រដូវកាល ២០២២/២៣ កៀកនឹងបញ្ចប់ហើយ តែភាពសះស្បើយនៃរបួស Paul Pogba ត្រូវលាប់មកញាំញីជាថ្មី នាំឲ្យឱកាសដឹកជោគជ័យជូនក្លឹប បែរមិនអាចសាង ដឹកមកវិញតែពាក្យថា “ខកខាន” រួចនេះសម្រេចត្រូវសម្រាកដល់បញ្ចប់រដូវកាលសេសសល់តែម្តង។
គួរឲ្យដឹងខ្សែបម្រើឆ្នើមសញ្ជាតិបារាំង បន្ទាប់របូតតំណែងតួឯកនៅតំបន់ស្នូលឲ្យ Man Utd គេក៏បានជ្រើសការវិលត្រលប់មកកាន់ផ្ទះចាស់ កាលរដូវក្តៅឆ្នាំ ២០២២ ក្នុងលក្ខខណ្ឌផ្ទេរឥតតម្លៃខ្លួន។ ទោះយ៉ាងណានាឆ្នាំដំបូង Juventus ឥតខុសពីយក Pogba មកមើលរបួស នេះត្រូវសម្រាកម្តងហើយម្តងទៀត តាំងពីដើម ពាក់កណ្តាល និងបញ្ចប់រដូវកាល។
ម្ចាស់ជើងឯក World Cup សម័យកាល ២០១៨ បានត្រលប់ជាន់ទីលានជាថ្មី កាលពីថ្ងៃសុក្រសប្តាហ៍មុន ចំការប្រកួតសំខាន់ ជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ទល់ស្តេចក្លឹបអេស្ប៉ាញ Sevilla។ បើទោះបីប្តូរចូលក្នុងនាមកីឡាករបម្រុង តែ Pogba បានចូលរួមចំណែកដ៏សំខាន់ នៅឱកាសចុងម៉ោង នាទី ៩០+៦ អាជ្ញាកណ្តាលប្រុងនឹងផ្លុំកញ្ចែបញ្ចប់ការប្រកួត បែរកីឡាករវ័យ ៣០ ឆ្នាំ អាចតែត Assist បញ្ជូនតទៅកាន់មិត្តរួមក្រុម បន្តប្រើក្បាលបញ្ចប់ទី តាមស្មើគ្រាប់បាល់មិនគួរឲ្យជឿ។
លុះរំលងប៉ុន្មានថ្ងៃដល់ភារកិច្ចក្នុងក្របខ័ណ្ឌ Serie A ក៏ Pogba ត្រូវបានដាក់ឲ្យចូលលេង នៅជម្រើស ១១ នាក់ដំបូង នេះសម្រាប់កីឡាករបារាំង ខកខានតាំងខែមេសា ឆ្នាំ ២០២២ ពោលជាងមួយឆ្នាំមកហើយ។
ឈរជើងបានតែជាង ២០ នាទីលើទីលាន ខ្សែបម្រើប្រយុទ្ធខាងលើ ក៏បានកើតរបួសម្តងទៀត សារនេះមិនមាននរណាមកប៉ះទង្គិចគេឡើយ ដោយកំពុងលេងសុខៗ បែរជាសុំផ្អាកការប្រកួតដោយឯកឯង ហើយសម្រេចដើរចេញពីទីលាន ទាំងស្រក់ទឹកភ្នែក។
តាមការវិនិច្ឆ័យពីក្រុមគ្រូពេទ្យប្រចាំក្លឹប បានចេញសេចក្តីថ្លែងការណ៍សម្រេចថា Pogba នឹងត្រូវឈរជើងក្រៅទីលានរយៈពេល ២០ ថ្ងៃ ពោលនឹងត្រលប់មកវិញនៅថ្ងៃទី ០៥ មិថុនា តែសោកស្តាយវាជាពេលវេលាបញ្ចប់រដូវកាលរបស់ Juventus បាត់ទៅហើយ មានន័យថាកីឡាករជំនាញជើងសងខាង ឈរជើងសរុប ១៦១ នាទី នៅ ១០ ប្រកួត Assist បាន ១ ជាតួលេខត្រូវកត់ចូលនៅរដូវកាល ២០២២/២៣។
ទន្ទឹមនឹងប្រាក់ឈ្នួលដែលកីឡាកររកបានប្រហែល ៩ លានផោន/រដូវកាល បូកដកគុណចែកទៅ ក៏យើងអាចទាញទំហំប្រាក់ឈ្នួលលម្អិត គឺ ១ នាទីឈរជើងរបស់ Pogba លើទីលានឲ្យ Juventus មានតម្លៃ ៥៦ ០០០ ផោន។
ទំហំនេះ បើធៀបទៅនឹងកីឡាករឯទៀត ដូចកុងត្រារបស់ Alejandro Garnacho ទើបចុះហត្ថលេខាថ្មីថ្មោង ១ សប្តាហ៍របស់គេនៅ Old Trafford អាចរកបានតែ ៥០ ០០០ ផោនប៉ុណ្ណោះ អ៊ីចឹងវាជាតួលេខទាបជាងទាំងប្រាក់ឈ្នួល ១ នាទី ដែល Juventus ត្រូវផ្តល់ឲ្យ Pogba ទៅទៀត៕
ប្រភព៖ បរទេស