ពហុកីឡដ្ឋានជាតិ ឬ ស្តាតអូឡាំពិកជាពហុកីឡដ្ឋានដែលបានបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយម និងត្រូវបានប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡា ជាតិ និងអន្តរជាតិនានា។ ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកីឡាសុីហ្គេម ២០២៣ ពហុកីឡដ្ឋានមរតកតេជោត្រូវបានក្លាយជាទីតាំងគោលសម្រាប់ទទួលការប្រកួតផ្លូវការនៃកីឡា តំបន់អាសុីអាគ្នេយ៍មួយនេះ។
មុនការចាប់ផ្តើមកីឡាសុីហ្គេម ២០២៣ ស្តាតអូឡាំពិកត្រូវបានកែលម្អសម្រាប់ការប្រកួតវគ្គជម្រុះតាមពូលកីឡាបាល់ទាត់ផ្នែកបុរស។ ទោះជាយ៉ាងណា ក្តី ពហុកីឡដ្ឋានជាតិមួយនេះក៏ត្រូវបានរៀបចំកែលម្អសម្រាប់កីឡា ៩ប្រភេទផ្សេងទៀតផងដែរ។
ការរៀបចំ និងកែលម្អស្ទើតែរួចរាល់ទាំងស្រុងសម្រាប់ទទួលការប្រកួតចំនួន ៩ប្រភេទកីឡាដែលក្នុងនោះរួមមាន បាល់ទាត់បុរស (ពូល A), បាល់ទះ, បាល់ទឹក, កាយសម្ព័ន្ធ, ប៉េតង់, សីដក់, សូហ្វតិន្នីស, លើកទម្ងន់ និងកីឡារាំ។ថ្លែងនៅថ្ងៃចុះទៅត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅពហុកីឡដ្ឋានជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖
“ថ្ងៃនេះគណៈកម្មាធិការជាតិមានគោលការណ៍មួយដ៏សំខាន់ គឺយើងពិនិត្យទីលាន ដើម្បីរៀបចំការប្រកួតតាមប្រភេទកីឡានីមួយៗ នៅជុំវិញអូឡាំពិករបស់យើង។ ជាក់ស្ដែងនៅទីនេះ គឺយើងមានភាពកក់ក្ដៅ ហើយក៏មានមោទកភាពចំពោះបណ្ដាទីតាំងទាំង ៩ប្រភេទកីឡា ដែលយើងបានពិនិត្យ ឃើញថា រៀបរយអស់ហើយ”៕
ប្រភព៖ CAMSOC