៤ ឆ្នាំ ៧ ​គ្រាប់ ០ នាទី​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​ឈ្នះ ៨ ពាន ពេលវេលា​របស់ Hazard កៀក​នឹង​បញ្ចប់​ហើយ

ល្អ​សុខៗ​នៅ Chelsea ចុះ​ឡើង Eden Hazard ជ្រើស​យក​ផ្លូវ​បែក ដើរ​ចេញ​ពី​ទឹកដី​អង់គ្លេស ផ្ទេរ​មក​កាន់​ក្លឹប​ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ នាម​កីឡាករ​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត ១១៥ លាន​អឺរ៉ូ កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៩ ហើយ​សារ​មក​ទល់​បួន​ឆ្នាំ​ក្រោយ គ្រប់​យ៉ាង​ក៏​ហាក់​មិន​បាន​កើត​​ផ្លែផ្កា​ដូច​ការ​រំពឹង​ទុក​ទាល់​តែ​សោះ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​ត្រូវ​បាន Madrid ពន្យារ​ពេល​ផ្តល់​ឱកាស​ឲ្យ ចាំ​មើល​មួយ​ឆ្នាំ​រំលង​ទៅ​មួយ​ឆ្នាំ ក៏​ទី​បញ្ចប់​នៅ​តែ​ធ្វើ​មិន​បាន​ល្អ គ្មាន​បាន​សាង​មុខមាត់ សូម្បី​តែ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក៏​កីឡាករ​ខាង​លើ មិន​ទាន់​ឈរ​ជើង​សូម្បី ១ នាទីផង តែ​និយាយ​អំពី​ពានរង្វាន់​ បែរដាំ​ជាប់​ច្រើនគ្រឿងទៅ​ក្នុង​ឈ្មោះ​របស់ Hazard គឺ​​ច្រើន​ជាង ទាំង​កីឡាករ​កំពូល​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប​ទៅ​ទៀត។

ធ្មេច​បើក​កន្លង​ទៅ​ជិត​បួន​ឆ្នាំ តើ​អ្នក​មាន​ដឹង​ទេ​ថា Hazard បាន​ឈ្នះ​ពាន​ចំនួន ៨ រួច​ក៏​ឈ្នះ​គ្រប់​ពាន​រង្វាន់​ទាំង​អស់​ជាមួយ Madrid ជួន​ពេល​មិត្ត​រួម​ទ្រនំ Toni Kroos ល្បី​ឈ្មោះ​នៅ​អធិរាជ​ស​ជិត ១០ ឆ្នាំ ទើប​តែ​បាន​ឈោង​ដល់​កំណត់ត្រា​នោះ កាល​ពី​ជ័យជម្នះ​នៅ Copa del Rey កន្លង​ទៅ។

ទាំង ៨ ពាន​ដែល​អតីត​សមាជិក Chelsea បាន​ឈ្នះ រួម​មាន La Liga ២ លើក Spanish Super Cup ២ លើក UEFA Champions League ១ លើក FIFA Club World Cup ១ លើក UEFA Super Cup ១ លើក និង Copa del Rey ១ លើក។ ក៏​ប៉ុន្តែ​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ Hazard មិន​ធ្លាប់​បាន​ឈរ​ជើង​នៅ​វគ្គ​ដណ្តើម​ពាន​រង្វាន់ សូម្បី ១ នាទី ពោល​គឺ​ត្រឹម​អង្គុយ​បម្រុង ទស្សនា​ការ​ប្រកួត​ប៉ុណ្ណោះ​ឯង។

សរុប​ស្ថិតិ​ឈរ​ជើង​ជាមួយ​ក្លឹប​ម្ចាស់ដី Bernabeu កីឡាករ​ខាង​លើ បង្ហាញ​ខ្លួន​សរុប ៧៥ ប្រកួត រក​បាន ៧ គ្រាប់​និង Assist ១២ លើក នៅ​ចំនួន​នាទី​ឈរ​ជើង​សុទ្ធ ៣ ៦៧៥ នាទី មិន​ស្មើ​នឹង​នាទី​សកម្ម​នៃ​កីឡាករ​ឈរ​ជើង​ជាប់​លាប់​មួយ​រដូវ​កាល​ផង។

ទោះ​ជា​យ៉ាង​ណា បើ​សួរ​ថា លោក​នឹង​រក​ផ្លូវ​ស្រោចស្រង់​អាជីព​ត្រលប់​មក​វិញ​ឬ​អត់? ចម្លើយ គឺ​ប្រហែល​ជា​អត់​ទេ បន្ទាប់​ទទួល​ដំណឹង​ចុះ​ផ្សាយ​ថ្មីថ្មោង​ថា កីឡាករ​វ័យ ៣២ ឆ្នាំ ​ត្រឹម​គិត​នឹង​ក្តោប​យក​ពេលវេលា​រីករាយ​នា​កុងត្រា​សេសសល់ ជា​រួម​មាន​ចិត្ត​ចង់​ព្យួរ​ស្បែក​ជើង ឬ​ចូល​និវត្ត​ពី​បាល់ទាត់ ត្រឹម​ឆ្នាំ​ក្រោយ ២០២៤ នេះ​ហើយ។

ជា​ការ​ពិត​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក បាន​ចូល​និវត្ត​ពី​ការ​លេង​ឲ្យ​ប្រទេស បន្ទាប់​ការ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល​នៅ World Cup 2022 ឥឡូវ​ការ​លេង​ឲ្យ​ក្លឹប ក៏​ដាក់​គោលដៅ​នឹង​ចូល​និវត្ត​នៅ​ឆ្នាំ​បន្ទាប់​ផង​ដែរ ត្រឹម​អាយុ ៣៣ ឆ្នាំ។ នេះ​បើ​តាម​សារព័ត៌មាន Relevo បាន​ចុះ​ផ្សាយ។

យើង​មិន​ច្បាស់​ថា​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​ជំនាញ​ជើង​ស្តាំ នឹង​មាន​ការ​ប្រែប្រួល​ឬ​បែប​ណា​ទេ ព្រោះ​ក៏​មាន​ជម្រើស​ក្រៅ​លីគ​កំពូល​ផ្សេង​ទៀត ដូច​ទៅ​កើប​លុយ​ធំ​នៅ MLS ឬ​លីគ​អារ៉ាប់ ​តែ​តាម​របាយការណ៍​ជា​ច្រើន​ចុះ​ផ្សាយ កីឡាករ​ហាក់​អស់​ចិត្ត​លែង​ចង់​បន្ត ដ្បិត​មើល​ឃើញ​ខ្លួន​ឯង​បាន​សម្រេច​គ្រប់​យ៉ាង ដែល​អាច​ធ្វើ​រួចរាល់ ក្នុង​អាជីព​មួយ​នេះ។

ដោយឡែក​ការ​ចាកចេញ​របស់ Hazard បើ​ជា​ការ​ពិត ក៏​នឹង​សម្រួល​បន្ទុក​ចំណាយ​មួយ​ផ្នែក​ដល់​ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez ស្របពេល​សព្វថ្ងៃក្លឹប​ត្រូវ​ចាយ​ដល់​ជិត​កន្លះ​លាន​អឺរ៉ូ​ រៀងរាល់​សប្តាហ៍ លើ​ប្រាក់​ឈ្នួល៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT