បន្ទាប់ពីបញ្ចប់រដូវកាលចាស់ ឈរចំណាត់ថ្នាក់ទី ៣ ឆ្លងមកទល់រដូវកាលថ្មី ២០២២/២៣ ដើមឡើយគ្មាននរណាទៅជឿទេ ថា Napoli អាចឈានមកដល់ចំណុចលើកពានរង្វាន់ដូចបច្ចុប្បន្ននេះ ពោលត្រឹមគិត ថាប្រហែល ១-២ រដូវកាលបន្ទាប់ ទើបអាចស្តារស្ថានការណ៍ត្រលប់មកវិញ ព្រោះក្នុងរដូវក្តៅតែមួយ បានបាត់បង់កីឡាករកំពូលជាច្រើន តាំងពីតំបន់ការពារ ដល់ប្រយុទ្ធ តួយ៉ាងដូច Kalidou Koulibaly, Fabian Ruiz, Lorenzo Insigne និង Dries Mertens ជាដើម។
តែយ៉ាងណានៅទីបញ្ចប់ វាមិនធំជាងឆន្ទៈខិតខំប្រឹងប្រែង និងភាពឈ្លាសវៃរបស់អ្នកត្រួសត្រាយផ្លូវ គ្រូបង្វឹក Luciano Spalletti ដល់ដឹកនាំ Napoli មកក្លាយជាម្ចាស់ជើងឯក Serie A ទាល់តែបាន បន្ទាប់ខកខានតាំងឆ្នាំ ១៩៩០ ជំនាន់ Diego Maradona នៅឈរជើងជាកីឡាករ។
កត្តាមួយក្នុងចំណោមកត្តាជាច្រើន ជំរុញឲ្យក្លឹបស្ថិតទីក្រុងណាបែល ឈ្នះពានរង្វាន់ ទាំងរដូវកាលនៅសេសសល់ ៥ ជុំ យើងក៏មិនអាចមើលរំលងដល់គុណភាពជញ្ជាំងការពារក្រោម ដែលមានវត្តមានតារាឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Min-jae Kim។ បុរសវ័យ ២៦ ឆ្នាំ ជាកីឡាករដែល Napoli គិតគូរទិញយកមកប៉ះប៉ូវតំណែងការពារកណ្តាល ស្នងតំណែងបន្តពី Koulibaly ដែលត្រូវបាន Chelsea ទិញចេញនារដូវក្តៅ ឆ្នាំ ២០២២។
CTS Sports បង្ហាញរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយចំនួន របស់ Min-jae មុនគេត្រៀមប្រែក្លាយជាអនាគតខ្សែការពារអាស៊ីមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់៖
ចំណុចលេចធ្លោ ៤ របស់កីឡាកររូបនេះ គឺកាយសម្បទា កម្ពស់ ភាពរហ័សក្នុងការគិត និងការដែលមានបទពិសោធន៍ក្រាស់ក្រែលមុនប្រលូកមកក្នុងតំបន់អឺរ៉ុប។ បុរសមាឌឌាំង កម្ពស់ ១,៩០ ម៉ែត្រ ជំនាញជើងស្តាំ បានផ្សាំខ្លួនជាមួយបាល់ទាត់ក្នុងស្រុក តាំងឆ្នាំ ២០០៧ អស់រយៈពេលជាង ១០ ឆ្នាំ មុនផ្លាស់ទៅក្លឹប BJ Guoan នៅឯប្រទេសចិន គ្រានោះមានតម្លៃជាង ៥ លានអឺរ៉ូ។
ឈរជើង ២ ឆ្នាំ ក៏បន្តផ្ទេរទៅក្លឹបទួរគី Fenerbahce មុនឆ្លងទៅក្លឹបនៅដីអ៊ីតាលី Napoli នាឆ្នាំបន្ទាប់ ជាមួយតម្លៃ ១៨ លានអឺរ៉ូ។ ត្រឹមតែរយៈពេលខ្លី ជារដូវកាលដំបូង Min-jae Kim បានសម្រេចសមិទ្ធផលជាដុំកំភួនបាត់ទៅហើយ ដោយនេះលើកទាំងមុខមាត់ក្លឹប ហើយក៏កើនទាំងតម្លៃខ្លួន ខ្លួនឯងផងដែរ។
ស្ថិតិរដូវកាល ២០២២/២៣ កីឡាករវ័យ ២៦ ឆ្នាំ ឈរជើងសរុប ៤២ ប្រកួត ក៏រកបាន ២ គ្រាប់និង Assist ២ លើក ជាមួយចំនួននាទីឈរជើងជាប់លាប់យ៉ាងសកម្មដល់ជាង ៣ ៦០០ នាទីលើទីលាន។ បានចំណែកជញ្ជាំងយក្សនេះហើយ ជួយឲ្យ Napoli ក្លាយជាក្លឹបឈរកំពូលតារាង ហើយក៏របូតគ្រាប់បាល់តិចជាងគេ ត្រឹម ២៣ គ្រាប់ គិតត្រឹមជុំទី ៣៣។
ដោយឡែកងាកទៅហាងឆេងតម្លៃខ្លួន កីឡាករជម្រើសជាតិកូរ៉េខាងត្បូង បានហក់ពី ១៨ មកកាន់ ៥០ លានអឺរ៉ូ ជាប់ជាខ្សែការពារអាស៊ីមានហាងឆេងខ្ពស់បំផុត តែបើរាប់ជារួម គឺនៅចាញ់ Heung-min Son ថ្លៃ ៦០ លានអឺរ៉ូ។
នេះបើយើងសង្ខេបមកវិញ Napoli ចំណេញលើគោក បានទាំងផល ហើយក៏រំពឹងនឹងកើបលុយពេលអនាគត ដ្បិតអីលក់ Koulibaly ឲ្យទៅ Chelsea បាន ៣៨ លាន ដល់តែយក Min-jae Kim មកជំនួស ចាយអស់ត្រឹម ១៨ លាន ឥឡូវអ្នកថ្មីក៏ឡើងតម្លៃខ្លួនគុណទ្វេជា ៣ មានន័យបើលក់ចេញ ក៏នឹងចំណេញលុយមកវិញពេលទៅមុខថែមទៀត៕
ប្រភព៖ បរទេស