បន្ទាប់ឆ្លងកាត់ការជម្រុះចម្រាញ់ តាំងពីវគ្គចែកពូលអស់រយៈពេលជាងកន្លះឆ្នាំ ទីបំផុតយើងក៏សម្រេចយកបានក្លឹបទាំងពីរចុងក្រោយ បន្តឡើងមកប៉ះគ្នាដណ្តើមពានរង្វាន់ UEFA Champions League រដូវកាល ២០២២/២៣។
នេះគឺជាវគ្គផ្តាច់ព្រ័ត្រលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលក្លឹបអ៊ីតាលី Inter Milan ត្រូវជួបគ្នា តទល់ក្លឹបសំពៅមាស Manchester City មកពីអង់គ្លេស ដ្បិតអតីតកាលស្គាល់ជាតិសាកល្បងជើងទៅមកដែរ តែត្រឹមការប្រកួតមិត្តភាព ឬជំនួបត្រៀមបើករដូវកាល។
Inter បានយកឈ្នះ តាមរយៈការទម្លាក់ក្លឹបរួមទីក្រុង AC Milan ដោយលទ្ធផលទាំងពីរជើង ៣-០ ខណៈ City យកឈ្នះទៅលើគូប្រជែងចាស់ Real Madrid ៥-១ ឥតឲ្យវាយបក Comeback ត្រលប់មកវិញរួច ដូចកាលឆ្នាំចាស់ ២០២២។
កាលបរិច្ឆេទប្រកួត នឹងត្រូវធ្វើឡើងក្នុងកីឡដ្ឋាន Ataturk Olympic Stadium នៃទីក្រុង Istanbul ប្រទេសទួរគី នាវេលាម៉ោង ០២:០០ នាទីទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី ១១ មិថុនា ក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS Sports។
គួរឲ្យដឹងថា នេះគឺជាលើកទី ២ ហើយសម្រាប់ក្លឹបម្ចាស់ដី Etihad ក្នុងការឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ ក៏ជាការបន្តបេសកកម្មចង់ស្គាល់ជាតិឈ្នះពាន UCL លើកដំបូងបង្អស់ ក៏ជាមួយរដូវកាលដំបូងនៃវត្តមានសមាជិកថ្មី គឺមនុស្សយន្ត Erling Haaland។
ចំណែកឯក្លឹបម្ចាស់ដី San Siro បានឡើងមកកាន់វគ្គនេះ លើកទី ៦ សម្រេចលទ្ធផល ៥ លើកកន្លងមក ឃើញថាឈ្នះជើងឯកដល់ទៅ ៣ សម័យ។
ក្រៅតែពីរឿងរ៉ាវខាងលើ យើងក៏ច្បិចលើកមកបង្ហាញនូវកំណត់ត្រាគួរឲ្យចាប់អារម្មណ៍ ២ ផ្សេងទៀតដែរ របស់កីឡាករ Bernardo Silva និងអ្នកចាត់ការក្លឹបខាងគូប្រជែងលោក Carlo Ancelotti។ សម្រាប់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ បានក្លាយជាកីឡាករទីបីដែលអាចរកបាន ២ គ្រាប់ ឬច្រើនជាងនេះ ក្នុងវគ្គ ៤ ក្រុមចុងក្រោយទល់ Real Madrid ខកខានធ្វើបានតាំងជំនាន់ Lionel Messi នៅឆ្នាំ ២០១១ និង Robert Lewandowski នៅឆ្នាំ ២០១៣។
រីឯគ្រូសញ្ជាតិអ៊ីតាលី បានចារកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ក្លាយជាអ្នកចាត់ការ ដឹកនាំការប្រកួតទី ១៩១ នៅក្របខ័ណ្ឌ UEFA Champions League ជាតួលេខត្រូវកត់ត្រាច្រើនជាងនរណាៗទាំងអស់ នេះបានបំបែកតួលេខចាស់របស់គ្រូតាលោក Sir Alex Ferguson ដឹកនាំត្រឹមប្រកួតទី ១៩០៕
ប្រភព៖ បរទេស