អ្នកខ្លាំងពិតប្រាកដ មិនចាំទល់តែឱកាសមក ទើបភ្ញាក់រៀបចំខ្លួននោះទេ ផ្ទុយទៅវិញ គេបានខិតខំ ត្រៀមលក្ខណៈរួចជាស្រេច សឹមតែឱកាសមកដល់ គឺចាប់យកឥតឲ្យរបូតឡើយ។
មេរៀនលើទីលានបាល់ទាត់ ក៏ឥតខុសពីជីវិតខាងក្រៅ ដែល CTS Sports តែងចែករំលែក នេះមិនខុសពី Scott McTominany ជាក់ស្តែងដូចពេលចុងក្រោយ Manchester United ត្រូវបាត់បង់ Casemiro ម្តងហើយម្តងទៀត ដូចគ្នានឹងអវត្តមាន Christian Eriksen ក៏ជាពេលវេលាផ្តល់ឲ្យ កីឡាករស្កុតឡែន ហើយជាលទ្ធផល គេពិតជាបានបង្ហាញផ្លែផ្កាដូចការគ្រោងទុក។
នៅកំឡុងដើមឆ្នាំ ២០២៣ ពោលរាប់ក្នុងខែមករា McTominay មិនសូវទទួលបានឱកាសជាប់លាប់ឡើយ ហើយបូកផ្សំរបួសញាំញីផង ក៏នាំឲ្យគេត្រូវសម្រាកក្រៅទីលានមួយរយៈពេល។ តែក្រោយការត្រលប់មកវិញនៅខែកុម្ភៈ ចំពេលតួឯក Casemiro ជាប់ពិន័យកាតច្រើនប្រកួត ក៏នាំឲ្យអ្នកចាត់ការលោក Erik ten Hag សម្រេចផ្តល់ឱកាស ដល់ខ្សែបម្រើវ័យ ២៦ ឆ្នាំ ជាប់លាប់ សឹងគ្រប់ការប្រកួត នៅតំណែងបម្រើការពារ។
មួយវឹបដែល McTominay មិនព្រមបោះបង់ ហើយបានត្រៀមលក្ខណៈរួចរាល់ ទោះមិនបានជាប់ជម្រើសដំបូង ទីបំផុតការខិតខំ ក៏បានកើតជាផលតបស្នងត្រលប់មកវិញ ជាពិសេសចាប់លេចធ្លោខ្លាំង កំឡុងពេល International Break ដែលពីរប្រកួតនៅវគ្គជម្រុះបឋម Euro ជួយជម្រើសជាតិស្កុតឡែន យកបាន ៦ ពិន្ទុពេញ។
គ្រាប៉ះប្រទេសស៊ីបយកឈ្នះ ៣-០ មានពីរគ្រាប់កើតចេញពីថ្វីជើង McTominay ដូចគ្នានឹងប្រកួតបន្ទាប់ទល់អេស្ប៉ាញ យកឈ្នះ ២-០ ក៏ទាំងពីរគ្រាប់ ធ្វើបានដោយតួឯកតែមួយរបស់ក្រុមស្កុតឡែន។ បញ្ចប់ខែមិនា វិលមកប្រកួតជាថ្មី ឲ្យក្លឹបម្ចាស់ដី Old Trafford ទាំង ៣ ប្រកួតកន្លងមកដូចទល់ Newcastle, Brentford និង Everton កីឡាករជំនាញជើងស្តាំ សុទ្ធសឹងបានជាប់ជម្រើសដំបូង ហើយលេងជិតពេញតង់ និងទើបរកបានមួយគ្រាប់ថ្មីថ្មោងកាលពីយប់មិញ ក៏ជាគ្រាប់បាល់ដំបូងនៅ Premier League រដូវកាលនេះ នៅជ័យជម្នះទល់ស្ករគ្រាប់ខៀវ។
បន្ទាប់តែការបង្ហាញទម្រង់លេងដ៏ល្អមួយវឹបចុងក្រោយនេះ ក៏នាំឲ្យកើតដំណឹងថា ក្លឹបធំៗនៅអឺរ៉ុប ជាក់ស្តែងដូច Newcastle United បានដាក់គោលដៅចង់បានកូនបិសាចខាងលើជាខ្លាំង ហើយបើតាមសារព័ត៌មាន Daily Star ចុះផ្សាយ ខាងក្លឹបអាណាព្យាបាលក្នុងទីក្រុង Manchester ក៏បានដាក់ចេញតម្លៃខ្លួនកីឡាករមកហើយដែរ ពោតលោតពីជាង ២០ លានផោន មុនពាក់កណ្តាលខែមិនា មកទល់ ៥០ លានផោន នៅក្រោយសប្តាហ៍ទីមួយខែមេសា។
អំពីការសម្រេចចិត្តរបស់កីឡាករ ក៏ធ្លាប់គិតចង់ចាកចេញពីក្លឹបកាន់ឆ្នាំមួយនេះ ដ្បិតមួយរយៈមុនមិនសូវទទួលបានឱកាស ជាពិសេសគ្រា Ten Hag ចំណាំប្រើតែ Bruno Fernandes, Casemiro និង Eriksen រួមគ្នាញឹកញាប់នៅតំបន់ស្នូល។ ឥឡូវជួនពេល McTominay ល្អវិញ ម្ល៉េះអ្នកត្រូវសម្រេច គឺជាគ្រូសញ្ជាតិហូឡង់ ថាគួរបោះបង់នរណា រក្សាទុកនរណា រួចបើជ្រើសយកកីឡាករស្កុតឡែន ក៏ទំនងទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលមួយផ្នែក ដើម្បីជាកាដូលើកទឹកចិត្ត៕
ប្រភព៖ បរទេស