Upamecano កូរ​ពេក​ដល់​បែក​ទម្រង់ Bayern ទី​បំផុត​កើត​ឈ្មោះ​ថ្មី​ជា “UpaMaguire”

ម្ចាស់​ពាន UEFA Champions League រដូវ​កាល ២០២២/២៣ កាន់​តែ​កៀក​នឹង​រក​ឃើញ ក្រោយ​តែ​សម្រេច​យក​បាន​ក្លឹប ៤ ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់ កំណត់​ឲ្យ Real Madrid ត្រូវ​ជួប Manchester City ចំណែក​ឯ​ត្រកូល Milan ទាំង​ពីរ ក៏​ត្រូវ​ជួប​គ្នា តែ​មាន​មួយនឹង​ត្រូវ​ធ្លាក់​ឥត​ប្រកែក​បាន។

យ៉ាង​ណា​ងាក​ទៅ​ប្រកួត​យប់មិញ​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS Sports នូវ​ជំនួប​ពិសេស Bayern Munich ទល់ City ក៏​កើត​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន​ផង​ដែរ ដ្បិត​បើ​បញ្ចប់​ ៩០ នាទី​ស្មើ ១-១ តែ​បូក​គ្រាប់​បាល់​ពីរ​ជើង សម្រេច​ថា ក្លឹប​អាល្លឺម៉ង់​ធ្លាក់ ក្លឹប​អង់គ្លេស​ឡើង។ ងាក​ទៅ​ម្ចាស់​អាវ​លេខ ២ Dayot Upamecano ជា​ខ្សែ​ការពារ​កណ្តាល​ថ្លៃ​បំផុត​លំដាប់​ទី​បី​របស់ Bayern បាន​រង​ការ​រិះគន់​ឥត​សំចៃ​មាត់ បន្ទាប់​តែ​បង្ក​កំហុស​ម្តង​ជា​ពីរ​លើក ដល់​ឲ្យ​មនុស្សយន្ត Erling Haaland រើ​បម្រាស់​ខ្លួន ឆ្ពោះ​ទៅ​ការ​បញ្ចប់​ទី​បាន​សម្រេច។

រំឭក​ទៅ​នាទី​ទី ២០ កំឡុង​ពេល Haaland ទទួល​បាន​ឱកាស​បាល់​ដាច់​មាត់ ព្យាយាម​អូស​ទៅ​ក្បែរ​ប្រអប់​ទី ស្រាប់​តែ​មាន​ការ​មក​រារាំង​ពី​ក្រោយ​មួយ​ទំហឹង ពី​សំណាក់​ខ្សែ​ការពារ​សញ្ជាតិ​បារាំង នាំ​ឲ្យ​អាជ្ញាកណ្តាល​មិន​សម្រេច​ចិត្ត​យូរ ក៏​រត់​មក​លើក​កាត​ក្រហម ទាំង​ដើម​តង់​ភ្លែត។ យ៉ាង​ណា​ក្រោយ​ពិនិត្យ VAR ឃើញ​ថា សាច់​បាល់​ត្រង់​នោះ​គឺ Offside នាំ​ឲ្យ Bayern មាន​ទឹក​មាត់​លេប​បន្ត។

ថា​នេះ​ជា​សំណាង​ទៅ​ចុះ ផ្លោះ​ដល់​តែ ១៥ នាទី​បន្ទាប់ ក៏​ Upamecano ដដែល បាន​សាង​កំហុស​ជា​ថ្មី ដោយ​បន្ទាប់​តែ Ilkay Gundogan ព្យាយាម​ស៊ុត​បាល់​សំដៅ​មក​ប្រអប់ ក៏​ស្រាប់​តែ​កីឡាករ​វ័យ ២២ ឆ្នាំ រារាំង​មិន​បាន​ល្អ នាំ​ឲ្យ​បាល់​ប៉ះ​ដៃ ហើយ​អាជ្ញាកណ្តាល​សម្រេច​លើក​កាត​លឿង និង​ផ្តល់​បាល់​ពិន័យ ១១ ម៉ែត្រ​ទៅ​ឲ្យ​ម្ចាស់ផ្ទះ City។

ល្អ​ដែរ សំណាង​របស់ Bayern បាន​កើត​មាន​ម្តង​ទៀត​ហើយ សារ​នេះ​នាទី ៣៧ វា​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​មនុស្សយន្ត​សញ្ជាតិ​ន័រវេស ដែល​មិន​ដឹង​បារមី​មក​ពី​ខាង​ណា នាំ​ឲ្យ​កីឡាករ​បែរ​ស៊ុត​បាល់​នោះ​ហៅ​ទៅ​លើ ឥត​ចំ​គោលដៅ បើ​ទោះ​បី​អ្នកចាំទី Yann Sommer លោត​ទៅ​ខុស​ខ្យល់​បាល់។

ការ​ប្រកួត​បាន​បន្ត​ចូល​ដល់​តង់​ទី ២ ខណៈ​ឱកាស​របស់​យុវជន​ប៉ូវ​ទឹក​ដោះ​នៅ​តែ​មាន ហើយ​ដល់​នាទី ៥៧ ការ​ប្រជែង​រវាង Haaland និង Upamecano សារ​នេះ គឺ​សំណាង​បាន​កើត​មាន​ដល់​ខាង City វិញ​ម្តង ត្រង់​ជញ្ជាំង​ការពារ​បារាំង ​រត់​មក​រាង​អស់​ជំហរ​ក៏​រអិល​ជើង​ដួល សល់​ចន្លោះ​សម្រាប់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវេស ចេញ​ក្បាច់​ទាញ​បាល់​ដូច Messi អូស​មក​បញ្ចប់​ទី​យ៉ាង​លឿន​ផុត​ទាំង​ជើង​ខ្សែ​ការពារ Matthijs de Ligt និង​ដៃ​អ្នកចាំទី​របស់ Bayern។

សរុប​កំហុស​ម្តង​ហើយ​ម្តង​ទៀត​នេះ ក៏​នាំ​ឲ្យ​អ្នក​អធិប្បាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍ beIN Sports បាន​ស្រែក​ចំអក​ដល់ Upamecano អស់​ពី​ចិត្ត​ថា​ជា “UpaMaguire” ពោល​ប្រដូច​ទម្រង់​លេង​កីឡាករ​វ័យ​ក្មេង Bayern ទៅ​នឹង​ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United គឺ Harry Maguire ដែល​ធំ​តែ​មាឌ ធ្វើ​មិន​បាន​ល្អ និង​រមែង​សាង​កំហុស​ជា​រឿយៗ។

គួរ​ឲ្យ​ដឹង​ថា ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Munich សេសសល់​ឱកាស​ប្រជែង​ពាន Bundesliga មួយ​គត់ ដ្បិត​ឱកាស​កាន់​ពាន ៤ ក្នុង​មួយ​រដូវ​កាល កន្លង​មក​សម្រេច​បាន​តែ​មួយ​គត់ នា​ពេលវេលា​បើក​ឆាក ជាមួយ​ពាន DFL-Supercup តែ​ធ្លាក់​នៅ DFB-Pokal និង Champions League ក្រោម​ថ្វី​ដៃ​ដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី លោក Thomas Tuchel៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT