Samir Nasri ទើបតែរួចផុតពីការពិន័យ១៨ខែ ពីបទប្រើសារធាតុញៀន។ ពេលនេះ រូបគេអាចចូលហ្វឹកហាត់ និងលេងបាល់ទាត់បានវិញហើយ គ្រាន់តែមិនទាន់មានក្លឹបផ្លូវការមួយប៉ុណ្ណោះ។
យ៉ាងណាមិញ West Ham ក្រោមការដឹកនាំរបស់លោក Manuel Pellegrini កំពុងចាប់អារម្មណ៍លើរូបគេ។ ក្លឹបបានដាក់សំណើរកុងត្រា៦ខែឱ្យ Nasri លេង ហើយទទួលបានប្រាក់បៀវត្ស ៩៥ ០០០ផោនផងដែរលើកុងត្រាកន្លះឆ្នាំនេះ។ ទាំងកីឡាករ និងក្លឹប កំពុងពិភាក្សាគ្នាបន្ដទៀតទៅលើកុងត្រា ហើយអាចនឹងមានសេចក្ដីប្រកាសនៅឆាប់ៗនេះ។
អតីតកីឡាករ Arsenal និង Man City ខាងលើក៏មានក្លឹបនៅចិនចង់បានផងដែរ នៅរដូវក្ដៅខាងមុខ ប៉ុន្តែសាមីខ្លួនបានបញ្ជាក់ថាចង់លេងនៅអង់គ្លេស ជាជាងលីគរបស់ប្រទេសចិន។ Nasri លេងឱ្យក្លឹបចុងក្រោយបង្អស់គឺ Antalyaspor របស់ទួរគី ដោយក្រោយមកទៀតក៏ត្រូវជាប់ទោសរឿងប្រើប្រាស់សារធាតុញៀនតែម្ដង។ បច្ចុប្បន្នរូបគេ អាចហ្វឹកហាត់បាល់ទាត់បានហើយ ប៉ុន្តែមិនអាចលេងបានទេ ដោយត្រូវរង់ចាំដល់ខែមករាឯណោះ ទើបបង្ហាញខ្លួនលើទីលានបាន៕ប្រភពDailyMail