ទប់នោះទប់ តែ Roma គេទប់យកឈ្នះ វាជាយុទ្ធសាស្រ្តចតឡានក្រុង ឬ Parking the bus មានស្ថាបនិកជាអ្នកចាត់ការលោក Jose Mourinho បង្កើតឡើងជិត ២ ទសវត្សមកហើយ ដល់តែពេលចុងក្រោយបានយកមកអនុវត្តជាថ្មី ក៏ឃើញថា នៅជោគជ័យដូចចិត្ត ជាមួយលទ្ធផលទម្លាក់ Bayer Leverkusen កាលពីពេលថ្មីថ្មោង។
យ៉ាងណាត្រលប់ទៅមុននេះ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ ក៏បានសាងជោគជ័យគាស់ចោលកំណត់ត្រាអាក្រក់របស់ក្លឹបធំៗជាច្រើន រួចឆ្ពោះទៅជំហានបន្ទាប់ ក៏មានមតិជាច្រើនលើកឡើង ថាបុរសជាប់រហស្សនាម “Special One” គួរជាដំណោះស្រាយតែមួយគត់ នឹងអាចដោះបញ្ហាមិនស្គាល់ជាតិកាន់ពាន UCL របស់ PSG៖
៦) នាំ Porto ឈ្នះពានផ្អើលដីអឺរ៉ុប
Champions League មួយក្នុងចំណោមពីរគ្រឿង ដែល Mourinho ធ្លាប់បានឈ្នះ គឺមានមួយកើតឡើងដំបូងបង្អស់ ជាមួយក្លឹបព័រទុយហ្គាល់។ ប្រវត្តិសាស្ត្រក្លឹបខាងលើ ខកខានឈ្នះតាំងឆ្នាំ ១៩៨៧ លុះរំលង ១៧ ឆ្នាំក្រោយ ក៏អ្នកចាត់ការខាងលើ ជាអ្នកត្រួសត្រាយដល់យកវាបាន ហើយឥឡូវឆ្លងចូលជិត ២ ទសវត្ស គ្រូក្រោយៗរបស់ FC Porto មិនទាន់មានអ្នកធ្វើបានដូច។
៥) បញ្ចប់កំណត់ត្រាអាក្រក់របស់ Chelsea
ក្លឹបតោខៀវ បានខកខានការឈ្នះពានលីគកំពូលអង់គ្លេស តាំងរដូវកាល ១៩៥៤/៥៥ ដល់តែរដូវកាលដំបូង នៃការមកដឹកនាំរបស់ Mourinho ពោលនារដូវកាល ២០០៣/០៤ ក៏ស្រាប់ក្លឹបអាចក្លាយជាម្ចាស់ជើងឯក ហើយនេះអាចធ្វើបានពីររដូវកាលជាប់គ្នាទៀតផង។
៤) លុបចោលកំណត់ត្រាអាក្រក់ ៤៥ ឆ្នាំនៅ Inter
Inter Milan បាន Mourinho នេះហើយ ជាអ្នកកាយចោលប្រវត្តិសាស្រ្តអាក្រក់ រំដោះមកកាន់ពានអឺរ៉ុបជាថ្មី បន្ទាប់ខកខានតាំងឆ្នាំ ១៩៦៥។ កើតឡើងក្នុងឆ្នាំ ២០១០ វាជាពាន UCL ទី ៣ របស់ក្លឹបអ៊ីតាលី និងទីពីររបស់គ្រូសញ្ជាតិព័រទុយហ្គាល់ ហើយជាប់គាំងមកទល់សព្វថ្ងៃ។
៣) ដឹក Real Madrid កាន់ពាន King’s Cup
វាជាពានរង្វាន់ដែលបងប្អូនយើងស្គាល់ថា Copa del Rey ហើយអធិរាជស ធ្លាប់រំលងការឈ្នះវា ដល់ទៅ ១៨ ឆ្នាំ មិនថាជើងខ្លាំង Vicente del Bosque ឬ Bernd Schuster ចូលមកដឹកនាំ ក៏មិនជោគជ័យនោះដែរ ដល់តែ Mourinho ចូលមកដឹកនៅរដូវកាលដំបូង ក៏សម្ភោធឈ្នះពាននោះភ្លែត នៅឆ្នាំ ២០១១។
២) ជាអ្នកកាន់ពានអឺរ៉ុបឲ្យ United បន្តពី Sir Alex
ក្រៅតែពី Sir Alex Ferguson ដឹកនាំ United ឈ្នះ UCL នៅរដូវកាល ២០០៧/០៨ បន្តបន្ទាប់មក មិនធ្លាប់ស្គាល់ជាតិកាន់ពានអឺរ៉ុបណាមួយទៀតឡើយ ហើយប្តូរគ្រូ ២-៣ ទើបតែមកត្រូវជាមួយ Mourinho ត្រួសត្រាយឲ្យបិសាចក្រហម ឈ្នះ Europa League ជាពានអឺរ៉ុបខកខាន ៩ ឆ្នាំ។
១) សាងកំណត់ត្រា ២ រដូវកាលផ្ទួនឲ្យ Roma
ដូចគេថាមែន មនុស្សខ្លាំងទៅដល់ទីណា រមែងចម្រើននៅទីនោះ នេះ Roma ជាក្លឹបសឹងគេបំភ្លេចចោល ពីបញ្ជីក្លឹបកំពូល បែរមកក្លាយជាក្លឹបអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុប ២ រដូវកាលជាប់។
នៅឆ្នាំដំបូង Mourinho ដឹកនាំ Roma ឈ្នះពាន Europa Conference League ដល់រំលងចូលឆ្នាំបន្ទាប់នេះ អាចឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Europa League ថែមទៀត។ បើឈ្នះ វាក៏នឹងបន្ថែមការកត់ត្រាកំណត់ត្រាថ្មីទៀតហើយ តែសារនេះ មើលទៅរាងតឹង ព្រោះត្រូវប៉ះគីឡូធ្ងន់ជាស្តេចក្លឹបនៅ UEL គឺ Sevilla៕
ប្រភព៖ បរទេស