នាពេលចុងក្រោយ Manchester City កំពុងតែសន្សំបាននូវគ្រាប់ពេជ្រភ្លឺចិញ្ចាចជាច្រើនគ្រាប់ ហើយមួយក្នុងចំណោមនោះ ក៏អាចរាប់បញ្ចូលយុវជនឆ្នើមអាហ្សង់ទីន Julian Alvarez ម្នាក់ផងដែរ។ មកទល់សព្វថ្ងៃ បើ City គិតចេះលក់ចេញ គឺវាអាចចំណេញលុយលើគោក គុណទ្វេជា ២ ជា ៣ តែយ៉ាងណាក្លឹបដឹកនាំដោយអ្នកចាត់ការ Pep Guardiola ហាក់ដាក់ផែនការណ៍វែងឆ្ងាយតទៅមុខ ជាមួយកីឡាករវ័យ ២៣ ឆ្នាំ៖
តើអ្នកមានដឹងទេថា កំលោះរួមសញ្ជាតិនឹង Leo Messi កន្លងមកបានសម្រេចផ្លែផ្កាជាហូរហែ ហើយចំណុចគួរឲ្យចាប់អារម្មណ៍បំផុត គ្រប់ការប្រលូកលើកដំបូងនៅពានរង្វាន់នោះ គឺ Alvarez តែងតែឈ្នះជើងឯកជានិច្ច ពោលដល់ទៅ ៦ ពាន ដោយឡែកនេះក៏កំពុងសម្លឹងពានរង្វាន់នៅចំពោះមុខ ៣ ផ្សេងទៀតដែរ សល់ត្រឹម ៣ ប្រកួតអាចសម្រេច៖
៦) ឈ្នះជើងឯក Copa Libertadores
នេះជាពានរង្វាន់កម្រិតខ្ពស់បំផុតប្រចាំបាល់ទាត់អាមេរិកខាងត្បូង ហើយ Alvarez ដែលទើបឡើងមកឈុតធំ River Plate ថ្មីថ្មោង កាលនោះក៏ចូលរួមចំណែកឈរជើងលើទីលានបានជាង ២០ នាទី ចំពេលក្លឹបឆ្ពោះទៅមុខដល់ក្លាយជាម្ចាស់ពាន ក្រោយបំបាក់ Boca Juniors ៥-៣ កាលឆ្នាំ ២០១៨។
៥) ឈ្នះជើងឯក Copa Argentina
យុវជនលេងតំណែងប្រយុទ្ធប្រអប់ បានមកចូលរួមជាមួយ River Plate ពេញសិទ្ធ នៅរដូវរងា ឆ្នាំ ២០១៩ ឯណេះ ហើយវាក៏ជាឱកាសលើកដំបូងសម្រាប់គេ នៅប្រកួតពានក្នុងស្រុក Copa Argentina ជម្រុះចម្រាញ់ក្លឹបទាំង ៨៧ នៅរយៈកាលជិតមួយឆ្នាំពេញ។ ជាលទ្ធផលវគ្គផ្តាច់ព្រ័ត្រ River Plate បានយកឈ្នះ ៣-០ ទៅលើ Central Cordoba ហើយក៏មានចំណែកគ្រាប់បាល់កីឡាករខាងលើផងដែរ។
៤) ឈ្នះជើងឯក Recopa Sudamericana
វាជាពានរង្វាន់ប្រចាំទ្វីប រៀបចំឡើងដោយសហព័ន្ធ CONMEBOL លេងពីរជើងយកឈ្នះចាញ់ រវាងម្ចាស់ជើងឯកពាន Copa Libertadores ទល់ Copa Sudamericana នារដូវកាលចាស់។ ក្លឹបរបស់ Alvarez គឺ River Plate បានយកឈ្នះក្លឹបប្រេស៊ីល Athletico Paranaense ៣-១ រួចក៏មានចំណែកមេដាយជើងឯកសម្រាប់គេផងដែរ នៅឱកាសលើកដំបូង។
៣) ឈ្នះជើងឯក Copa America
យើងបត់មកការលេងឲ្យជម្រើសជាតិអាហ្សង់ទីន Alvarez បានបង្ហាញខ្លួនលើកដំបូង នៅចំវគ្គជម្រុះបឋម World Cup កាលឆ្នាំ ២០២១ ហើយដល់ Copa America ក្នុងឆ្នាំនោះ ក៏មានពេលវេលាឈរជើងជាង ៣០ នាទីផងដែរ។ មិនគួរឲ្យជឿ ដែលពពកសអាហ្សង់ទីនខកខានឈ្នះតាំងឆ្នាំ ១៩៩៣ បែរមកអាចកាន់ពាននោះជាថ្មី នៅឆ្នាំ ២០២១ ក៏ចំពេល Alvarez មានវត្តមាន ទទួលមេដាយពានលំដាប់ទ្វីបមួយធូរៗ។
២) ឈ្នះជើងឯក Finalissima
ពានដែលខកខានលេងជិត ២ ទសវត្សក៏រំលេចមករៀបចំជាថ្មី នៅឆ្នាំបន្ទាប់នោះ ២០២២ ដែលអាហ្សង់ទីន តំណាងជើងឯក Copa America បានយកឈ្នះទៅលើជើងឯក European Championship គឺអ៊ីតាលី។ ឥតខុសការគិតរបស់អ្នករាល់គ្នា បុរសជាប់រហស្សនាម “កូនពីងពាងតូច” ក៏មានឈ្មោះរាប់បញ្ចូលផងដែរ។
១) ឈ្នះជើងឯក World Cup
មហាព្រឹត្តិការណ៍ធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង ២០២២ ក្នុងទឹកដីប្រទេសកាតារ គឺជាលើកដំបូងបង្អស់ហើយក្នុងអាជីពកីឡាករជំនាញជើងស្តាំ។ មិនដឹងថា ចៃដន្យ ឬជារៀបចំរបស់ទេវតាមកពីឋានណា នេះអាហ្សង់ទីនបានបន្តឈ្នះពានលំដាប់ពិភពលោក សំណាងចំពេល Alvarez ទើបប្រលូកថ្មីថ្មោង តែបានចូលរួមចំណែកច្រើន រកបាន ៤ គ្រាប់ Assist ១ ចាំបំផុតជាតួឯកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ក្រូអាត។
សរុបមកឲ្យតែពានលើកដំបូងដែល Alvarez ចូលរួមគឺតែងតែបានឈ្នះ ដល់ឥឡូវជាមួយ Man City នារដូវកាលដំបូង បើយប់ស្អែកឈ្នះ Chelsea គឺគេបានបន្ថែមមេដាយ Premier League មួយទៀតហើយ រួចតទៅខែបន្ទាប់មិថុនា បើឈ្នះ Man Utd ឈ្នះ Inter Milan នោះក៏នឹងបន្ថែម FA Cup ដូចគ្នានឹង Champions League ពីរផ្សេងថែមទៀត៕
ប្រភព៖ បរទេស