នេះ​ការ​ពិត​និង​អាថ៌កំបាំង​ ៥ យ៉ាង អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី​ស្តេច​ញញឹម Rafael Leao

កន្លង​ទៅ​ថ្មីៗ​នេះ​បាន​ផ្ទុះ​ព័ត៌មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ពាក់ព័ន្ធ​អនាគត​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Rafael Leao ជាមួយ​ក្លឹប AC Milan ជុំវិញ​ការ​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៨ អម​នឹង​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន​ ៥ លាន​អឺរ៉ូ/ឆ្នាំ រី​ឯ​តម្លៃ​ផ្តាច់​កុងត្រា ឬ Release Clause ក៏​ដាក់​កប់​ពពក ១៧៥ លាន​អឺរ៉ូ​ជា​កំហិត។ នេះ​បើ​តាម​អ្នក​រាយការណ៍ Fabrizio Romano បាន​ចុះ​ផ្សាយ។

ក៏​ជឿ​ថា ក្រៅ​តែ​ពី​គុណភាព ទេពកោសល្យ ដល់​ស្នាម​ញញឹម​ដែល​តែងតែ​រំលេច​រាល់​គ្រប់​សកម្មភាព​លើ​ទីលាន ពិត​ណាស់​បងប្អូន​យើង​ភាគ​ច្រើន នឹង​មិន​ធ្លាប់​បាន​ដឹង​នោះ​ទេ អំពី​រឿងរ៉ាវ​អាថ៌កំបាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៥ ទាក់ទិន​កីឡាករ​ព័រទុយហ្គាល់​ខាង​លើ៖

៥) ជម្រើស​ជាតិ​អាច​ឈរ​ឈ្មោះ ក្រៅ​ពី​ព័រទុយហ្គាល់

Leao បាន​តំណាង​ឲ្យ​ព័រទុយហ្គាល់ ហើយ​ក៏​ឈរ​ជើង​លើស​ចំនួន​ប្រកួត​ដែល FIFA អនុញ្ញាត​ឲ្យ​ផ្លាស់ប្តូរ​ដែរ តែ​ទាញ​ត្រលប់​ថយ​ក្រោយ CTS Sports សូម​នាំ​ឲ្យ​បងប្អូន​ស្គាល់​ពី​ជម្រើស​ជាតិ​មួយ​ផ្សេង​ទៀត គេ​អាច​ទៅ​ចូលរួម នោះ​គឺ​អង់ហ្គោឡា ក្នុង​ទ្វីប​អាហ្វ្រិក។ ក៏​ដោយសារ​មាន​ឈាម​ជ័រ​ត​ពី​ឪពុក​លោក Antonio Leao មាន​សញ្ជាតិ​ដើម​អង់ហ្គោឡា​នោះ​ឯង។

៤) ជា​ម្ចាស់​កំណត់ត្រា​គ្រាប់​បាល់​លឿន​ជាង​គេ

និយាយ​តែ​ក្នុង​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប កីឡាករ​វ័យ ២៣ ឆ្នាំ ក៏​បាន​កត់​ឈ្មោះ​ខ្លួន​ឯង ដាំ​ជាប់​ក្នុង​កំណត់ត្រាប្រវត្តិសាស្រ្ត នាម​អ្នក​រក​បាន​គ្រាប់​បាល់​ប្រើ​ថេរវេលា​ខ្លី​បំផុត​លើ​ទីលាន ត្រឹម ៦,២ វិនាទី។

នេះ​បាន​យក​ឈ្នះ​ទាំង​កំណត់ត្រា Shane Long នៅ Premier League ក៏​ដូច​ជា​គ្រាប់​បាល់ Kylian Mbappe ឲ្យ PSG នៅ Ligue 1។ Leao ធ្វើ​វា​បាន​នៅ​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ ២០២០ ឲ្យ​ក្លឹប AC Milan ប្រកួត​យក​ឈ្នះ Sassuolo ដោយ​លទ្ធផល ២-១។ គ្រាន់​តែ​អាជ្ញាកណ្តាល​ផ្លុំកញ្ចែ កែ​បាល់​ចេញ​ភ្លាម កីឡាករ​ក្លឹប​ម្ចាស់ផ្ទះ រត់​ស្រុះ​គ្នា ហើយ Leao ទទួល​បាន​បាល់​ពី​មិត្ត​រួម​ក្រុម ឆ្ពោះ​សំដៅ​ទៅ​បញ្ចប់​ទី​ឥត​ឲ្យ​ខុស​ឡើយ។

