ជួនពេលដែលអនាគតកំពុងតែមិនប្រាកដប្រជាផង ឥឡូវថែមមួយរឿងទៀត ដល់ថ្នាក់ក្លឹបសេដ្ឋីបារាំង Paris Saint-Germian ដាក់ពិន័យតារាឆ្នើម Lionel Messi មិនឲ្យជាន់ទីលានប្រកួត រយៈពេល ១៤ ថ្ងៃ ហើយវាកំពុងក្លាយជាប្រធានបទផ្ទុះការវែកញែករកខុស រកត្រូវ ពីសំណាក់អ្នកគាំទ្រពាសពេញបណ្តាញសង្គមនៅថ្ងៃពុធនេះ។
បើតាមសារព័ត៌មានបារាំង L’Equipe បានចុះផ្សាយ រៀបរាប់អំពីដំណើរដើមទងនាំឲ្យឈានដល់ការដែលក្លឹបសម្រេចប្រើធម៌ក្តៅ ហើយស្ថានភាពក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ PSG ពេលនេះក៏កំពុងមិនស្រួលនោះដែរ។
ដើមឡើយអ្នកចាត់ការក្លឹបលោក Christophe Galtier បានជូនដំណឹងទៅកីឡាករទាំងអស់ ថាពួកគេនឹងទទួលបានពេលវេលាសម្រាក ២ ថ្ងៃ សម្រាប់ថ្ងៃចន្ទ និងថ្ងៃអង្គារ ទី ១/២ ឧសភា ប្រសិនណាជាក្រុមអាចយកឈ្នះ ឬយក ៣ ពិន្ទុ ពីគូប្រជែង Lorient កាលពីជំនួបនៅ Ligue 1 ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ យ៉ាងណាលទ្ធផលបរាជ័យ ៣-១ ក៏នាំឲ្យសេចក្តីប្រកាសនោះ ត្រូវបានលុបចោលទៅវិញ ហើយកីឡាករទាំងអស់ក៏ត្រូវបានកោះហៅមកធ្វើការហ្វឹកហាត់ជាធម្មតា នៅព្រឹកថ្ងៃចន្ទបន្ទាប់។
ក៏ប៉ុន្តែតារាឆ្នើមវ័យ ៣៥ ឆ្នាំ Messi បានដើរហួសលក្ខខណ្ឌនៃការអនុញ្ញាតរបស់ក្លឹប ដោយដំបូងលោកបានសុំច្បាប់សម្រាក ដើម្បីធ្វើដំណើរទៅប៉ែកខាងមជ្ឈិមបូព៌ា ចូលរួមកម្មវិធីផ្អែកលើកិច្ចព្រមព្រៀងភាពជាដៃគូសហការរបស់ខ្លួន ជាមួយនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយពេលនោះ Galtier ជាអ្នកចាត់ការ និងនាយកផ្នែកកីឡា លោក Luis Campos ក៏បានបើកភ្លើងខៀវអនុញ្ញាតហើយដែរ តែថាក្នុងលក្ខខណ្ឌប្រសិនក្លឹបឈ្នះ ឬស្មើទល់ Lorient ប៉ុណ្ណោះ តែបើចាញ់ ក៏មិនអនុញ្ញាតដែរ។
ដល់តែលទ្ធផលចេញមកដែលក្លឹបរងបរាជ័យ ក៏ Messi មិនបានសុំការអនុញ្ញាតជាថ្មីម្តងទៀត ពីសំណាក់ថ្នាក់លើ ហើយធ្វើការហោះចេញពីប្រទេសបារាំងដោយឯកឯង និងបានអវត្តមានក្នុងការហ្វឹកហាត់កាលពីថ្ងៃចន្ទ។
ចំណុចនេះហើយនាំឲ្យក្លឹប មានការខឹងសម្បា ហើយរាប់ចូលទង្វើរបស់ម្ចាស់ជើងឯក World Cup ជាការបំពានលើច្បាប់អនុញ្ញាតរបស់ក្លឹប។ ជាការសម្រេច PSG បានដាក់ពិន័យ Messi ឲ្យឈរក្រៅជួររយៈពេល ២ សប្តាហ៍ អត់បានទាំងបង្ហាញខ្លួន រួចទាំងប្រាក់ចំណូលរកបានប្រហែល ១,៥ លានដុល្លារចន្លោះដូចបានកំណត់ ក៏ក្លឹបមិនបើកឲ្យនោះដែរ។ ពេលវេលា ១៤ ថ្ងៃ កីឡាករពាក់អាវលេខ ៣០ នឹងត្រូវខកខានប្រកួតទល់ Troyes និង Ajaccio ក្នុងចំណោម ៥ ជុំសេសសល់នៅ Ligue 1។
ផ្សារភ្ជាប់នឹងរឿងនេះ វាកាន់តែធ្វើឲ្យដំណើរចរចាកុងត្រាថ្មីរវាង PSG/Messi ហាក់ឈានទៅសញ្ញាក្រហម ពោលការចាកចេញអាចច្រើនជាងបន្ត ដ្បិតអីមានក្លឹបខាងក្រៅហូរហែ ដាក់ក្រសែភ្នែកចង់បានខ្សែប្រយុទ្ធអាហ្សង់ទីនទៅចូលរួមជាខ្លាំង។
ដូចខាង Barcelona ជាផ្ទះរបស់អតីតម្ចាស់អាវលេខ ១០ ធ្លាប់ប្រកាសក្តែងៗអំពីគោលដៅចង់ទាញវត្តមាន Messi ត្រលប់មកវិញ តែវាអាចពិបាកត្រង់បញ្ហាហិរញ្ញវត្ថុមិនទាន់ដោះស្រាយ ហើយជម្រើសមួយទៀត គឺ Messi អាចទៅសប្បាយជួបជុំមិត្តចាស់ នៅទឹកដីអាមេរិក ជាមួយក្លឹប Inter Miami ជាដើម៕
ប្រភព៖ បរទេស