តងម្កាលដើរតួជាអ្នកចាំទីផងដែរ។ នៅជាង ១០ នាទីចុងក្រោយ Walker ក៏បានចាប់បាល់ដែលស៊ុតសំដៅមកប៉ុន្មានជើង រារាំងមិនឲ្យចូលទី។
២) Harry Kane ចាំទីឲ្យ Spurs
ធ្លាប់តែជាម៉ាស៊ីនស៊ុត ដល់ប្រែមកជាអ្នកចាំទី ប្លែកភ្នែកម្យ៉ាងដែរ នេះកាលឆ្នាំ ២០១៤ ក្នុងពាន Europa League ក្លឹប Spurs ប្រកួតប៉ះក្លឹបក្រិក Asteras Tripolis។ វាចំពេលដែល Hugo Lloris ត្រូវបានអាជ្ញាកណ្តាលលើកកាតក្រហមពិន័យនៅនាទី ៨៧ ក៏ចៃដន្យក្លឹប Spurs ធ្វើការផ្លាស់ប្តូរកីឡាករគ្រប់ចំនួនកំណត់ អ៊ីចឹងមានតែបង្ខំចិត្តត្រូវប្រើប្រាស់កីឡាករមានស្រាប់ ១ ក្នុងចំណោម ១០ រូបកំពុងឈរជើងលើទីលាន។
ខ្សែប្រយុទ្ធ Kane ជាអ្នកដើរទៅស្នងស្រោមដៃបន្តពី Lloris នៅប៉ុន្មាននាទីសេសសល់ បន្ទាប់តែប្រកួតនោះគេធ្វើបាន Hat-trick ជាចំណែកជួយក្លឹបនាំមុខ ៥-០ រួចទៅហើយ។ យ៉ាងណាដល់នាទី ៨៩ ខាងក្លឹបភ្ញៀវមានឱកាសស៊ុតបាល់ Free-kick ហើយ Barrales ទាត់មួយជើងកោងចូលស្រាលៗ ខណៈ Kane យកដៃទប់បាល់ចូលថ្នក់ជាប់ដែរ តែក្រោយមកក្រឡករបូតពីដៃចូលទីទាល់តែបាន។
១) Rio Ferdinand ចាំទីឲ្យ Man Utd
នៅថ្ងៃទី ០៨ មិនា ២០០៨ ក្នុងពានរង្វាន់ FA Cup ក៏ធ្លាប់កើតមានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលផងដែរ ពេលនោះស្រដៀងនឹងករណីខាងលើ ដោយអ្នកចាំទីដៃទីមួយ Edwin van der Saar បានជួបរបួស រួច Sir Alex ក៏បំពេញចូលដៃទីពីរ Tomasz Kuszczak តែឈរជើងដល់នាទី ៧៩ បង្កកំហុសក្នុងប្រអប់ ក៏នាំឲ្យអាជ្ញាកណ្តាលសម្រេចចិត្តហូតចេញកាតក្រហម។
នេះទាល់ហើយ United អស់អ្នកចាំទីបម្រុងអាចប្តូរចូល អ៊ីចឹងមានតែប្រើកីឡាករក្រៅជំនាញមកចាប់បាល់ ១១ ម៉ែត្រជំនួស រួចជម្រើសរបស់គ្រូតាគឺយកខ្សែការពារ Rio Ferdinand។ ជាលទ្ធផលការស៊ុតរបស់ខ្សែប្រយុទ្ធ Milan Baros សំដៅមកជ្រុងខាងស្តាំ ក៏ចំពេល Ferdinand ហក់ទៅត្រូវខ្យល់បាល់ដែរ តែស្ទើរដៃបន្តិច មិនអាចសង្រ្គោះវាបាន។ ក្លឹប Portsmouth បានយកឈ្នះមួយគ្រាប់នោះឯង ទម្លាក់ United ពី FA Cup រួចបន្តដំណើរទៅដល់ឈ្នះពានរង្វាន់៕
ប្រភព៖ បរទេស