លម្អិតអំពីមូលហេតុដែលម្ចាស់ក្លឹប Chelsea លោក Todd Boehly សម្រេចចិត្តបញ្ចប់តំណែង Graham Potter

ម្ចាស់ក្លឹប Chelsea លោក Todd Boehly បានសម្រេចចិត្តបញ្ចប់តំណែងអ្នកចាត់ការ Graham Potter ពីភារកិច្ចរបស់គាត់ បន្ទាប់ពីកិច្ចប្រជុំមិនបានជោគជ័យកាលពីព្រឹកថ្ងៃអាទិត្យ។Potter បានចូលកាន់តំណែងពី Thomas Tuchel ក្នុងខែកញ្ញា ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ ប៉ុន្តែបានបរាជ័យក្នុងការបង្វែរជោគវាសនារបស់ក្រុមតោខៀវក្នុងរដូវកាលនេះ ដោយក្លឹបកំពុងអង្គុយយ៉ាងអាម៉ាស់ក្នុងចំណាត់ថ្នាក់ទី១១ ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពី ២៨ប្រកួត។

បន្ទាប់ពីចាញ់ Aston Villa នាពេលថ្មីៗនេះ Boehly បានរៀបចំការប្រជុំដ៏លំបាកជាមួយ Potter នៅព្រឹកថ្ងៃអាទិត្យ។ តាមប្រភពពីកិច្ចប្រជុំបានពន្យល់ថា ម្ចាស់គ្រប់គ្រងក្លឹប Chelsea មានបំណងផ្តល់ពេលវេលាបន្ថែមដល់អ្នកចាត់ការរូបនេះ ដើម្បីបង្វែរជោគវាសនាក្លឹប ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំបានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងតែម្តង។


Boehly និងម្ចាស់គ្រប់គ្រងផ្សេងទៀត Behdad Eghbali បានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្លឹបដោយថ្លែងអំណរគុណដល់ Potter សម្រាប់ការរួមចំណែករបស់គាត់ចំពោះក្លឹប៖

“ក្នុងនាមអ្នកគ្រប់គ្នានៅក្នុងក្លឹប យើងចង់ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ Graham សម្រាប់ការចូលរួមចំណែករបស់គាត់ចំពោះ Chelsea។ យើងមានការគោរពខ្ពស់បំផុតចំពោះ Graham ក្នុងនាមគ្រូបង្វឹក និងជាបុគ្គលម្នាក់។ គាត់តែងតែដឹកនាំខ្លួនឯងប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ហើយយើងទាំងអស់ខកចិត្តនៅក្នុងលទ្ធផលនេះ។

រួមជាមួយនឹងអ្នកគាំទ្រដ៏អស្ចារ្យរបស់យើង យើងទាំងអស់គ្នានឹងនៅពីក្រោយ Bruno និងក្រុម នៅពេលដែលយើងផ្តោតលើរដូវកាលដែលនៅសេសល់នេះ។យើងមានការប្រកួត Premier League ១០ទៀតដែលនៅសល់ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅខាងមុខ។ យើងនឹងខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តចំពោះរាល់ការប្រកួតទាំងអស់នោះ ដើម្បីយើងអាចបញ្ចប់រដូវកាលនេះប្រកបដោយកម្រិតខ្ពស់។”

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT