ឡើងកាន់តែខ្ពស់ ធ្លាក់មកវិញឈឺកាន់តែខ្លាំង កាលនៅកម្លាំងបាន គុណភាពមាន តារាឆ្នើម ៤ រូប តាំងពីបម្រើដល់ប្រយុទ្ធ ហាងឆេងតម្លៃខ្លួនក៏ហក់ដល់ចំណុចកំពូល រីឯប្រជាប្រិយភាពក៏មានគេទទួលស្គាល់ច្រើន ដល់តែក្រឡេកមកបច្ចុប្បន្ននេះ ក្រោមហេតុផលផ្សេងៗគ្នា ពួកគេក៏បានធ្លាក់ចុះ អស់កេរ្តិ៍ឈ្មោះត្រឹមមួយរំពេច សឹងតែមិនប្រាកដថាអាចងើប ឬត្រូវបង្ខំចិត្តចូលនិវត្តតែម្តង៖
ចូលចុះគ្រប់តំណែងលើទីលាន តាំងពីបម្រើប្រយុទ្ធ ឬសូម្បីតែប្រយុទ្ធស្លាបសងខាង ហើយអតីតសមាជិកក្លឹប AS Monaco រូបនេះ ត្រូវបានក្លឹប Real Madrid ទិញយកមកចូលរួម កាលរដូវក្តៅ ឆ្នាំ ២០១៤។
រជ្ជកាលមាសរបស់គេ គឺបានកើតឡើងនៅពេលឈរជើងថ្មីថ្មោងឲ្យស្តេចស ល្អទាំង Assist ល្អទាំងការបញ្ចប់ទី លុះក្រោយមកពេលសម័យកាល BBC មានតម្រូវការខ្លាំង ក៏វត្តមានរបស់កីឡាករកូឡុំប៊ីផ្តើមធ្លាក់ចុះទៅតាមនោះ តែគ្រាខ្ចីជើងឲ្យ Bayern នៅឆ្នាំ ២០១៧ ហាងឆេងក៏នៅខ្ពស់ល្បាក់ ៨០ លាន រួចទើបតែដាំក្បាលធ្លាក់ចុះខ្លាំង នៅឆ្នាំ ២០២១ ពេលផ្ទេរទៅ Everton មិនជោគជ័យ ហើយរកមិនឃើញគោលដៅច្បាស់លាស់ នេះ James បានក្លាយជាកីឡាករគ្មានក្លឹបឈរជើងទល់សព្វថ្ងៃ ពោលខកខានជាន់ទីលានជាងមួយខែមកហើយ។
៣) Philippe Coutinho
អភិវឌ្ឍខ្លួន ៥ ឆ្នាំនៅ Liverpool តម្លៃខ្លួនកីឡាករប្រេស៊ីលឡើងគុណ ១ ជា ១០ ដល់ចុងឆ្នាំ ២០១៨ ធ្លាប់ឡើងខ្ពស់ដល់ ១៥០ លានអឺរ៉ូ។ លុះបន្ទាប់មកចូលរួមនៅ Barcelona បង្ហាញឲ្យ Coutinho ឃើញថា មិនសុទ្ធតែការផ្លាស់ប្ដូរសុទ្ធតែជោគជ័យ សុទ្ធតែជាការជ្រើសរើសត្រូវនោះទេ ហើយ ៤ ឆ្នាំនៅអ្នកមានបុណ្យ បានទាញឲ្យគេធ្លាក់ចុះម្តងបន្តិចៗ ដល់តម្លៃខ្លួនពេលចុងក្រោយ ធ្លាក់សល់ត្រឹម ១៤ លានអឺរ៉ូ ក្រោយការផ្លាស់មកក្លឹបអង់គ្លេសជាថ្មី តែជាមួយ Aston Villa។
នេះបង្ហាញថា ដំណើររបស់កីឡាករវ័យ ៣០ ឆ្នាំ ផ្តើមពីទាបទៅខ្ពស់ ហើយក៏ធ្លាក់ខ្ពោកមកទីទាបដូចចំណុចរៀបនឹងរះសារជាថ្មី។
នេះគឺជាកីឡាករដែលមានតម្លៃផ្ទេរចូល Man Utd ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត កាលឆ្នាំ ២០១៦ ចេញពីសេះបង្កង់ ១០៥ លានអឺរ៉ូ ហើយនៅ ៣ ឆ្នាំបន្ទាប់ ល្បាក់ ២០១៩ ក៏ខ្សែបម្រើបារាំង នៅចេញច្បាំងជាប់លាប់ ដល់កើតភាពល្បីល្បាញរក្សាតម្លៃខ្លួន ១០០ លានអឺរ៉ូផងដែរ។
តែក្រោយមកដោយសាររបួសញាំញី ដោយសារសម្ពាធទទួលបានពីមជ្ឈដ្ឋានខាងក្រៅ កេរ្តិ៍ឈ្មោះរបស់ Pogba ក៏ហៅលែងលឺនាឆ្នាំបន្ទាប់ រហូតដល់ឥតមានពេលវេលាឈរជើងនៅ Old Trafford ទើបទីបញ្ចប់សម្រេចចាកចេញ និងវិលមកផ្ទះចាស់ Juventus ជាថ្មី តែនៅលក្ខខណ្ឌឥតតម្លៃខ្លួន។ ពេលនេះ Pogba ធ្លាក់ចុះហាងឆេងមកសល់ត្រឹម ២០ លាន ទាំងដែលកុងត្រាជាប់ជាមួយក្លឹបអ៊ីតាលីដល់ ៣ ឆ្នាំទៀត។
ការធ្លាក់ចុះដ៏សោកស្តាយបំផុត គឺសម្រាប់កីឡាករដ៏គួរឲ្យគោរពខ្សែបម្រើមុខស្រស់តោខៀវ Kante។ កាល Chelsea ឈ្នះពាន Europa និង Champions League នៅ ២ ឆ្នាំមុន ជាពេលវេលាកីឡាករបារាំង អាចងើបតម្លៃខ្លួនដល់ល្បាក់ ១០០ លានអឺរ៉ូ ហើយកាលនោះល្ហៀងៗជាប់ ថា Real Madrid ពិតជាចង់បាន។
តែមកទល់បច្ចុប្បន្នកត្តារបួសញាំញី បូកភាពវីវក់នឹងការធ្លាក់ចុះរបស់ក្លឹបផង ក៏នាំឲ្យ Kante សឹងតែត្រូវបានអ្នកគាំទ្របំភ្លេចបាត់ទៅហើយ។ បុរសវ័យ ៣២ ឆ្នាំ បានធ្លាក់តម្លៃខ្លួនមកត្រឹម ២០ លានអឺរ៉ូប៉ុណ្ណោះ ហើយអាចនឹងឈានដល់លក្ខខណ្ឌឥតតម្លៃខ្លួន ប្រសិនមិនបន្តនៅ ក្រោយចប់រដូវកាលខាងមុខ៕
ប្រភព៖ បរទេស