គ្រូជម្រើសជាតិមីយ៉ាន់ម៉ា « វាអាចជាគុណសម្បត្តិ និងគុណវិបត្តិ ដែលយើងចាប់ផ្តើមការប្រកួតដំបូងក្រោយគេ »

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ ម្សិលមិញ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា លោក Antoine Hey បាននិយាយថា ដោយការចាប់ផ្តើមប្រកួតដំបូងរបស់ក្រុមខ្លួនចំថ្ងៃប្រកួតទីពីរ ក្នុងពូល A វាអាចនឹងជះផលវិជ្ជមាន និងអវិជ្ជមាន មកលើក្រុមខ្លួន ព្រោះថាកម្ពុជា បានលេងប្រកួតដំបូងរួចទៅហើយ ។

លោក Antoine « កម្ពុជា បានចាប់ផ្តើមការប្រកួតរបស់គេរួចមកហើយ ដូចនេះពួកគេអាចនឹងកំពុងតែមានចង្វាក់លេងល្អ តែបើតាមខ្ញុំមើលនៅក្នុងពេលហ្វឹកហាត់ឃើញថាក្រុមរបស់យើងពិតជាចង់ចាប់ផ្តើមការប្រកួតឆាប់ៗនេះ » ។

លោកបន្ថែមថា៖ «​ កីឡាករទាំងអស់បានធ្វើការយ៉ាងល្អនៅពេលហ្វឹកហាត់នៅកាតា ពួកយើងបានរៀបចំប្រព័ន្ធដ៏ល្អមួយសម្រាប់ពួកគេ ក៏ដូចជាការប្រកួតដ៏លំបាក ប៉ុន្មានប្រកួត ។ ដូចនេះខ្ញុំពិតជាមានសុទិដ្ឋិនិយមខ្លាំងណាស់ ហើយសង្ឃឹមថាយើងនឹងទទួលបានលទ្ធផលល្អ »។
៨:
គួរបញ្ជាក់ថា មីយ៉ាន់ម៉ា នឹងត្រូវប្រកួតទល់នឹង កម្ពុជា នាម៉ោង ៦ល្ងាចថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ នៅក្នុងទីក្រុង ម៉ាន់ដាឡៃ ប្រទេសមីយ៉ាន់ម៉ា ខណៈការប្រកួតមួយគូទៀតក្នុងពូល រវាង ម៉ាឡេស៊ី ទល់នឹង ឡាវ នឹងធ្វើឡើងនៅម៉ោង ៨ និង ៤៥នាទី ក្នុងរដ្ឋធានីកូឡាឡាំពួរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT