បើប៉ះគ្រូខ្លាំង ឲ្យតែសិស្សខំ មិនយូរមិនឆាប់ នឹងខ្លាំងដូចជាគ្រូដែរ តែថាមិនត្រូវក៏មានសិស្សខ្លះ អាចខ្លាំងជាងគ្រូផងក៏មាន។ ងាកមកក្នុងវិស័យបាល់ទាត់ អតីតសិស្ស អតីតជំនួយការមួយចំនួនរបស់លោក Pep Guardiola បើក្រឡេកមើលសមិទ្ធផលនៅពេលចុងក្រោយ គឺបានកើតជោគជ័យមិនគួរឲ្យជឿ ហើយក៏ដើរទន្ទឹមគ្នា អណ្តែតឈ្មោះនៅកំពូលតារាង ល្បីសាយពាសពេញលីគកំពូលអឺរ៉ុប៖
៣) Vincent Kompany
មុនការចូលនិវត្តនៅឆ្នាំ ២០២០ អតីតកាល ខ្សែការពារសញ្ជាតិបែលហ្សិក ក៏ធ្លាប់រួមរស់ក្រោមទ្រនំក្លឹបមេឃខៀវ Manchester City ហើយឆ្លងកាត់ការដឹកនាំរបស់លោក Pep Guardiola អស់រយៈកាលជាង ៣ ឆ្នាំ។ យ៉ាងណាបន្ទាប់តែព្យួរស្បែកជើងភ្លាម Kompany ក៏បោះជំហានមកកាន់អាជីពថ្មី ជាអ្នកចាត់ការភ្លែត ដំបូងឡើយដឹកនាំក្លឹប RSC Anderlecht រួចពេលចុងក្រោយ កំពុងកាន់តំណែងនៅក្លឹប Burnley។
នារដូវកាលដំបូង លោកបានបង្ហាញផ្លែផ្កាជោគជ័យត្រឹមមួយរំពេច ដោយបានស្រោចស្រង់ស្ថានការណ៍ក្លឹប Burnley ដែលទើបតែធ្លាក់ចេញពីលីគលំដាប់ទីមួយ Premier League នារដូវកាលចាស់ ឲ្យមកសម្រេច Promote ឡើងពី Championship នៃលីគលំដាប់ពីរ ដ្បិតបើរដូវកាលមិនទាន់ត្រូវបានបញ្ចប់។
គួរឲ្យដឹងថា បន្តទៅរដូវកាលបន្ទាប់ ក៏មានន័យថា Kompany នឹងមានឱកាស ទៅតតាំងអតីតក្លឹបរបស់ខ្លួននៅ Premier League ក៏ជាការសាកល្បងទឹកដៃដឹកនាំទល់អតីតគ្រូខ្លួនឯងជាលើកទីពីរ បន្ទាប់ថ្មីថ្មោងកន្លងទៅ ត្រូវ City ហូបស្ពឹកមុខ ៦-០ នៅ FA Cup។
២) Xavi Hernandez
បន្ទាប់ពីរដូវកាលចាស់ មិនបានឈ្នះពានអ្វីទាំងអស់ ផ្លោះមកដល់រដូវកាលថ្មី ២០២២/២៣ អ្នកមានបុណ្យ អាចសង្ឃឹមកាន់ពាន ២ បន្ទាប់តែបំបាក់ Real Madrid ៣-១ នៅ Supercopa de Espana កាលពីដើមឆ្នាំ។ ងាកមក La Liga សម្រាប់ក្លឹបដឹកនាំដោយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ក៏សង្ឃឹមខ្ពស់ដល់ ៩០ ភាគរយឯណោះ ដ្បិតមកដល់ជុំទី ៣៧ នាំមុខលើក្លឹបលេខពីរ ដល់ ១២ ពិន្ទុ។
ដោយឡែកយើងងាកទៅមើលប្រវត្តិរបស់ Xavi ឯណេះ កាលនៅជាកីឡាករ ក៏ធ្លាប់ស្ថិតក្រោមការដឹកនាំរបស់ Guardiola ផងដែរ ជាក់ស្តែងកាលនៅក្លឹបម្ចាស់ដី Camp Nou ចន្លោះឆ្នាំ ២០០៨ ដល់ ២០១២ អ៊ីចឹងក៏រាប់ថា ធ្លាប់បានរៀនសូត្រ និងសិក្សាច្បាស់ ពីបែបបទមួយចំនួនរួចហើយដែរពីគ្រូធំ។
១) Mikel Arteta
ពីអតីតដៃស្តាំ ឬជំនួយការ បែរមកក្លាយជាគូប្រជែង ហើយខ្លាំងជាង Guardiola ទៅទៀត ដ្បិតកំពុងដឹកនាំ Arsenal ឆ្ពោះទៅវិថីត្រៀមលើកពាន Premier League ក្រោយក្លឹបខកខានអស់រយៈកាល ២០ ឆ្នាំ។
គិតត្រឹមជុំទី ៣០ កាំភ្លើងធំ មាន ៧៣ ពិន្ទុ នាំមុខ ៦ ពិន្ទុទៅលើ City ហើយពួកគេនឹងត្រូវប៉ះគ្នាជាថ្មី នៅជុំទី ៣៣ នាថ្ងៃទី ២៧ មេសា។ មតិជាច្រើនជឿថា វាអាចសម្រេចការឈ្នះពាន ត្រឹមថ្ងៃនោះឯង បើ Arteta អាចឆ្លងផុតគីឡូមេចាស់ ម្ល៉េះ Premier League ក៏ល្មមអាចកក់ទុក ចាំតែថ្ងៃលើកប៉ុណ្ណោះ៕
ប្រភព៖ បរទេស