៣) អត្ថន័យ​ពី​ក្រោយ​ស្ទាយ​អបអរ

ចំណាំ​មើល​កីឡាករ​ជំនាញ​ជើង​ស្តាំ តែង​លើក​ដៃ​ដូច​និយាយ​ទូរស័ព្ទ រាល់​ពេល​អបអរ​គ្រាប់​បាល់ ហើយ​អត្ថន័យ​នៅ​ពី​ក្រោយ​នោះ គឺ​ចង់​ផ្ញើ​ការ​ជូន​ដំណឹង​ទៅ​កាន់​លោក​ឪពុក​ជា​អ្នក​មាន​គុណ ថា​កូន​ប្រុស​អាច​រក​គ្រាប់​បាល់​បាន​ហើយ ជា​ពិសេស​រាល់​ពេល​ពុំ​មាន​វត្តមាន​ នៅ​ទស្សនា​ក្នុង​កីឡដ្ឋាន។

២) ជាប់​រហស្សនាម “Mbappe ព័រទុយហ្គាល់”

កំឡុង​ពេល​ឈរ​ជើង​មួយ​ឆ្នាំ​នៅ​ទឹកដី​បារាំង​ក្លឹប Lille ក៏​ស្រាប់​តែ​អ្នក​គាំទ្រ​ហៅ Leao ជា “Mbappe ព័រទុយហ្គាល់” ត្រង់​តាក់តិច បច្ចេកទេស​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ មើល​ទៅ​ស្រដៀង​គ្នា ជា​ពិសេស​ការ​រត់ ការ​អូស​បាល់​ផុត​ជើង​ខ្សែ​ការពារ និង​គុណភាព​បញ្ចប់​ទី​ជាក់​ច្បាស់ តែ​យ៉ាង​ណា​សាមី​ខ្លួន​មិន​ហ៊ាន​ទទួល​យក​ឡើយ ព្រោះ​ជឿ​ថា គុណភាព Mbappe គឺ​ស្ថិត​នៅ​កម្រិត​ខ្ពស់​ជាង​ខ្លួន​ឆ្ងាយ។

១) នរណា​ជា idol ក្នុង​ដួង​ចិត្ត?

បើ​ទោះ​បី​គ្រប់​គ្នា​ប្រដូច​គេ​ទៅ​នឹង Mbappe ហើយ​មក​ទល់​បច្ចុប្បន្ន​មាន​ពេលវេលា​នៅ​ក្បែរ Zlatan Ibrahimovic តែ​ការ​ស្រលាញ់​អស់​ពី​ពោះ សម្រាប់ Leao គឺ​នៅ​រក្សា​ទុក​ផ្ញើ​ជូន Cristiano Ronaldo ជា​រៀង​រហូត​ទៅ។

និយាយ​ប្រាប់​ប៉ុស្តិ៍ DAZN៖ “កីឡាករ​ដែល​ខ្ញុំ​ស្រលាញ់​បំផុត​គឺ Cristiano Ronaldo គាត់​ក៏​ជា​ជន​រួម​ជាតិ​ព័រទុយហ្គាល់ ហើយ​ក៏​តែងតែ​បំផុស​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ច្រើន​ណាស់​ដែរ គាត់​ជា​បុគ្គល​គំរូ ពេលវេលា​ខ្ញុំ​ជួប​គាត់​ដំបូង ពិត​ជា​រំភើប​និង​មាន​មោទកភាព​បំផុត ព្រោះ​ធ្លាប់​តែ​បាន​ឃើញ​លើ​ប៉ុស្តិ៍​ទូរទស្សន៍ ឬ​ការ​លេង PlayStation”៕

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT