Haaland ​ដឹកដៃ City លី​ជ័យជម្នះ ទះ Bayern បី​ដៃ ដ្បិត​អី Cancelo នៅ​តែ​សង្ឃឹម​កាន់​ពាន

ថា​ប្តូរ​គ្រូ​ថ្មី ដើម្បី​ក្តោប​ក្តីស្រមៃ​សេសសល់ ការ​ឈ្នះ​ពាន ៣ នៅ​រដូវ​កាល​ទោល ដល់​តែ​ឥឡូវត្រឹម​តែ​មួយ​រំពេច Bayern ប្រុង​របូត​ពាន ២ ​បាត់​ទៅ​ហើយ ដូច DFB-Pokal ធ្លាក់​ត្រឹម​វគ្គ ៨ ក្រុម ក្រោម​ថ្វី​ជើង SC Freiburg ដល់​តែ​យប់មិញ​នា​វគ្គ​ដដែល តែ​ជាមួយ​ពាន UEFA Champions League ក៏​ប្រឈម​នឹង​ការ​ធ្លាក់​ចេញ​ដូច​គ្នា បន្ទាប់​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ លោក Thomas Tuchel រង​បរាជ័យ​ស្ពឹក​មុខ ០-៣ ក្រោម​ថ្វី​ជើង​សំពៅ​មាស Manchester City។

គ្រាប់​បាល់​ក្នុង​ទឹកដី Etihad ធ្វើ​បាន​ដោយ Rodri, Bernardo Silva និង Erling Haaland ដែល​មាន​ន័យ​ថា បក​ទៅ​ជើង​ទី ២ នៅ​ដី​អាល្លឺម៉ង់ ចាំ​បាច់ Bayern ត្រូវ​យក​ឈ្នះ ៣-០ វិញ ដើម្បី​បន្ត​ទៅ​ការ​ថែម​ម៉ោង ឬ​យក​ឈ្នះ ៤-០ ដាច់ ទើបអាច ​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់។ លទ្ធផល​សម្រេច​ជើង​ទី ២ ​គូ​នេះ​បែប​ណា ក៏​កុំ​ភ្លេច Follow ផេក CTS SPORT ​ម្នាក់​មួយ ទុក​ចាំ​អ៊ុត​មើល​នា​ថ្ងៃ​ទី ២០ មេសា​ជុំ​គ្នា។

តើ​អ្នក​ដឹង​ទេ​ថា ទាំង​មនុស្ស​យន្ត Erling Haaland និង​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Manchester បាន​ចារ​កំណត់ត្រា​ជា​ហូរហែ ​ក្រោយ​ប្រែ​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ​នៅ​យប់មិញ​? ជាក់ស្តែង​ដូច​យុវជន​សញ្ជាតិ​ន័រវេស តាំង​ពី​នៅ​ឈរ​ជើង​ឲ្យ​ក្លឹប Borussia Dortmund ឥត​ស្គាល់​សោះ​ឡើយ ជ័យជម្នះ​ទល់​ក្លឹប​ក្នុង​ទីក្រុង Munich ដល់​ឥឡូវ​ គេច​មក​លេង​ឲ្យ City ប៉ះ​គ្នា​នៅ​ជំនួប​ទី ៨ ស្គាល់​ជ័យជម្នះ​ភ្លែត ជាមួយ​ស្ថិតិ​ការ​រក​បាន​ ១ គ្រាប់​និង Assist ១។

ជាង​នេះ​យុវជន​វ័យ ២២ ឆ្នាំ បាន​កត់ឈ្មោះ​នៅ​កំណត់ត្រា​ថ្មី​សន្លាង គឺ​ជា​កីឡាករ​ Premier League រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​គ្រប់​ក្របខ័ណ្ឌ​ទាំង​អស់​នា​រដូវ​កាល​ទោល ពោល​ធ្វើ​បាន ៤៥ គ្រាប់ ដ្បិត​ការ​ប្រកួត​សេសសល់ ១១ ជុំ យក​ឈ្នះ​លើ​ម្ចាស់​កំណត់ត្រា​ចាស់ Mohamed Salah និង Ruud van Nistelrooy។

ទន្ទឹម​នឹង​សមិទ្ធផល​កំពុង​សម្រេច ក៏​ត្រូវ​បានអ្នកវិភាគ លោក Joe Cole លើក​ឡើង​យ៉ាង​ដូច្នោះ​ថា៖ “Haaland គេ​កាន់​តែ​ល្អ​ឡើង​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត កាន់​តែ​ពេញ​លក្ខណៈ​ខ្លាំង​ឡើង ខ្ញុំ​និយាយ​ទៅ Ferdinand ថា​ចាំ​មើល​ចុះ ក្មេង​ប្រុស​ម្នាក់​នេះ នឹង​អាច​រក​បាន ១០០០ គ្រាប់​ក្នុង​អាជីព គាត់​លឺ​ហើយ​សើច តែ​ខ្ញុំ​នៅ​តែ​ថា វា​អាច​ទៅ​រួច បើ Haaland គេ​បន្ត​ឈរ​ជើង​ដល់​អាយុ​ ៣០ ក្រាស់ ហើយ​អត់​ជួប​របួស​ញាំញី”។

ឥឡូវ​យើង​ងាក​ទៅ​មើល City ​ឯ​ណោះ​វិញ នេះ ១០ ប្រកួត​ក្នុង​ដី​ខ្លួន​ឯង​ទល់​ក្លឹប​មក​ពី​អាល្លឺម៉ង់ ឈ្នះ​ទាំង​អស់ ឥត​ស្គាល់ ចាញ់ ជាមួយ​ការ​រក​បាន​សរុប ៤០ គ្រាប់ របូត ១០ គ្រាប់ ក្នុង​ចំណោម​ការ​តតាំង​ទល់ Bayern Munich, RB Leipzig, Borussia Dortmund, FC Schalke 04, Hoffenheim និង Borussia Monchengladbach។

បន្ត​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត Pep Guardiola បាន​ដឹកនាំ City ឲ្យ​ក្លាយ​ឈ្មោះ​ជា​ក្លឹប Premier League តែ​មួយ​គត់ មិន​ស្គាល់​ពាក្យ​ថា ចាញ់ ក្នុង​ដី ច្រើន​ប្រកួត​បំផុត​នៅ UCL នេះ ២៥ ប្រកួត ឈ្នះ ២៣ ស្មើ ២។

ចុងក្រោយ​អំពី​ស្ថានភាព Joao Cancelo សមាជិក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្លឹប​អាណាព្យាបាល City តែ​កំពុងខ្ចីជើងឈរ​នៅ Bayern ប្រសិន​ណា​ជា​ក្លឹប​អាល្លឺម៉ង់​ធ្លាក់ ហើយ​ក្លឹប​អង់គ្លេស​ឡើង បន្ត​ទៅ​ដល់​​វគ្គ​ផ្តាច់ព្រ័ត្រ រួច​ឈ្នះ​ពាន​រង្វាន់ នោះ​ឈ្មោះ​របស់​គេ ក៏​មាន​ចំណែក​ជា​ម្ចាស់​ពាន Champions League រដូវ​កាល ២០២២/២៣ ផង​ដែរ ក្នុង​ចំណោម​មេដាយសម្រាប់សមាជិក​ទាំង ៤០ ដែល UEFA ផ្តល់​ជូន ព្រោះ​នា​វគ្គ​ចែក​ពូល ក៏ Cancelo បាន​ចូលរួម​ចំណែក​ឈរ​ជើង និង Assist ដល់ ៤ គ្រាប់ ផ្គាប់ចិត្ត​មេឃ​ខៀវ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT