លោក Carlo Ancelotti ពេញចិត្តនឹងលទ្ធផលរបស់ Real Madrid ឈ្នះ ២-០ ទៅលើ Chelsea ប៉ុន្តែបានសង្កត់ធ្ងន់ថា ពួកគេត្រូវតែត្រៀមខ្លួនដើម្បីប្រយុទ្ធ និងលះបង់ក្នុងជើងទីពីរនៅកីឡដ្ឋាន Stamford Bridge។Madrid សម្លឹងឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលទីបីជាប់ៗគ្នា បន្ទាប់ពីពួកគេបានយកឈ្នះលើ ក្រុមធ្លាក់ទម្រង់របស់លោក Frank Lampard នៅកីឡដ្ឋាន Santiago Bernabeu។
ការបរាជ័យនេះបានធ្វើឱ្យ Chelsea គ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួតចំនួន ៤ប្រកួតជាប់ៗគ្នា ប៉ុន្តែ Ancelotti នៅតែប្រកាន់ខ្ជាប់ថា Real Madrid នឹងត្រូវប្រឹងប្រែងដើម្បីបញ្ចប់ការងារនៅជើងទីពីរ។
គាត់បានប្រាប់ BT Sport ថា៖
“ខ្ញុំស្គាល់បាល់ទាត់ច្បាស់ណាស់ ហើយកីឡាកររបស់ខ្ញុំដឹងថាយើងមានពេល ៩០នាទីទៀតដើម្បីលេង ហើយវានឹងពិបាក ហើយយើងត្រូវតែ ត្រៀមខ្លួនឲ្យបានរួចរាល់។
យើងបានឈ្នះ ២-០ យើងមានអាទិភាពជាងក្នុងការប្រកួតនេះ ប៉ុន្តែមិនទាន់រួចរាល់នៅឡើយទេ។ Chelsea គឺជាក្រុមដ៏ល្អមួយដែលមាន កីឡាករល្អ ហើយយើងត្រូវតែតស៊ូប្រយុទ្ធ និងលះបង់នៅកីឡដ្ឋាន Stamford Bridge។ នេះគឺជារឿងធម្មតាទេ វាជាវគ្គ ៨ក្រុមចុងក្រោយ នៃ Champions League។
យើងពេញចិត្តនឹងការប្រកួតនេះ វាជាការប្រកួតដ៏ល្អមួយ ហើយឥឡូវនេះ យើងផ្តោតលើការប្រកួតបន្ទាប់”៕