គាស់​ជើង​លើ​រង្គើ​ជើង​ក្រោម Man Utd ​ត្រៀម​លុយ​ធំ បំបែក​កំណត់ត្រា​ផ្ទេរ​ចូល​កីឡាករ ២ រូប

នា​បេសកកម្ម​រដូវ​កាល ២០២២/២៣ ក្លឹប​បិសាច​ក្រហម Manchester United នៅ​សេសសល់​ត្រឹម ៥ ប្រកួត​ទៀត​ប៉ុណ្ណោះ ដោយ​មាន ៤ ​ក្នុង​ក្របខ័ណ្ឌ Premier League និង ១ ចុង​ប៉ូច​ដណ្តើម​ពាន FA Cup។ យ៉ាង​ណា​ងាក​ទៅ​សមិទ្ធផល​សម្រេច​បាន​កន្លង​មក​គឺ​ពាន Carabao រាប់​ជា​ជោគជ័យ​ធំ ដ្បិត​អី​នៅ Europa ក៏​បាន​ធ្លាក់​បាត់​ទៅ​ហើយ ខណៈ​ចំណាត់ថ្នាក់ PL គោលដៅ​ធំ ត្រឹម​រក្សា​តំណែង Top 4 ក៏​រាប់​ថា​ល្អ​បំផុត។

កៀក​នឹង​រដូវ​កាល​ជិត​បញ្ចប់ បត់​ដល់​ពេលវេលា​ចរចា​លើ​ទីផ្សារ​ដោះដូរ សម្រាប់​ក្លឹប​ម្ចាស់ដី Old Trafford មើល​ទៅ​ក៏​ទំនង​ជា​សកម្ម​ណាស់​ដែរ ដ្បិត​សព្វថ្ងៃ​ល្ហៀងៗ​ដាក់​គោលដៅ​ធំ សម្លឹង​ចង់​បំបែក​កំណត់ត្រា​តម្លៃ​ផ្ទេរ​ចូល​កីឡាករ ២ រូប នៅ​តំបន់​ការពារ និង​ប្រយុទ្ធ។

១) Man Utd ចង់​បាន​ Goncalo Ramos

ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag ​ពិត​ជា​ចង់​ពង្រឹង​បន្ថែម​នៅ​ប្រអប់​បញ្ចប់​ទី​កណ្តាល បើ​ទោះ​បី​សព្វថ្ងៃ​មាន​វត្តមាន Anthony Martial និង Wout Weghorst។ ភាព​មិន​ល្អ​គ្រប់គ្រាន់ ក៏​ជំរុញ​ឲ្យ United សម្លឹង​ចង់​បាន​កីឡាករ​ព័រទុយហ្គាល់​ពោរពេញ​ដោយ​ទេពកោសល្យ Goncalo Ramos របស់​ក្លឹប Benfica។

តាម​សារព័ត៌មាន The Mirror ចុះ​ផ្សាយ ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Manchester គិត​ចង់​ចាយ​លុយ​បំបែក​កំណត់ត្រា​ផ្ទេរ​ចូល​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប ដោយ​កិច្ច​ព្រមព្រៀង​នាំ​យក​កីឡាករ​វ័យ ២១ ឆ្នាំ អាច​ថ្លៃ​ល្បាក់​ពី ៧០ ទៅ ១០០ លាន​ផោន។ នេះ​បើ​ចរចា​សម្រេច​ទៅ​បាន ពួក​គេ​ក៏​នឹង​ចារ​កំណត់ត្រា​ថ្មី លើ​តួ​លេខ​ចាស់​របស់ Paul Pogba គ្រា​ផ្ទេរ​ចេញ​ពី Juventus នៅ​តម្លៃ ៨៩,៣ លាន​ផោន កាល​ឆ្នាំ ២០១៦។

គួរ​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ស្តាំ ចាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង នៅ​កំឡុង​ World Cup 2022 តំណាង​ឲ្យ​បញ្ចខែល​ព័រទុយហ្គាល់ អាច​រក​បាន​បី​គ្រាប់ Hat-trick និង Assist ១ នៅ​ប្រកួត​ទោល ទល់​ជម្រើស​ជាតិ​ស្វីស យក​ឈ្នះ​ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ មុន​ធ្លាក់​ក្រោម​ថ្វី​ជើង​ម៉ារ៉ុក​នា​វគ្គ​បន្ទាប់។ដោយឡែក​នៅ​កម្រិត​ក្លឹប ក៏​គេ​ធ្វើ​បាន​ល្អ​ផង​ដែរ ជាក់ស្តែង​ដូច ៤៤ ប្រកួត អាច​រក​បាន​ដល់​ទៅ ២៥ គ្រាប់​និង Assist ១១ លើក។

២) Man Utd ចង់​បាន Kim Min-jae

បរាជ័យ​លើ Harry Maguire ដល់​កីឡាករ​អង់គ្លេស​កៀក​ឈាន​ដល់​ផ្លូវ​ចាកចេញ ងាក​មក​ក្លឹប​អាណាព្យាបាល​ក៏​មិន​បង្អង់​យូរ​នោះ​ដែរ ហើយ​ដាក់​ផែនការណ៍​ត្រៀម​គាស់​ចូល​គីឡូ​ថ្មី ជា​ខ្សែ​ការពារ​អាស៊ី មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក គឺ Kim Min-jae របស់​ក្លឹប Napoli។

តាម​សារព័ត៌មាន Corriere dello Sport ចុះ​ផ្សាយ​ថា ក្លឹប​អង់គ្លេស​កំពុង​រៀបចំ​ទិញ​ផ្តាច់​កុងត្រា​កីឡាករ​កូរ៉េ​ខាង​ត្បូង ​នៅ​តម្លៃ​ប្រហែល ៦០ លាន​អឺរ៉ូ នេះ​ក៏​នឹង​យក​ឈ្នះ​លើ​កំណត់ត្រា​ចាស់​ Shoya Nakajima ផ្ទេរ​ទៅ Al-Duhail ថ្លៃ ៣៥ លាន បន្ទាប់​មក​គឺ Son Heung-min ​ផ្ទេរ​ទៅ Spurs ​ថ្លៃ ៣០ លាន​អឺរ៉ូ។

រំឭក​ឲ្យ​ដឹង​ថា Min-jae ពេល​ចុង​ក្រោយ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​កោត​សរសើរ​អំពី​ភាព​រឹងមាំ​ក្នុង​ការ​ការពារ និង​តាក់តិក​ការ​រក​គ្រាប់​បាល់ ការ​បង្កើត​ឱកាស​ជា​ដើម ពោល​ល្អ​ជាង​ទាំង​ជំនាន់ Kalidou Koulibaly នៅ​ឈរ​ជើង​ទៅ​ទៀត៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT