Solari ​បាន​ក្លាយ​ជា​អ្នក​ចាត់ការ​ពេញ​សិទ្ធិ​នៅ Real Madrid ​ហើយ

ក្រោយ​ពី​ដឹក​នាំ​ក្រុម​ឈ្នះ ​៤​ប្រកួត​ជាប់​គ្នា​មក ​ពេល​នេះ​ក្លឹប Real Madrid ​បាន​ប្រកាស​តែងតាំង​លោក Santiago Solari ជា​អ្នក​ចាត់​ការ​ពេញ​សិទ្ធិ​តែ​ម្ដង។

ក្រោយ​លោក Julen ​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ទៅ ​លោក ​ដែល​ជា​គ្រូ​បង្វឹក​ថ្នាល​យុវជន​ក៏​មាន​ឱកាស​មក​ដឹក​នាំ​ក្រុម​បណ្ដោះអាសន្ន ​ដើម្បី​ឱ្យ Real Madrid ​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី។ យ៉ាង​ណា​មិញ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Solari ​ក្លឹប​អធិរាជ​ស ពិត​ជា​ធ្វើ​បាន​ល្អ ​ដោយ​៤​ប្រកួត ឈ្នះ​ទាំង​៤​ប្រកួត។ លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្លឹប​នេះ ​មាន​ទំនុក​ចិត្ត​លើ​អ្នក​ចាត់ការ​ថ្មី​នេះ ​ហើយ​យប់មិញ ​បាន​ប្រកាស​តែងតាំង​ជា​អ្នក​ចាត់ការ​ផ្លូវការ​តែ​ម្ដង។

បុរស​វ័យ​៤២​ឆ្នាំ​ខាង​លើ​បាន​និយាយ​ថា​លោក​ចង់​ដើរ​តាម​គន្លង​របស់ Zidane ​ដែល​ធ្លាប់​ចេញ​ពី​ថ្នាល​យុវជន​ហើយ​ដឹក​នាំ​ក្រុម​បាន​យ៉ាង​ជោគជ័យ។ ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម Real Madrid ​ពិត​ជា​មាន​សម្ពាធ​ខ្លាំង ព្រោះ​ក្លឹប​នេះ​ចង់​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ​​និងមាន​មហិច្ឆតា​ធំ​ណាស់។ ប៉ុន្តែ​នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ ​ព្រោះ​លោក​ក៏​ចូល​ចិត្ត​ការ​ប្រកួតប្រជែង​អីចឹង​ដែរ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT