តាម​គ្រួសារ ឬ​តាម​កំណត់ត្រា​​វាល់​លាន បើមួយ​វិនាទី​នៅ​ក្លឹប​ថ្មី Messi អាច​រក​បាន​ជាង ៥ មុឺន​រៀល

សព្វថ្ងៃ​កំណត់ត្រា​កីឡាករ​បាល់ទាត់​ស៊ី​ថ្លៃ​បំផុត​ក្នុង​លោក គឺ Cristiano Ronaldo រក​បាន​ប្រមាណ ២០៨ លាន​ដុល្លារ/ឆ្នាំ ពី​ក្លឹប​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត Al Nassr។ យ៉ាង​ណា​កំណត់ត្រា​នេះ នឹង​អាច​មាន​អ្នក​ចារ​តួ​លេខ​ថ្មី ក៏​ជា​គូ​ប្រជែង​កាន់​ឆ្នាំ​របស់ CR7 នោះ​គឺ Lionel Messi បន្ទាប់​ផ្ទុះ​ដំណឹង​ភ្ញាក់ផ្អើល កាល​ពី​យប់មិញ ចេញ​ពី​ប្រភព​អ្នក​រាយការណ៍​គួរ​ឲ្យ​ទុក​ចិត្ត Fabrizio Romano។

CTS Sports សូម​ច្របាច់​រឿងរ៉ាវ​អាច​យក​ជា​ការ ជុំវិញ​អនាគត​របស់​ម្ចាស់​ជើង​ឯក World Cup ដែល​កំពុង​មិន​ប្រាកដប្រជា​ជាមួយ​ក្លឹប​បច្ចុប្បន្ន Paris Saint-Germain៖

១) ការ​ចែក​ផ្លូវ​រវាង PSG

តាម​កាសែត ESPN រាយការណ៍​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ តារា​ឆ្នើម​វ័យ ៣៥ ឆ្នាំ ទំនង​ជ្រើស​យក​ផ្លូវ​ចាកចេញ ជា​ជាង​ការ​បន្ត​នៅ ទន្ទឹម​នឹង​សុពលភាព​កុងត្រា​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា​ខាង​មុខ។ ក៏​ដោយសារ​តែ​ក្លឹប​សេដ្ឋី​បារាំង កំពុង​ប្រឈម​នឹង​ការ​ល្មើស​ច្បាប់ FFP ទាមទារ​ឲ្យ​មាន​កាត់​ប្រាក់​ឈ្នួល​កីឡាករ​កំពូល​ជា​ចាំ​បាច់ ពោល​ទាមទារ​ឲ្យ Messi ថយ​ប្រាក់​រក​បាន ២៥ ភាគរយ ដែល​សំណើ​នេះ ពុំ​បាន​ធ្វើ​ឲ្យ​កីឡាករ​ ហាក់​ព្រម​លះបង់​នោះ​ឡើយ ដ្បិត​អី​ភាព​ចុះសម្រុង​រវាង​ផ្ទៃ​ក្នុង​ក្លឹប កំពុង​ឆ្ពោះ​ទៅ​សញ្ញា​ដក បូក​ផ្សំ​នឹង​ការ​ធ្លាក់​ទម្រង់​លេង ពិបាក​នឹង​ស្រោចស្រង់​ផង។

២) ការ​ដាក់​សំណើ​របស់ Barcelona

តាម​របាយការណ៍​ពី​អ្នក​កាសែត​ Vero Brunati បាន​ចុះ​ផ្សាយ​ជុំវិញ​ចំណុច​ធំៗ នៅ​ក្នុង​សំណើ​លើកដំបូង​ដែល Barcelona នឹង​ផ្ញើ​ទៅ​កាន់ Messi ​មាន​ដូច​ជា៖

-ការ​ផ្តល់​ជូន​ប្រាក់​ឈ្នួល​ប្រហែល​នឹង Robert Lewandowski ពោល​ល្បាក់ជាង ១០ លាន​អឺរ៉ូ/ឆ្នាំ
-ការ​បែងចែក​ភាគរយ​មួយ​ផ្នែក នៃ​ប្រាក់​ចំណូល​ទទួល​បាន​ពី​ក្រុមហ៊ុន​ឧបត្ថម្ភ
-កុងត្រា​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៥ (អម​សិទ្ធ​អាច​បន្ត​ថ្មី ១ ឆ្នាំ​បន្ថែម)
-រៀបចំ​ការ​ប្រកួត​ពិសេស ក្រៅ​ផ្លូវការ​មួយ​សម្រាប់ Messi អម​ដោយ​អ្នក​គាំទ្រ​ពេញ​កីឡដ្ឋាន

៣) ការ​ដាក់​សំណើ​របស់ Al Hilal

នេះ​ជា​រឿង​រសើប​ដែល​កំពុង​ផ្ទុះ​ឡើង ដ្បិត​ក្លឹប​កំពុង​ឈរ​លេខ ៣ នៅ Saudi Pro League ក៏​រាប់​ជា​គូ​ប្រជែង​របស់ Al Nassr ​ហាក់​ចង់​បាន Lionel Messi មក​ចូលរួម​ជា​ខ្លាំង ដើម្បី​ឲ្យ​ចាប់​ដៃ​គូ​ជាមួយ​អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Man Utd, Odion Ighalo ​កំពុង​ឈរ​តំណែង​ជា Top Scorer។

សំណើ​ផ្តល់​ជូន​ផ្លូវការ ចុះ​ផ្សាយ​ដោយ Fabrizio Romano គឺ Al Hilal ផ្តល់​ជូន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ក្នុង​លោក ដល់​ទៅ ៤០០ លាន​អឺរ៉ូ ឬ​ប្រហែល ៤៣៨ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ ទំហំ​នេះ​គុណ​ចែក​ទៅ មួយ​ខែ Messi អាច​រក​បាន​ជាង ៣៦ លាន​ដុល្លារ ស្រប​ពេល​មួយ​សប្តាហ៍​ចូល​ជាង ៩ លាន រួច​គិត​ឲ្យ​ទាប​បំផុត​ត្រឹម​មួយ​វិនាទី បាន ១៤ ដុល្លារ ឬ​ជាង ៥ មុឺន​រៀល​លុយ​ខ្មែរ​ឯ​ណោះ។

យើង​មិន​ច្បាស់​ថា ស្តេច​ពពែ​អាហ្សង់ទីន នឹង​គិតគូរ​បែប​ណា​ទេ ដ្បិត​កន្លង​មក​ល្ហៀងៗ​ថា​ក្រុម​គ្រួសារ មាន​ប្រពន្ធ​និង​កូន ពិត​ជា​ចង់​ទៅ​រស់នៅ​ក្នុង​តំបន់​កាតាឡូញ៉ា ពោល​ចង់​ឲ្យ​ស្វាមី​វិល​ទៅ​ក្លឹប Barcelona តែ​បើ​យើង​ស្រមៃ​អំពី​អនាគត ឱកាស​កើប​ប្រាក់​ធំ មុន​ការ​ចូល​និវត្ត សំណើ​របស់​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត គឺពិត​ជា​ពិបាក​នឹង​មើល​រំលង៕

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT