គុនខ្មែរជាក្បាច់គុនដែលត្រូវបានបន្សល់ទុកពីដូនតាខ្មែរតាំងពីបុរាណកាលមក។ ក្រោយមានការប៉ះទង្គិចជាមួយប្រទេសក្បែរខាងថៃទាក់ទិនទៅនឹងបញ្ហាឈ្មោះក្បាច់គុន និងស្ថិតនៅក្នុងស្ថានភាពនៃការកើនឡើងការគាំទ្រពីសំណាក់អ្នកគាំទ្រជាតិ និងអន្តរជាតិ លោកឧញ្ញា ស្រី ចាន់ថន សម្រេចប្រកាសបង្កើតក្លឹបប្រដាល់ស្តង់ដារអន្តរជាតិមួយ ដោយដាក់ឈ្មោះថា “គុនខ្មែរជើងឯកពិភពលោក“ ឬ “Kun Khmer World Champion”។នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ប៉ុន្មានថ្ងៃមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ លោកឧញ្ញា ស្រី ចាន់ថន បានសម្រេចចាប់ផ្តើមបើកកម្មវិធីបញ្ចុះបឋមសិលាសាងសង់ពហុកីឡដ្ឋានគុនខ្មែរជើងឯកពិភពលោក ដែលនឹងលេចរូបរាងនៅលើទឹកដីវិហារសួគ៌ ក្នុងសួនកម្សាន្ត Jet’s Garden Park របស់លោកឧកញ្ញាផ្ទាល់តែម្តង។ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ លោកឧកញ្ញាមានប្រសាន៍នៅក្នុងគេហទំព័រហ្វេសប៊ុកដូច្នេះថា៖
“ជំរាបសួរបងប្អូនទាំងអស់គ្នា នេះគឺជារូបភាពខ្លះៗអំពីទិដ្ឋភាពនៅក្នុងកម្មវិធីបញ្ចុះបឋមសិលាសាងសង់ពហុកីឡដ្ឋានគុនខ្មែរជើងឯកពិភពលោក។ ក្នុងពេលដ៏ឆាប់ខាងមុខនេះ បងប្អូននឹងបានឃើញពហុកីឡដ្ឋានគុនខ្មែរជើងឯកពិភពលោក លេចរូបរាងនៅលើទឹកដីវិហារសួគ៌ ក្នុងសួនកម្សាន្ត Jet’s Garden Park របស់យើង។ ទីបំផុតកម្ពុជាមានពហុកីឡាដ្ឋានគុនខ្មែរដែលមានរចនាបទខ្មែរទាំងស្រុង នៅលើទឹកដីខ្មែរដំបូងគេហើយ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន។”
ក្នុងនោះលោកឧកញ្ញាក៏បានប្តេជ្ញាចិត្តសម្រុកធ្វើការសាងសង់ទាំងយប់ទាំងថ្ងៃដើម្បីសម្រចការសាងសង់អគារកីឡដ្ឋានឲ្យបានឆាប់បំផុត។គួរបញ្ជាក់ផងដែរថាកីឡដ្ឋានគុនខ្មែរជើងឯកពិភពលោកមានប្រាំបីទិស នឹងមានរចនាបថចម្លាក់គុនខ្មែរនៅតាមសសរទាំងប្រាំបី និងខ្លោងទ្វារផងដែរ។ នៅក្នុងកីឡដ្ឋានប្រាំបីទិសនេះនឹងអាចផ្ទុកអ្នកទស្សនារហូតទៅដល់ ៣៥០០នាក់៕