បើបណ្តែតបណ្តោយចុងក្រោយអាចមានវាសនាដូច Arsenal ក៏ថាបាន ឡើងសុខៗបែរត្រូវគេទាញទម្លាក់ពីចំណាត់ថ្នាក់កំពូលតារាង នេះក្លឹបសេដ្ឋី Paris Saint-Germain ក៏កំពុងធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាបណ្តើរៗហើយ បន្ទាប់តែបរាជ័យកាលពីយប់មិញទល់ក្លឹប Lorient ៣-១។
ជំនួបជុំទី ៣៣ នៅក្របខ័ណ្ឌបារាំង Ligue 1 ក្នុងទឹកដី Parc des Princes ក្លឹបម្ចាស់ផ្ទះបានធ្វើឲ្យអ្នកគាំទ្រមានការខកចិត្ត ដ្បិតអីមិនអាចយក ៣ ពិន្ទុពីក្លឹបកម្រិតបង្គួរ ហើយបណ្តោយឲ្យរងបរាជ័យ ទាំងដែលនេះ ជាឱកាសប្រជែងពានរង្វាន់ចុងក្រោយ ក្នុងចំណោមពាន ៤ របូត ២ ឈ្នះ ១។
កីឡាករក្លឹបភ្ញៀវ Enzo Le Fee បានបើកការនាំមុខនៅនាទី ១៥ មុនចូលដល់នាទី ២០ កើតមានការប៉ះទង្គិច ដែល Achraf Hakimi រងពិន័យកាតលឿងទីពីរ ស្មើនឹងកាតក្រហមមួយ ជាហេតុ PSG ត្រូវលេង ១០ ទល់ ១១ នេះចូលដល់នាទី ២៩ កំហុសរបស់អ្នកចាំទីក្លឹបភ្ញៀវ ដែលភាំងស្មារតីជាមួយអាជ្ញាកណ្តាល បានផ្តល់មួយគ្រាប់ Mbappe ធ្វើបានធូរៗ តែបន្តបន្ទាប់ទប់មិនជាប់ ត្រូវ Lorient ដាក់ពីរគ្រាប់ថែម ដោយ Darlin Yongwa និង Bamba Dieng។
នេះបើទោះបីនាំមុខ ៥ ពិន្ទុ ឈរកំពូលតារាង តែស្ថានភាពរបស់ PSG មើលទៅមិនស្រួល ព្រោះចំនួនចាញ់ឡើងដល់ ៦ ខ្ពស់ជាងទាំង Marseille ជាក្លឹបឈរលេខ ២ ទៅទៀត។ វាក៏កំពុងតែបន្ថែមសម្ពាធជាខ្លាំង ដល់តារាឆ្នើមល្បីឈ្មោះ ដូចកីឡាករជើងឯក និងជើងឯករង Lionel Messi ដូចគ្នានឹង Mbappe ដែលមតិពីខាងក្រៅធៀបពួកគេ ទៅនឹងរថយន្ត Lamborghini ឬ Bugatti មានតម្លៃរាប់លាន តែត្រូវគេយកមកប្លុងចោល រកតែជោគជ័យគ្មាន។
ពិតណាស់បើយើងមើលជារួមនៅរដូវកាល ២០២២/២៣ គឺ PSG មិនបានសម្រេចផ្លែផ្កាជាដុំកំភួនឡើយ ត្រង់ការឈ្នះពាន Trophee des Champions ក៏យើងពិបាកនឹងលើកមកធ្វើតែម ព្រោះវាត្រឹមជាតំណាងក្លឹបឈ្នះជើងឯកក្នុងស្រុក មកតតាំងគ្នាមួយប្រកួតយកឈ្នះចាញ់ កាលពីបើករដូវកាល។
រួចបើមើលទៅពានដែលឆ្លងការជម្រុះចម្រាញ់ច្រើនតង់នោះ PSG សឹងហៅលែងលឺ ពោលគឺបានធ្លាក់នៅវគ្គ ១៦ ក្រុមព្រមគ្នា ទាំងនៅពានរង្វាន់ Coupe de France និង UEFA Champions League។ នេះដំណើរជាមួយ Ligue 1 តែហ៊ានបណ្តោយ ថាមិនត្រូវ អាចខកខានមិនបានលើកក៏ថាបាន។
រំឭកអំពីប្រកួតសេសសល់របស់ PSG កំណត់ត្រូវប៉ះ Troyes, Ajaccio, Auxerre, Strasbourg និង Clermont Foot បញ្ចប់ត្រឹមដើមខែមិថុនា ហើយគ្រប់គូក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS Sports ផងដែរ។
និយាយអំពីអនាគតជើងឯក World Cup – Messi បន្តិច នេះគេសេសសល់សុពលភាពកុងត្រាត្រឹមចុងខែមិថុនា ឆ្នាំ ២០២៣ ឬបញ្ចប់រដូវកាលខាងមុខនេះឯង ហើយតាមចចាមអារ៉ាមល្ហៀងៗកីឡាករហាក់បើកបេះដូង ទទួលយកការត្រលប់ទៅផ្ទះចាស់ Barcelona តែស៊ីសងលើការចរចា និងស្ថានភាពច្បាប់ហិរញ្ញវត្ថុ ដែលតម្រូវឲ្យអ្នកមានបុណ្យដោះស្រាយឲ្យបានស្រួលបួលសិន។
ស្របពេលកីឡាករបារាំង Mbappe អាចបន្តនៅ តែគោលដៅធំ ចង់ឈ្នះពាន UCL ក៏មិនប្រាកដថានឹងងាយយកបាន ព្រោះប៉ុន្មានរដូវកាលចុងក្រោយ ប្តូរអស់ហើយ ទាំងមិត្តរួមក្លឹប ទាំងអ្នកចាត់ការ តែផ្លែផ្កាសម្រេចអស់ធំ ត្រឹមជើងឯករង មិនធ្លាប់ស្គាល់សោះ ក្លិនម្ចាស់ជើងឯក ជាលើកដំបូងក្នុងអាជីព៕
ប្រភព៖ បរទេស