បើនិយាយដល់ឈ្មោះកីឡាករស៊ីថ្លៃខ្ពស់បំផុតក្នុងលោកនៅពេលបច្ចុប្បន្ន គឺជា Cristiano Ronaldo ទទួលបានជាង ២០០ លានដុល្លារ/ឆ្នាំ ដោយឡែកកំណត់ត្រាអ្នកចាត់ការឯណោះ គឺ Diego Simeone បានរក្សាទុកអស់កាលជាយូរ ជាមួយថ្លៃឈ្នួលជាង ៣៦ លានដុល្លារ រៀងរាល់រដូវកាលពីក្លឹប Atletico Madrid។
ក៏ប៉ុន្តែកំណត់ត្រានេះ មិនយូរមិនឆាប់ថាមិនត្រូវអាចអ្នកថ្មីជំនួស ប្រសិនណាជាដំណើរចរចាកិច្ចព្រមព្រៀងរវាងភាគីជម្រើសជាតិនៅអាស៊ី និងបុរសសញ្ជាតិព័រទុយហ្គាល់ Jose Mourinho សម្រេចកើតឡើងជាផ្លូវការ។ នៅព្រឹកថ្ងៃសុក្រនេះ មានដំណឹងភ្ញាក់ផ្អើល ជុំវិញការចង់ចាយលុយធំ ចេញពីហោប៉ៅសហព័ន្ធបាល់ទាត់ប្រចាំប្រទេសអ្នកមានអារ៉ាប៊ីសាអូឌីត ដោយដាក់គោលដៅធំ ទៅលើអ្នកចាត់ការជាប់រហស្សនាម “Special One” ដ្បិតសព្វថ្ងៃកំពុងឈរជើង នៅក្លឹបអ៊ីតាលី AS Roma។
តាមសារព័ត៌មាន Corriere dello Sport បានឲ្យដឹងថា ជម្រើសជាតិស្ថិតនៅប៉ែកមជ្ឈិមបូព៌ា និងរាប់ចូលក្នុងចំណោមសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ហាក់កំពុងចង់បានវត្តមានអតីតអ្នកចាត់ការក្លឹប Real Madrid ជាខ្លាំង ដោយសន្យាព្រមផ្តល់ឲ្យនូវប្រាក់ឈ្នួល ៦៥ លានដុល្លារ/ឆ្នាំ លើសុពលភាពកុងត្រា ២ ឆ្នាំពេញ ជាមួយនឹងសិទ្ធផ្តាច់កុងត្រានៅឆ្នាំដំបូង ឬអាចបន្តដល់ឆ្នាំ ២០២៦។
ទំហំនេះ បើអ្នកចាត់ការវ័យ ៦០ ឆ្នាំ ព្រមព្រៀងទម្លាក់ចុងប៊ិចស៊ីញ៉េទទួលយកតំណែងនោះ ក៏មានន័យថា នឹងអាចចារកំណត់ត្រាថ្មី នាមអ្នកចាត់ការកើបប្រាក់ឈ្នួលខ្ពស់បំផុតក្នុងលោក លើកំណត់ត្រាចាស់របស់ Simeone គុណទ្វេដង។
យើងមិនទាន់អាចដឹងច្បាស់ អំពីការសម្រេចចិត្តរបស់ Mourinho នៅឡើយ ដ្បិតសព្វថ្ងៃសេសសល់កុងត្រាជាមួយក្លឹប Roma ដល់ចុងខែមិថុនា ឆ្នាំ ២០២៤ ហើយក៏រាប់បានថា ស្ថិតលើផ្លូវឆ្ពោះទៅភាពជោគជ័យ បន្ទាប់ការសម្រេចសមិទ្ធផលបើកឆាក ឈ្នះពាន UEFA Europa Conference League ជាលើកដំបូង។
នារដូវកាល ២០២២/២៣ ក្លឹបស្ថិតក្នុងទីក្រុងរ៉ូម កំពុងឈរចំណាត់ថ្នាក់ទី ៥ មាន ៥០ ពិន្ទុស្មើក្លឹប Top 4 នៅតារាង Serie A ស្របពេលឱកាសដណ្តើមពាននៅ Europa League ក៏សេសសល់ ដ្បិតឡើងមកវគ្គ ៨ ក្រុម ប៉ះ Feyenoord ត្រៀមជួបគ្នា នាថ្ងៃទី ១៣ មេសាខាងមុខ។ ដោយឡែកនៅពានក្នុងស្រុក Coppa Italia បានធ្លាក់បាត់ទៅហើយ ត្រឹមវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។
ទោះជាយ៉ាងណាថ្នាក់ដឹកនាំក្លឹប Roma ពិតជាចង់បន្តកុងត្រាថ្មី រក្សាទុកវត្តមាន Mourinho ទន្ទឹមសព្វថ្ងៃផ្តល់ឲ្យប្រាក់ ១០ លានដុល្លារ/ឆ្នាំ តែចរចាកុងត្រាដំណាក់កាលបន្ទាប់ អាចនឹងឡើងខ្ពស់ជាងនេះក៏ថាបាន។
គួរឲ្យដឹងថា អំពីជម្រើសជាតិកំពុងឈរលេខ ៥ ប្រចាំតំបន់អាស៊ី និងលេខ ៥៤ សម្រាប់ចំណាត់ថ្នាក់ទូទាំងសកលលោក នៅពេលចុងក្រោយបានចាយលុយក្រាស់ក្រែល ដើម្បីតែបង្កើនប្រជាប្រិយភាព ក៏ដូចជាសាងរចនាសម្ព័ន្ធបាល់ទាត់នៅក្នុងផ្ទៃប្រទេសឲ្យរីកសាយទៅខាងក្រៅ លើគោលដៅចង់ជោគជ័យដេញថ្លៃយកភាពជាម្ចាស់ផ្ទះ World Cup 2030៕
ប្រភព៖ បរទេស