លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសក្នុងកម្មវិធីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២១-២២ និងទិសដៅឆ្នាំសិក្សា២០២២-២៣ នៅថ្ងៃទី១០ ខែមេសា ថានឹងមានកម្មវិធីចម្រៀងសិល្បៈក្នុងកម្មវិធីបើកកីឡាស៊ីអាគ្នេយ៍លើកទី៣២។ ក្នុងកម្មវិធីចម្រៀងសិល្បៈនោះ នឹងមានបទចម្រៀងចំនួន៣បទដែលរៀបចំដោយ ស.ស.យ.ក ក្នុងនោះបទចម្រៀងទី១ក្រោមចំណងជើងថា កម្ពុជាស្វាគមន៍ ច្រៀងដោយកញ្ញា នីគី (Nikki) បទនេះជាពេលវេលារបស់យើង ចៀងដោយលោក ជី ដេវីដ និងបទកម្ពុជាជាផ្ទះរបស់យើង ច្រៀងដោយកញ្ញា វី ដាណែត។
បើទោះមានការបញ្ជាក់ពីលោក អ៊ុក សិទ្ធិជាតិ ប៉ុន្តែបទចម្រៀងទាំង៣បទនេះ នៅមិនទាន់បង្ហោះជាផ្លូវការនៅលើបណ្តាញសង្គមណាមួយនៅឡើយទេ។ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡារូបនេះ បន្ថែមថា ក្រៅពីចម្រៀង៣បទនេះ ក៏មានការចូលរួមប្រគុំតន្ត្រីពីសំណាក់ក្រុម MCT125 របស់កងរាជអាវុធហត្ថ នាពិធីបើកកីឡាអាស៊ីអាគ្មេយ៍លើកទី៣២ ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូង ផងដែរ។
នាពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមផ្លូវការពីម៉ោង៦ល្ងាច ថ្ងៃទី៥ ខែឧសភាតទៅ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានរៀបចំកម្មវិធីជាច្រើនរហូតដល់១៧កម្មវិធីឯណោះ ដោយមានវត្តមានសម្តេច ហ៊ុនសែនផងដែរ។ ក្រៅពីប្រគុំតន្ត្រី មានពិធីដង្ហែក្បូនប្រតិភូចូលទីលាន ពិធីសច្ចាប្រណិធានអាជ្ញាកណ្តាល-ចៅក្រម និងអត្តពលិក សុន្ទរកថាខ្លីរបស់លោក Thomas Bach ប្រធានគណៈកម្មាធីការអូឡាំពិកអន្តរជាតិ (IOC) ប្រកាសបើកផ្លូវការការប្រកួតស៊ីហ្គេមលើកទី៣២ របស់សម្តេច ហ៊ុន សែន និងរត់ភ្លើងគប់ និងដុតភ្លើងគប់ធំ ជាមួយការដុតកាំជ្រួចជាដើម៕
ប្រភព៖ ថ្មី ថ្មី