តារាឆ្នើមរបស់ក្លឹប Paris Saint-Germain (PSG) កីឡាករ Lionel Messi បាននិយាយថា គាត់តែងតែស្រមៃចង់ក្លាយជាកីឡាករបាល់ទាត់ ហើយមិនដែល គិតចង់ធ្វើអ្វីផ្សេងពីនេះទេ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ គឺជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា ជាមួយនឹងពានរង្វាន់ Ballons d’Or ចំនួនប្រាំពីរ។ ក្រៅពីនេះ គាត់បានឈ្នះរាល់ពានធំៗជាមួយក្លឹប និងប្រទេសគ្រប់ទាំងអស់។
គួរកត់សម្គាល់ថា Messi ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានបញ្ហាកង្វះអ័រម៉ូនលូតលាស់នៅពេលគាត់មានអាយុត្រឹមតែ ១១ឆ្នាំ។ គ្រូពេទ្យរបស់គាត់បាន ព្យាករណ៍ថាគាត់នឹងមិនលូតកម្ពស់លើសពី ៤ហ្វីត និង ៧អ៊ីងនោះទេ។
ប្រសិនបើ Barcelona មិនបានយកចិត្តទុកដាក់លើរូបគាត់ ដោយយល់ព្រមក្នុងការមើលថែទាំការព្យាបាលរបស់គាត់នោះ Messi ទំនងជាមិនអាចបង្កើតឈ្មោះសម្រាប់ខ្លួនឯងដូចសព្វថ្ងៃនេះទេ។ កីឡាករជើងឆ្វេងរូបនេះនឹងត្រូវបង្ខំឱ្យប្រកបអាជីពផ្សេងទៀត ប្រសិនបើជំងឺអ័រម៉ូនរបស់គាត់មិនត្រូវបានគេព្យាបាលនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ Messi បានផ្តល់ការឆ្លើយតបដ៏គួរឱ្យចាប់អារម្មណ៍នៅពេលសួរថាតើគាត់នឹងទៅជាយ៉ាងណាប្រសិនបើគាត់មិនមែនជា កីឡាករបាល់ទាត់។ កំពូលតារា PSG បាននិយាយថា គាត់មិនដែលគិតពីជម្រើសអាជីពផ្សេងក្រៅពីការលេងបាល់ទាត់ទេ ដោយប្រាប់ Bolavip ថា៖
“នោះជារឿងដ៏លំបាកមួយ។ កាលខ្ញុំនៅក្មេង ខ្ញុំសុបិនចង់ក្លាយជាកីឡាករបាល់ទាត់ ហើយគ្មានគិតចង់ធ្វើអ្វីផ្សេងក្រៅពីនេះទេ”៕