សម្តេច​តេជោលើក​ឡើង​បី​ចំណុច​ និងស្នើ​បញ្ឈប់​​ការ​ជជែកវែកញែក និងរិះគន់អាជ្ញាកណ្តាល

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​អំពាវ​ឲ្យ​បង​ប្អូន​ដែល​ជា​អ្នក​គាំទ្រ​កីឡា​ប្រដាល់​គុន​ខ្មែរ​​បញ្ឈប់​ការ​រិះ​គន់ និងវាយប្រហាគ្នាទាក់ទិន​ទៅ​នឹងការប្រកួតរវាង កីឡាករ​កម្ពុជា​ ឈឿង ល្វៃ និង កីឡាករថៃ សាមមី បេនឆាមេក កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា នៅខេត្តសៀមរាប។តាមរយៈការផ្សាយបន្តផ្ទាល់នៅលើផេកផ្លូវការ សម្តេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​នូវ​ចំណុច​៣​សំខាន់​ដើម្បី​សម្រប​សម្រួល និង​បញ្ចប់​​ការ​រិះ​គន់ដូចខាងក្រោម៖

ទី១. សម្តេច​តេជោ​បាន​ឯកភាព​នឹង​លោក​ឧកញ៉ា ស្រី ចាន់ថន ពាក់​ព័ន្ធ​នឹង​កីឡាករ​​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​បន្ត​ទៅ​ទៀត​ទេ​សម្រាប់​អត្តពលិក​ជម្រើស​ជាតិ​កម្ពុជា​ដែល​ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម ដែល​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។សម្តេច​តេជោ​មាន​ប្រសាសន៍​ថា៖ “ប្រសិន​បើ​មាន​ហេតុការណ៍​កើត​ឡើង​ដូច​ជា​ករណី កីឡាករ ឈឿង ល្វៃ តើ​ជើង​របស់​គាត់​អាច​នឹង​ជា​សះ​ស្បើយ​មុន​ការ​ប្រកួត​ស៊ីហ្គេម​បាន​ឬ​ទេ? នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ឯកភាព​ជា​មួយ​នឹង​ទស្សនៈ​របស់លោក​ឧកញ៉ា ស្រី ចាន់ថន។ សូមឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​យក​ចិត្ត​ទុក​ដាក់ កុំ​ឲ្យ​មាន​ការ​ថ្លោះ​ធ្លោយ​ណា​មួយ​ទាក់​ទង​នឹង​​កីឡាករ​ដែល​ត្រូវ​ប្រកួត​ស៊ីហ្គេម​នៅ​ពេល​ខាង​មុខ“។

ទី​២. សម្តេច​តេជោបាន​លើក​ឡើង​ពី​គូ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ដែល​គូ​ខ្លះ​ប្រកួត​៣​ទឹក តែ​គូ​ ឈឿង ល្វៃ និងកីឡាករថៃ សាមមី ប្រកួត​​​៥​ទឹក។សម្តេច​តេជោ​មាន​ប្រសាសន៍​ថា៖ “បញ្ហា​នេះ តាម​ការ​បក​ស្រាយ និងការយល់ឃើញរបស់ខ្ញុំផ្ទាល់ ប្រហែល​ជា​គូ​នេះ​ជា​គូ​មិត្តភាព​។ តាមធម្មតា​នឹង​មិន​អាចកើត​ឡើង​ទេ បើ​មិន​មាន​ការ​ស្រុះ​ស្រួល​គ្នាមុន​​សម្រាប់​ចាត់​តាំង​មុនការ​ប្រកួត។ មិន​ថា ប្រកួត​តែ​៣​ទឹក រួច​ហើយ​ស្រាប់​តែ​​បង្ខំ​ឲ្យ​ប្រកួត​៥​ទឹកគឺ​ខ្ញុំ​យល់​ថា មិន​អាច​ទេ។ អីចឹង​បញ្ហា​នេះ​មាន​តែ​អ្នក​ចាត់​តាំង​ការ​ប្រកួត​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​នូវ​ចម្លើយ​លើ​បញ្ហា​នេះ​បាន“។

