សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានរៀបចំព្រឹត្តិការណ៍បុរេការប្រកួតកីឡាបាល់ទាត់លើតុរយៈពេល២ថ្ងៃ ពីថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០២៣ នៅទីលានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ត្រៀមស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ នៅកម្ពុជា។កីឡាបាល់ទាត់លើតុនេះ នឹងត្រូវដាក់ឲ្យប្រកួតក្នុងស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ដោយមានមេដាយដូចប្រភេទកីឡាផ្សេងៗដែរ ប៉ុន្តែគ្រាន់តែមិនរាប់បញ្ជូលក្នុងបញ្ជីមេដាយផ្លូវការប៉ុណ្ណោះ។ សហព័ន្ធសង្ឃឹមថា បន្ទាប់ពីស៊ីហ្គេម ២០២៣ នៅកម្ពុជា ប្រភេទកីឡាដ៏ពេញនិយមមួយនេះ នឹងត្រូវដាក់បញ្ចូលឲ្យប្រកួតជាផ្លូវការ ក្នុងស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ខាងមុខ ក៏ដូចជារីកចម្រើននៅក្នុងតំបន់អាស៊ានផងដែរ។
ការប្រកួតបាល់ទាត់លើតុបុរេស៊ីហ្គេម រយៈពេល២ថ្ងៃនេះ មាន៤ប្រទេសចូលរួម ដោយមាន៥ក្រុម ក្នុងនោះម្ចាស់ផ្ទះ ២ក្រុម។ គោលបំណងចម្បងនៃបុរេប្រកួតស៊ីហ្គេមនេះ គឺដើម្បីតេស្តសមត្ថភាពកីឡាករ កីឡាការិនី និងតេស្តសមត្ថភាពមន្ត្រីអាជ្ញាកណ្តាល ចៅក្រម រួមទាំងការរៀបចំរបស់មន្ត្រី មុនការប្រកួតស៊ីហ្គេម ជាផ្លូវការ ចូលមកដល់នាខែឧសភា ខាងមុខ។
គួរបញ្ជាក់ថា បុរេការប្រកួតនេះ មានចំនួន៥វិញ្ញាសា ដូចគ្នានឹងវិញ្ញាសាដែលត្រៀមប្រកួតស៊ីហ្គេម លើកទី៣២ ដែរ ដោយក្នុងនោះ មានវិញ្ញាសាឯកត្តជនបុរស-នារី គូបុរស-នារី និងចម្រុះបុរស-នារី៕
*[Cambodia 2023]