ដើរ​ចេញ​ពី​កន្លែង​បរាជ័យ​ ៣ រូប​នេះ​អភិវឌ្ឍ​ខ្លួន​ឯង ដល់​ឡើង​តែម​ UCL នៅ​ទ្រនំ​ថ្មី​តែ​មួយ

ជួន​ខ្លះ ស្ថានភាព​ខ្លះ​ការ​បរាជ័យ​មិន​សុទ្ធ​តែ​ជា​កំហុស ឬ​ចន្លោះ​ប្រហោង​របស់​បុគ្គល​ជា​កីឡាករ​តែ​ម្នាក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ វា​អាច​មក​ពី​កត្តា​ខាង​ក្រោយ​ជា​ច្រើន ដែល​ពិបាក​នឹង​បកស្រាយ។ យ៉ាង​ណា​ងាក​មក​កីឡាករ​ទាំង ៣ រូប អតីតកាល​ធ្លាប់​ជា​សមាជិក​បិសាច​ក្រហម Manchester United មិន​ធ្លាប់​ស្គាល់​ជាតិ​សូម្បី​វគ្គ ៤ ក្រុម Champions League លុះ​ដល់​តែ​ផ្លាស់​មក​កាន់​ទ្រនំ​ថ្មី​រួម​គ្នា បែរ​អាច​ឈោង​ដល់​ក្តីស្រមៃ​ធំ គឺ​ឈរ​ជើង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ឬ​វគ្គ​ដណ្តើម​ពាន​រង្វាន់​ទៀត​ផង៖

៣) Henrikh Mkhitaryan

ចាយ​ពេល​ឈរ​ជើង​នៅ​ទឹកដី Old Trafford រយៈ​ពេល ១ ឆ្នាំ​កន្លះ រួច​សមិទ្ធផល​អស់​ធំ​គឺ​ការ​ឈ្នះ​ជើង​ឯក Europa League មុន​ជ្រើស​ការ​ចាកចេញ​នៅ​រដូវ​រងា ២០១៨ ទៅ​កាន់​ក្លឹប Arsenal។ យ៉ាង​ណា​ការ​ឈរ​ជើង​នៅ​ក្លឹប​ក្នុង​ទឹកដី​អង់គ្លេស មិន​កើត​ជា​ផល ​ដែល​កីឡាករ​អាមេនី​ចង់​បាន​នោះ​ឡើយ រួច​ធ្លាប់​លើក​ឡើង ថា​ខ្លួន​មិន​អាច​សម្រប​ខ្លួន​បាន​ល្អ ជា​ហេតុ​នាំ​ឲ្យ​ជ្រើស​ការ​ផ្ទេរ​មក​កាន់​ក្លឹប​អ៊ីតាលី AS Roma និង Inter Milan នា​ពេល​ចុង​ក្រោយ។

ខ្សែ​បម្រើ Mkhitaryan បាន​ជោគជ័យ​ខ្លាំង​ជាមួយ​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Milan ស្ថិតិ​រដូវ​កាល​នេះ នៅ UCL ១២ ប្រកួត ក៏​រក​បាន ២ គ្រាប់ ហៅ​ជា​ចំណែក​ធំ ជួយ​ក្លឹប​ឆ្ពោះ​មក​កាន់​វគ្គ​ចុង​ក្រោយ។

២) Romelu Lukaku

រង​ការ​រិះគន់​ឥត​ល្ហែ​នៅ United ​ជា​ហេតុ​នាំ​ឲ្យ​កីឡាករ​ជ្រើស​ការ​ផ្ទេរ​ចេញ មក​កាន់​ក្លឹប​អ៊ីតាលី មុន​បំបែក​កំណត់ត្រា​តម្លៃ​ផ្ទេរ​រយ​លាន វិល​ចូល Chelsea។ យ៉ាង​ណា​ពេល​ចុង​ក្រោយ​បែរ​ខ្ចី​ជើង​មក​ចូលរួម​នៅ Inter Milan ដដែល ក៏​ចំ​ពេល​បាន​ឡើង​ដល់​វគ្គ​សំខាន់ Champions League។

ក្រោម​ការ​ដឹកនាំ​របស់​លោក Simone Inzaghi តារា​ឆ្នើម​សញ្ជាតិ​បែលហ្សិក​ក៏​រក​បាន ៣ គ្រាប់​និង Assist ១ ផង​ដែរ នៅ​ ៧ ប្រកួត​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ហើយ​ឱកាស​សារ​នេះ ក៏​អាច​នឹង​ស្គាល់​ជាតិ​កាន់​ពាន​លើក​ដំបូង​ក្នុង​អាជីព។

១) Matteo Darmian

ក៏​ជា​កីឡាករ​ធ្លាប់​ឈរ​ជើង​ឲ្យ United ល្បាក់​សម័យ​កាល Lukaku និង Mkhitaryan ដូច​គ្នា ហើយ​បាន​ជ្រើស​ការ​ផ្ទេរ​ចេញ​មក​ក្លឹប​នៅ​ប្រទេស​កំណើត នា​រដូវ​ក្តៅ​ឆ្នាំ ២០១៩។ ដំបូង​ជាមួយ Parma ក្រោយ​មក​ជាមួយ ​Inter ដល់​ក្លាយ​ជា​តារា​ចាស់​វស្សា​រះ​ឡើង​ជា​ថ្មី បង្ហាញ​ខ្លួន​ជាប់លាប់​ដល់ ៣ ពាន់​នាទី​រដូវ​កាល​នេះ។

ខ្សែ​ការពារ​ស្លាប​ស្តាំ​ វ័យ ៣៣ ឆ្នាំ ក៏​មិន​ធ្លាប់​ស្គាល់​ជាតិ​ឈ្នះ​ពាន UCL នោះ​ដែរ ម្ល៉េះ​ហើយ​សារ​នេះ វា​ជា​ឱកាស​ដ៏​ធំ​មិន​ធ្លាប់​មាន​ក្នុង​អាជីព។

រំឭក​ឲ្យ​ដឹង​ដែរ​ថា ក្លឹប​អ៊ីតាលី Inter Milan បាន​ខកខាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ តាំង​ឆ្នាំ ២០១០ ជា​រួម​គឺ​ ១៣ ឆ្នាំ​មក​ហើយ តាំង​កាល​ជំនាន់ Jose Mourinho នៅ​ដឹកនាំ សារ​នោះ​បាន​យក​ឈ្នះ Bayern Munich ២-០។ ដោយឡែក​ ២០២៣ ពួក​គេ​នឹង​ត្រូវ​ជួប​រវាង​គីឡូ​ធ្ងន់​មក​ពី​អេស្ប៉ាញ Real Madrid ឬ​មក​ពី​អង់គ្លេស Manchester City ស៊ីសង​លើ​លទ្ធផល​សម្រេច​ការ​ប្រកួត​ជើង​ទី ២ នា​រាត្រី​នេះ មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT