គណៈគ្រប់គ្រងការប្រកួត (PGMOL) បានសម្រេចដកបញ្ឈរជើងលោក Constantine Hatzidakis ជំនួសការអាជ្ញាកណ្តាលជាបណ្តោះអាសន្ន កំឡុងពេលកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយ FA ករណីប្រើកែងដៃទៅលើកីឡាករ Andy Robertson កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន។តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ នេះថា លោក Hatzidakis មានការជាប់ពាក់ព័ន្ធទៅនឹងការប្រើកែងដៃប៉ះចំចង្ការរបស់ខ្សែការពារក្លឹប Liverpool គឺកីឡាករ Andy Robertson នៅពេលតវ៉ាជាមួយគាត់នៅអំឡុងបញ្ចប់វគ្គទី១ ក្នុងប្រកួតដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ រវាង Liverpool និងកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Anfield។
ភ្លាមៗនោះដែរក្រោយកើតហេតុ ទាំងកីឡាករអន្តរជាតិស្កុតឡេន Robertson និងមិត្តរួមក្រុមជាច្រើនមានការខឹងសម្បារ និងរត់ទៅប្តឹងលោកអាជ្ញាកណ្តាលក្នុងទីលាន Paul Tierney ទៀតផង។
PGMOL (Professional Game Match Officials Limited) បានចេញសេចក្តីថ្លែងការណ៍ថា៖
“លោក Constantine Hatzidakis នឹងពុំមានភារកិច្ចក្នុងកម្មវិធីប្រកួតណាមួយទៀតឡើយ នៅអំឡុងពេល FA កំពុងស៊ើបអង្កេតលើរឿងនេះ”៕