ធ្វើអ្វីដែលខ្លួនស្រលាញ់ ទោះឈ្នះចាញ់ក៏មិនខ្វល់ តែបើទុកដល់យូរពេក ចុងក្រោយអាជីពអាចធ្លាក់ដល់ចំណុច ០ ក៏ថាបាន។ ដោយសារតែចង់បំពេញក្តីស្រមៃ ចង់ផ្លាស់ទៅទ្រនំក្លឹបយក្ស Real Madrid នោះហើយ ទើបចុងក្រោយប៊ិះតែបំផ្លាញដំណើរអភិវឌ្ឍខ្លួន របស់យុវជនទាំង ៣ រូប យ៉ាងណាល្អវិញ ចេះរកឃើញដំណោះស្រាយទាន់ពេល បែរអាចក្លាយជាតារារះ នៅទ្រនំថ្មីដទៃទៀត៖
៣) Luka Jovic
កំពុងល្អសុខៗនៅ Frankfurt ស្រាប់តែម៉ាស៊ីនរកគ្រាប់បាល់សញ្ជាតិស៊ែប៊ី ដាក់ចិត្តចាប់យកឱកាសផ្ទេរមកចុះចូលនៅក្លឹបស្ថិតក្នុងទីក្រុង Madrid កាលរដូវក្តៅ ឆ្នាំ ២០១៩ ជាមួយតម្លៃខ្លួនខ្ពស់គួរសម ដល់ទៅ ៦៣ លានអឺរ៉ូ។
ប្រើពេល ៣ ឆ្នាំ ឈរជើងនៅតំណែងប្រយុទ្ធប្រអប់ អតីតម្ចាស់អាវលេខ ១៨ រកមិនឃើញគុណតម្លៃខ្លួនឯងទាល់តែសោះ ណាមួយបទពិសោធន៍នៅខ្ចី ក៏មិនអាចជំនួសកន្លែងរៀមច្បង Karim Benzema បានដែរ។ ហាក់ដូចចាយពេលចោលទទេ វិលចុះឡើងទៅក្លឹបចាស់ផង ក៏រុញមិនឡើង រហូតដល់រដូវក្តៅឆ្នាំ ២០២២ បានព្រមព្រៀងការចាកចេញនៅលក្ខខណ្ឌឥតតម្លៃខ្លួន មកបានផ្លែផ្កាជាមួយ Fiorentina ទៅវិញ។
Jovic ធ្លាប់បាននិយាយ៖ “វាជាបទពិសោធន៍ដ៏ល្អ ខ្ញុំមានកិត្តិយសណាស់ បានក្លាយជាផ្នែកមួយរបស់ Real Madrid ជាក្លឹបធំបំផុតក្នុងលោក តែគិតឡើងវិញមកពីខ្ញុំសម្រេចចិត្តលឿនពេកក្នុងការផ្ទេរចូល”។
២) Takefusa Kubo
ងាកមកស្លាបប្រយុទ្ធសញ្ជាតិជប៉ុន ដែលស៊ូបោះបង់ Barcelona ស្រវាយក Real Madrid ទីបញ្ចប់ក៏មិនបានជោគជ័យនៅទីនោះដូចគ្នា។ នារដូវក្តៅឆ្នាំ ២០១៩ Kubo បានព្រមព្រៀងផ្លាស់មកក្លឹបម្ចាស់ដី Bernabeu តែប្រមាណ ៣ រដូវកាល ឥតបានឈរជើងសូម្បីមួយនាទី ពោលបានត្រឹមហ្វឹកហាត់ជាមួយឈុតធំ តែដល់ទៅលេង គឺប្រកួតឲ្យក្លឹបខ្ចីជើងរួមលីគឯណោះ មានតាំង Mallorca, Villarreal, Getafe និងចុងក្រោយនេះ ជ្រើសការផ្ទេរសម្រេចមក Real Sociedad។
មិនខុសទេ កីឡាករជប៉ុនកំពុងរះឡើងជាថ្មី តែនៅទឹកដី Reale Arena ជាក្លឹបកំពុងឡើងជើង ឈរលេខ ៤ ឱបក្តីសង្ឃឹមបានលេង UCL រដូវកាលក្រោយ។ ស្ថិតិរបស់ Kubo ក៏ល្អគួរសម នៅ ៣៩ ប្រកួត អាចរកបាន ៨ គ្រាប់និង Assist ៧ លើក។
១) Martin Odegaard
អភិវឌ្ឍខ្លួនតាំងពីនៅឈុត Castilla បែកក្រឡាមកដល់ឈុតធំ ក៏នៅតែមិនអាចរំលេចក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃ។ ទល់តែដល់រដូវក្តៅ ឆ្នាំ ២០២១ ផ្លាស់មក Arsenal កីឡាករន័រវេស បានធ្វើព្យុះភ្លៀងរង្គើ Premier League នេះល្អទាំងតំណែងបម្រើប្រយុទ្ធ ហើយក៏ក្រឡុកតំបន់ស្លាបខាងលើបានដែរ។
តារាឆ្នើមវ័យ ២៤ ឆ្នាំ ទើបតែបានតាមស្មើកំណត់ត្រា ការរកគ្រាប់បាល់ច្រើនបំផុតនារដូវកាលទោល ប្រចាំប្រវត្តិសាស្រ្តក្លឹប Arsenal ស្មើកម្រិតជើងចាស់ Cesc Fabregas ធ្វើបាន ១៥ គ្រាប់ បើទោះបីការប្រកួតនៅសេសសល់ ៣ ជុំ។
ពីអតីតដុំថ្ម គេមើលរំលង ពេលនេះ Odegaard កំពុងក្លាយជាគ្រាប់ពេជ្រ មានតម្លៃខ្ពស់ជាង ៨០ លានអឺរ៉ូ ហើយក៏បានធានាកៅអី Champions League រួចរាល់នារដូវកាលបន្ទាប់ ថាមិនត្រូវអាចនឹងបានចាប់ឆ្នោតប៉ះអតីតក្លឹបចាស់ Real Madrid ផងក៏ថាបាន៕
ប្រភព៖ បរទេស