ខ្សែបម្រើ Soukaphone Vongchiengkham ឬហៅក្រៅថា Messi ឡាវ បានបញ្ជាក់ថានឹងយក៣ពិន្ទុឱ្យបានក្នុងការប្រកួតជាមួយកម្ពុជាថ្ងៃ២០ខាងមុខនេះ ក្នុងពានរង្វាន់ AFF Suzuki Cup 2018 ។
ឡាវ ២ប្រកួតកន្លងមកនេះ បរាជ័យទាំងពីរប្រកួត ធ្វើឱ្យក្រុមរបស់ពួកគេស្ថិតនៅបាតតារាងដូចកម្ពុជាដែរ។ យ៉ាងណាមិញ ក្រុមទាំងពីរនឹងប៉ះគ្នាដណ្ដើមយក៣ពិន្ទុនៅថ្ងៃទី២០ខាងមុខនេះ ដោយលេងនៅទឹកដីរបស់កម្ពុជា។ ក្រុមទាំងពីរត្រូវការជ័យជម្នះរៀងខ្លួន ទើបអាចមានឱកាសបន្ដដង្ហើមឡើងទៅវគ្គបន្ដបាន។
ជាមួយគ្នានោះ Soukaphone បាននិយាយថា៖ “យើងនៅតែមានទំនុកចិត្តឡើងវគ្គបន្ដបាន។ ពួកយើងនៅសល់២ប្រកួតទៀត ហើយយើងត្រូវតែឈ្នះដាច់ខាតក្នុង២ប្រកួតនៅសល់នេះ។ នេះ ជាគោលដៅរបស់ក្រុមយើង ដើម្បីឡើងវគ្គបន្ដបាន”។ ២ប្រកួតដែលចាញ់របស់ក្រុមឡាវ គឺប៉ះចាញ់ក្រុមវៀតណាមបើកឆាក ៣-០ និងចាញ់ក្រុមម៉ាឡេស៊ី ៣-១៕Aប្រភពffsuzukicup