ទី​៣. សម្តេច​តេជោ​​បាន​ផ្តោត​​លើ​ករណី​រិះ​គន់ និងចោទ​ប្រកាន់​លើអាជ្ញា​កណ្តាល​ដែល​ចាប់​រាប់​កីឡាករ​ថៃ​គឺ​សម្តេច​តេជោ​បាន​យល់​ស្រប​តាម​​ការ​បក​ស្រាយ​របស់​អាជ្ញា​កណ្តាល។សម្តេច​តេជោ​បានមាន​ប្រសាសន៍​ថា៖ “យើង​មិន​អាច​យក​ឈ្នះ ត្រឹម​តែ​ចង់​បាន​ឈ្នះ ហើយ​អាច​នឹង​សម្លាប់​គូ​ប្រកួត​បាន​នោះ​ឡើយ។ នេះ​គឺ​ជា​រឿង​អគុណធម៌ ហើយ​វា​ខុស​ជា​មួយ​នឹង​ក្រិតក្រមនៃ​កីឡាផង​ដែរ។ នៅ​ពេល​ដែល​មាន​ការ​បាត់​បង់ការ​តប​ត​ហើយបែរ​ជា​គាត់​មាន​ការ​វ៉ៃ​បន្ថែម​គឺ​អាច​ឈាន​ដល់​ស្លាប់​ក៏​អាច​ថា​បាន។ ប្រសិន​បើ​រឿង​នេះ វា​បាន​កើត​​នៅ​លើ​ទឹក​ដី​កម្ពុជា វា​ធ្ងន់​ធ្ងរ​ជាង​អ្វី​ដែល​កំពុង​ជជែក​គ្នា ហើយ​រហូត​ដល់​ចោទ​ប្រកាន់​ថា អាជ្ញា​កណ្តាលកំពុង​តែ​ស៊ីសំណូកជន​ជាតិ​ថៃ។ ខ្ញុំ​មិន​យល់​ដូច្នោះ​ទេ។ ខ្ញុំ​យល់​ស្រប​ជា​មួយ​នឹង​ការ​បក​ស្រាយ​របស់​អាជ្ញា​កណ្តាល​ដែល​ចេញ​មក​បក​ស្រាយ​ក្នុង​ក្រប​ខណ្ឌ​វិជ្ជាជីវៈ។ នៅ​ពេល​ដែលបាត់​បង់​នូវ​ការតប​ត​ហើយ គឺ​ចាំ​បាច់​ណាស់ ត្រូវ​តែសង្គ្រោះ។ នៅ​ពេល​ដៃ​គូ​ម្ខាង​ទៀត​បាត់​បង់​ការ​តប​ត បើ​នៅ​តែ​បណ្តោយ​ឲ្យ​ថែមរហូត​ដល់​ម្ខាង​ស្លាប់ ធ្វើ​មិច​ឲ្យ​តែ​ខាង​ឈ្នះគឺ​មិន​អាច​ធ្វើ​យ៉ាង​ដូច្នោះ​ទេ។ វា​ជា​អគុណធម៌។ ខ្ញុំ​សុំឲ្យ​យោគ​យល់​។ យើង​បាន​ផ្តល់​​ឆន្ទានុសិទ្ធិសម្រាប់​អាជ្ញា​កណ្តាល​ដឹក​នាំ​ការ​ប្រកួតនេះរួច​ស្រេច​ទៅ​ហើយ។ គាត់​មាន​សិទ្ធិ​ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ។ ប្រសិន​បើ​ការ​ប្រកួត​នេះ គាត់​ចាប់​ដៃ​ ឈឿង ល្វៃ ហើយ​ទុក​ឲ្យ​ថៃ ជា​អ្នក​វ៉ៃ នោះ​បាន​គាត់​ខុស ប៉ុន្តែ​នៅ​ពេល​នេះ ឈឿង ល្វៃ កំពុង​វ៉ៃ​ទៅ​លើកីឡាករ​ថៃ​ដែល​កំពុង​បាត់​បង់​ជំហរ​រួច​ស្រេច​ទៅ​ហើយ​នោះ អាច​នឹង​បង្ក​ការលំបាក អាច​ដល់​ជីវិតក៏​អាច​ថា​បាន“៕

ប្រភព៖ កម្ពុជាថ្មី

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT