Haaland កៀក​ក្លាយ​ជា​ស្តេច​នៅ Premier League ខណៈ Mbappe ​ជីក​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ក្លឹប​សេដ្ឋី​បារាំង

អ្នក​អត់​គូ អ្នក​គេង​ផ្ទះ ​ក៏​ពុំ​មាន​អ្វី​ត្រូវ​រអ៊ូ​ច្រើន​ដែរ ដ្បិត​ឆ្នាំ​នេះ ​ចូល​ឆ្នាំ​ប៉ះ​ចុង​សប្តាហ៍ អត់​បាន​ទៅ​ដើរ​លេង​ឯ​ណា ក៏​អាច​នៅ​ផ្ទះ​គេង​មើល​បាល់ ​កម្សាន្ត​ជាមួយ​ទំព័រ CTS Sports។ ជាក់ស្ដែង​ដូច​យប់មិញ​បាន​បញ្ចប់​ទៅ​នូវ​ជំនួប​គូ​ពិសេស​ជា​ច្រើន រួច​ឡើង​មក​យប់​ថ្ងៃ​អាទិត្យ​នេះ ក៏​គីឡូ​ធ្ងន់ Arsenal, Barcelona និង Man Utd ជា​ដើម ​ដល់​កាលវិភាគ​ត្រូវ​ចូល​ទីលាន លាង​ភាព​អផ្សុក កំដរ​អារម្មណ៍​បងប្អូន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់។

នៅ​ដី​បារាំង ដី​អង់គ្លេស ក្រៅ​តែ​ក្លឹប​ធំ យក ៣ ពិន្ទុ​កើត​ជ័យជម្នះ ទៀត​សោត​ងាក​ទៅ​កីឡាករ​ឯ​ណោះ ក៏​បាន​ជីក​កំណត់ត្រា​ជា​ហូរហែ កែ​ឈ្មោះ​ខ្លួន​ឯង​ឲ្យ​ទៅ​ចំណុច​កំពូល​ត្រឹម​តែ​រយៈ​ពេល​ខ្លី។ នៅ​ជោគជ័យ ៣-១ របស់ PSG យក​ឈ្នះ​ទៅ​លើ ​Lens តារា​ឆ្នើម​វ័យ ២៤ ឆ្នាំ Kylian Mbappe បាន​ទាំង​គ្រាប់​បាល់ បាន​ទាំង Assist រួច​បើ​ងាក​ទៅ Man City បាន​យក​ឈ្នះ Leicester ​ក៏​មនុស្ស​យន្ត Erling Haaland ដែល​ទើប​តែ​ប៉ូវ​ទឹកដោះ គាស់​ដល់ ២ គ្រាប់ មុន​ប្តូរ​ចេញ​នៅ​បញ្ចប់​តង់​ទី​មួយ។

យើង​ទៅ​មើល​ស្ថិតិ​កីឡាករ​បារាំង ដែល​រក​បាន ៣២ គ្រាប់​ Assist ៩ លើក នៅ ៣៦ ប្រកួត​ឲ្យ PSG ជុំវិញ​គ្រាប់​បាល់​កាល​ពី​យប់មិញ គឺ​បាន​រុញ​ឈ្មោះ​របស់​គេ ឲ្យ​ក្លាយ​ទៅ​ជា Top Scorer ឬ​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​បង្អស់ ប្រចាំ​ប្រវត្តិសាស្រ្ត​ក្លឹប មាន​អាយុ​កាល ៥២ ឆ្នាំ។

កូន​អណ្តើក​ល្បឿន​លឿន​ខាង​លើ បាន​ឈាន​មក​ដល់​តួ​លេខ​គ្រាប់​បាល់​ទី ១៣៩ នៅ ១៦៩ ប្រកួត យក​ឈ្នះ​លើ​កំណត់ត្រា​ចាស់​គ្រង​ច្រើន​ឆ្នាំ ដោយ​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Edinson Cavani ធ្វើ​បាន ១៣៨ គ្រាប់ នៅ ២០០ ប្រកួត និង​អ្នក​បន្ទាប់​គឺ Zlatan Ibrahimovic ធ្វើ​បាន ១១៣ គ្រាប់ នៅ ១២២ ប្រកួត។

នេះ​មាន​ន័យ​ថា បំណង​ធំ​របស់​ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ស្តាំ គឺ​អាច​សម្រេច​បាន​ហើយ នៅ​ឡើយ​តែ​ការ​ឈ្នះ​ពាន Champions League មួយ​ទៀត ដែល​ចន្លោះ​នៅ​មិន​ទាន់​សម្រេច ទំនង​ប្រហែល​ទាមទារ​ការ​ចាកចេញ ផ្លាស់​ទៅ​ក្លឹប Real Madrid ទើប​ជា​ដំណោះស្រាយ។

និយាយ​ដល់​ឈ្មោះ​មនុស្ស​យន្ត​នៅ​ប៉ូវ​ទឹកដោះ Erling Haaland កំណត់ត្រា​ថ្មី​បាន​កើត​ឡើង​សឹង​គ្រប់​ការ​ប្រកួត បើ​ទោះ​បី​នេះ​ជា​រដូវ​កាល​ដំបូង ជាមួយ​ក្លឹប​នៅ​ទឹកដី​អង់គ្លេស។ សម្រាប់​យុវជន​សញ្ជាតិ​ន័រវេស ឈាន​ដល់​តួ​លេខ​គ្រាប់​បាល់​ទី ៣២ ក្នុង​ក្របខ័ណ្ឌ Premier League បន្ទាប់​ការ​បញ្ចប់​ទី​ពីរ​គ្រាប់​បន្ថែម ទល់​ក្លឹប Leicester នៅ​យប់​ថ្ងៃ​សៅរ៍។

​ហៅ​កំណត់ត្រា​ស្មើ​តួ​លេខ Mohamed Salah តែ​ Haaland ត្រូវ​ការ ២ គ្រាប់​ទៀត ដើម្បី​តាម​ស្មើ ឬ ៣ គ្រាប់​ដើម្បី​បំបែក កើត​ជា​ស្តេច​គ្រាប់​បាល់​នៅ Premier League នាំ​មុខ​លើ​កំណត់ត្រា​លំដាប់​កំពូល ជើង​ចាស់ Alan Shearer ធ្វើ​បាន​ ៣៤ គ្រាប់ នៅ​រដូវ​កាល ១៩៩៤/៩៥ ឲ្យ​កុលាប​ក្រហម Blackburn Rovers និង Andy Cole ​នៅ​រដូវ​កាល ១៩៩៣/៩៤ ឲ្យ​សេះ​សមុទ្រ Newcastle United។

បញ្ជាក់​ឲ្យ​ដឹង City នៅ​សេសសល់ ៨ ប្រកួត​ទៀត មុន​បញ្ចប់​រដូវ​កាល Premier League ​តួ​យ៉ាង​គឺ​ការ​ប៉ះ Arsenal, Fulham, West Ham, Leeds United, Everton, Chelsea, Brentford និង Brighton ខណៈ​ការ​ប្រជែង​ចំណាត់ថ្នាក់​កំពូល​តារាង គឺ​នៅ​ចាញ់​កាំភ្លើង​ធំ ៣ ពិន្ទុ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT