ខ្សែការពារសញ្ជាតិអាឡឺម៉ង់ Antonio Rudiger បានចូលលេងទល់នឹង Haaland កាលពីយប់មិញ ខណៈខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន ១៧គ្រាប់ក្នុង ១២ប្រកួតចុងក្រោយរបស់គាត់នៅក្នុងគ្រប់កម្មវិធីប្រកួតទាំងអស់។នៅឯកីឡដ្ឋាន Santiago Bernabeu ក្នុងការប្រកួតជើងទី១ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League របស់ Man City ជាមួយក្រុម Real Madrid ខ្សែប្រយុទ្ធរូបនេះត្រូវបានរក្សាភាពស្ងប់ស្ងាត់ដោយខ្សែការពាររបស់ក្រុមអធិរាជស។
Haaland បានប៉ះបាល់ត្រឹមតែ ២១ដងប៉ុណ្ណោះ ដែលជាចំនួនតិចបំផុតរបស់កីឡាករនៅលើទីលាន ហើយបានបោះបាល់ ៦ដងតិចជាងអ្នកចាំទី Ederson របស់គាត់ទៅទៀត។និយាយទៅកាន់ BT Sport បន្ទាប់ពីការប្រកួត អ្នកចាត់ការ Ancelotti សរសើរ Rudiger មិនដាច់ពីមាត់ ចំពោះការបិទខ្សែប្រយុទ្ធន័រវេសបានយ៉ាងជិតឈឹងបែបនេះថា៖
“ខ្សែការពារយើងល្អ។ Rudiger លេងទល់នឹង Haaland ធ្វើបានយ៉ាងល្អ ហើយខ្សែបម្រើមានការគ្រប់គ្រង។ ទម្រង់លេងល្អ ហើយយើងសប្បាយចិត្ត។ យើងមានកម្លាំងចិត្តខ្លាំងសម្រាប់ការប្រកួតបន្ទាប់”៕
Ancelotti ក៏បានផ្តល់ការវាយតម្លៃទូទៅនៃការប្រកួតដោយបញ្ជាក់ថាគាត់សប្បាយចិត្តជាមួយនឹងការលេងនៅតង់ទីពីររបស់ក្រុមរបស់គាត់បន្ទាប់ពីមានការលំបាកនៅតង់ទីមួយថា៖
“ការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយ។ ការលំបាកសម្រាប់ពួកយើងនៅក្នុងតង់ទីមួយ ហើយតង់ទីពីរគឺប្រសើរជាង។ យើងមានការគ្រប់គ្រងបានល្អនៅក្នុងការប្រកួត។
នៅពេលដែលពួកគេគ្រប់គ្រងបាល់ច្រើន យើងចុះមកគ្រប់គ្រងតំបន់ការពារ ពេលនោះនៅពេលដែលយើងចាប់ផ្តើមលេងបាល់ យើងបង្កការលំបាក។ យើងត្រូវរក្សាតួនាទីរបស់យើងក្នុងការការពារ បន្ទាប់មកនៅពេលដែលយើងទទួលបានឱកាស យើងបានស៊ុតបញ្ចូលទីគ្រាប់ដំបូង។ ការវាយប្រហារជាពេលវេលាដ៏អស្ចារ្យមួយ។ ក្រុមលេងបានយ៉ាងល្អ ខ្ញុំពេញចិត្ត”៕