ផ្ទះ​ច្រើន​ពេក​នៅ​អត់​អស់ Ronaldo ដាក់​មួយ​ល្វែង​ជួល​យក​លុយ​ចាយ តម្លៃ​មួយ​ខែ​ទិញ​បាន Pruis មួយ​គ្រឿង

​មិន​បាន​នៅ​ក្បែរ idol តែ​ក៏​មាន​ឱកាស​អាច​រស់នៅ​ក្នុង​ភូមិគ្រឹះ​ដែល Cristiano Ronaldo ធ្លាប់​ស្នាក់​អាស្រ័យ ប្រសិន​ជា​អ្នក​ហ៊ាន​ចំណាយ​លុយ​ល្បាក់​មុឺន​ដុល្លារ លើ​ការ​ជួល​កន្លែង​រស់នៅ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ។

តារា​ឆ្នើម​ចាស់​វស្សា កម្លាំង​បាន​ខាង​លើ ជា​ការ​ពិត​មាន​ផ្ទះ​តូច​ធំ ជា​ច្រើន​កន្លែង​នៅ​ទូទាំង​សកលលោក ជា​ពិសេស​គឺ​នៅ​ទ្វីប​អឺរ៉ុប តួ​យ៉ាង​ដូច​នៅ​ប្រទេស​អេស្ប៉ាញ អង់គ្លេស អ៊ីតាលី ព័រទុយហ្គាល់ និង​ចុង​ក្រោយ​នេះ ទើប​តែ​ផ្លាស់​មក​រស់នៅ​ក្នុង​ប៉ែក​មជ្ឈិមបូព៌ា នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត បន្ទាប់​ការ​ចុះ​ហត្ថលេខា​ផ្លាស់​មក​ក្លឹប Al Nassr។

យ៉ាង​ណា​ថ្មីៗ​កន្លង​ទៅ តារា​ឆ្នើម​វ័យ ៣៨ ឆ្នាំ បាន​ចាត់ចែង​ដាក់​ជួល​ភូមិគ្រឹះ​លោក​ធ្លាប់​ចាយ​ពេល​រស់នៅ​អស់​ជាង ៩ ឆ្នាំ ក្នុង​តំបន់ La Finca ​នៃ​រាជធានី Madrid ដែល​ផ្ទះ​ដ៏​ធំ​នោះ គ្រា​សាងសង់​សរុប​ចាយ​លុយ​អស់​ប្រមាណ​ជិត ៦ លាន​ដុល្លារ រចនា​ដោយ​ស្ថាបត្យករ​ល្បី​ឈ្មោះ​លោក Joaquin Torres។

ដល់​តែ​ឥឡូវ​នេះ អតីតសមាជិកស្តេចស គិតចង់​បង្កើត​ចំណូល ជា​ជាង​ទុក​ផ្ទះ​នោះ​ចោល ប៉ុន្តែ​មិន​សម្រេច​លក់​ចេញ​ទៅ​វិញ​ទេ បែរ​ដាក់​ឲ្យ​ជួល យក​លុយ​ចាយ​ប្រចាំ​ខែ ដោយ​តម្លៃ​ជួលក្នុង​មួយ​ខែ មាន​តម្លៃ​ជាង ១០ ៩៤០ ដុល្លារ ស្មើ​នឹង​ទំហំទឹកប្រាក់ ដែល​អាច​ទិញ​បាន​រថយន្ត Toyota Prius សេរ៊ី​ឆ្នាំ ២០០៥ ​មួយ​គ្រឿង ហើយ​នេះ​រាប់​ទាំង​ការ​ផ្តល់​ជូន​ឲ្យ​ប្រើប្រាស់​នូវ​សម្ភារៈ​ទាំង​អស់​ដែល​មាន​នៅ​ខាង​ក្នុង​ផ្ទះ។

ទីតាំង​រស់នៅ​ដ៏​ស្កឹមស្កៃ​នោះ មាន​ទ្វារ​ចូល​រចនា​ពិសេស អម​ដោយ​ស្លាក​សញ្ញា CR មាន​បន្ទប់​គេង ៧ បន្ទប់​ទឹក ៩ មាន​អាង​ហែល​ទឹក​ទាំង​ក្នុង​និង​ក្រៅ​ផ្ទះ អម​ដោយ​បន្ទប់​ហាត់ប្រាណ ហើយ​បរិវេណ​ធំ​ទូលាយ​នៅ​ខាង​ក្រៅ​ក៏​មាន​ទីលាន​បាល់ទាត់​ឯកជន លើ​ក្រឡា​ផ្ទៃ​ដី​ទំហំ ៤ ០០០ ម៉ែត្រការ៉េ។

គួរ​ឲ្យ​ដឹង​ថា ភូមិគ្រឹះ​របស់​ស្តេច​បាល់ទាត់​ព័រទុយហ្គាល់​ខាង​លើ ដំបូង​ឡើយ​ពេល​មិត្ត​ស្រី Georgina Rodriguez ទើប​ងើប​ចេញ​ពី​ជីវភាព​កម្រិត​មធ្យម ត្រឹម​ជា​បុគ្គលិក​នៅ​ហាង​លក់​ Gucci ​ពេល​មក​រស់នៅ​ទី​នោះ​ថ្មីថ្មោង ដល់​ថ្នាក់​នាង​ដើរ​វង្វេង ចង់​ទៅ​ផ្ទះ​បាយ​រក​ទឹក​ យក​មក​ទទួល​ទាន​ក៏​មិន​ឃើញ​ផង។

ផ្អែក​តាម​សម្រង់​សម្តី​របស់​តារា​ម៉ូដែល​ស្រី​កូន​កាត់​អាហ្សង់ទីន-អេស្ប៉ាញ​ធ្លាប់​បាន​លើក​ឡើង៖ “លើក​ទី​មួយ​ខ្ញុំ​មក​ផ្ទះ​របស់ Cristiano Ronaldo ជា​ការ​ពិត​គឺ​ខ្ញុំ​បាន​វង្វេង ខ្ញុំ​ចង់​ដើរសំដៅទៅផ្ទះ​បាយ​ដើម្បី​ញុាំ​ទឹក ក៏​អត់​ដឹង​ថា​ត្រូវ​ដើរ​ទៅ​ខាង​ណា ពេល​ខ្លះ​ទៅ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​កន្លះ​ម៉ោង ដើម្បី​គិត​រក​ឃើញ​បន្ទប់​ទទួល​ភ្ញៀវ ដោយសារ​ខ្ញុំ​អត់​ចាំ​ផ្លូវ​ទៅ ហើយ​ផ្លូវ​ត្រលប់​មក​វិញ​ទេ”។

នាង​បន្ត​ថា៖ “ផ្ទះ​នោះ​វា​ធំ​ខ្លាំង​ណាស់ តាំង​ពី​ក្មេង​មក ខ្ញុំ​ទម្លាប់​តែ​រស់នៅ​ក្នុង​បន្ទប់ Apartment តូចៗ ដល់​តែ​មក​រស់នៅ​ទី​នេះ ខ្ញុំ​សុំ​អស់​យោបល់ ជា​រួម​ប្រហែល​កន្លះ​ឆ្នាំ ទើប​ខ្ញុំ​អាច​ដឹង​ក្រឡុកក្រលៀត​ទាំង​អស់​ក្នុង​ផ្ទះ​នោះ”៕​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT