គ្រូបង្វឹកក្លិប Melbourne Victory និយាយថា Honda កាន់តែទៅមុខហើយ

គ្រូបង្វឹករបស់ក្លិប Melbourne Victory លោក Kevin Muscat ជឿជាក់ថា កីឡាករ Keisuke Honda នឹងអាចធ្វើបានល្អជាងនេះទៅទៀត ថ្វីបើគាត់ទើបតែចាប់ផ្តើមរដូវកាលថ្មីជាមួយក្រុមក៏ដោយ ។ ការនិយាយបែបនេះគឺក្រោយពី Honda បានរកគ្រាប់បាល់ ១គ្រាប់ ជួយឱ្យ Melbourne ឈ្នះ Central Coast Mariners ៤-១ កាលពីម្សិលមិញ ។

បើរាប់តាំងពីប្រកួតបើកឆាកមក Honda រកបាន ២គ្រាប់ហើយ និង Assist ៣គ្រាប់ ក្នុងការបង្ហាញខ្លួន ៤ប្រកួតនៅក្របខ័ណ្ឌ Hyundai A-League ។

លោក Muscat និយាយថា៖ « ការចូលរួមចំណែករបស់គាត់គឺធំធេងណាស់ ហើយឥលូវនេះ កីឡាករ ២-៣រូបរបស់យើងដូចជា Kosta, Jimmy Troisi, Storm Roux ដែលលេងជុំវិញគាត់នោះ គឺការផ្សារភ្ជាប់គ្នានេះគឺកាន់តែល្អទៅៗហើយ » ។

គួរឱ្យដឹងថា ឆ្លងកាត់ ៤ប្រកួតកន្លងមក Melbourne Victory កំពុងស្ថិតនៅលេខរៀងទី ៤ មាន ៦ពិន្ទុ ពីជ័យជម្នះ ២ លើក និងចាញ់ ២លើក ៕

ទស្សនាគ្រាប់បាល់កាលពីម្សិលមិញ ដែល Honda ស៊ុតបើកឆាកការប្រកួត៖

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT