លោក Antoine Hey គ្រូបង្វឹកក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានបញ្ជាក់ថាក្រុមរបស់លោកភ័យនៅតង់ទី១ ទើបបានជាពួកគេធ្វើមិនបានល្អ ហើយកម្ពុជានាំមុខបាន១គ្រាប់ថែមទៀត។
មីយ៉ាន់ម៉ា លេងក្នុងដីខ្លួនឯង ប៉ុន្តែត្រូវក្រុមកម្ពុជានាំមុខមុន ដោយកីឡាករ ចាន់ វឌ្ឍនាកា ជាអ្នកធ្វើបានសម្រេចនៅតង់ទី១។ យ៉ាងណាមិញឈានដល់តង់ទី២ ម្ចាស់ផ្ទះហាក់ដូចជាមានទំនុកចិត្តឡើងវិញ រហូតរកគ្រាប់បាល់បានជាបន្ដបន្ទាប់ដល់ទៅ៤គ្រាប់ឯណោះ។
រឿងនេះដែរ លោក Antoine Hey គ្រូបង្វឹកក្រុមជម្រើសជាតិមីយ៉ាន់ម៉ានិយាយថា៖ “ច្បាស់ណាស់ ថាយើងលេងមិនល្អឡើយនៅ៤៥នាទីដំបូង។ កីឡាករហាក់ដូចជាលេងភ័យៗ ពួកគេដូចជាមានសម្ពាធ។ ពួកគេលេងដូចជាមិនអស់ពីសមត្ថភាពសោះ។ ប៉ុន្តែចូលដល់តង់ទី២វិញ យើងបានប្រាប់ពួកគេ និងប្ដូរក្បួនលេងវិញ ទៅតាមការគ្រោងទុក យើងពិតជាទទួលបានផល និងរកបានជ័យជម្នះនៅប្រកួតដំបូង”៕ប្រភព៖ Affsuzukicup