លេខ ៤ គ្រប់​កន្លែង​ សំពៅ​សែង​ហង្ស​ទម្លាក់​ទឹក ឥត​ខុស​ពី​ក្លឹប​ធំៗ​ដទៃ​បើក​ស្វាគមន៍​ខែ​មេសា

ការ​ប្រកួត​បាល់ទាត់​នៅ​លីគ​កំពូល​អឺរ៉ុប​បាន​ត្រលប់​មក​វិញ​ជា​ថ្មី ដូច​កាល​ពី​យប់មិញ បាន​ផ្សាយ​បន្ត​ផ្ទាល់​ជំនួប​ពិសេស​ជា​ច្រើន​គូ​ រង្គើ​ទំព័រ CTS Sports ហើយ​យប់​នេះ​ក៏​នឹង​មាន​ជិត ១០ គូ​ផ្សេង​ទៀត តែ ៣ គូ​ធំៗ បងប្អូន​មិន​គួរ​រំលង ដូច Real Madrid-Real Valladolid, Newcastle ទល់ Manchester United និង PSG ទល់ Lyon ម្ល៉េះ​ក៏​កុំ​ភ្លេច​ចុច Follow ផេក​នេះ​ម្នាក់​មួយ​ឲ្យ​ហើយ​ទៅ ដើម្បី​ទទួល​បាន​ការ​ទស្សនា​យ៉ាង​ឆាប់​រហ័ស។

រំឭក​ទៅ​យប់មិញ នៅ​ថ្ងៃ​ទី Liverpool ខែ Man City ដល់​តែ​មក​ថ្ងៃ​នេះ ជា​ថ្ងៃ Dortmund ខែ Bayern ហ្នឹង​ហើយ គឺ​កើត​ចំនួន​គ្រាប់​បាល់​ ចំ​ថ្ងៃ​បើក​ក្បាល​ទំព័រ​ខែ​ថ្មី ខែ​ទី ៤ ប្រចាំ​ឆ្នាំ ក៏​នាំ​ឲ្យ​កើត​មាន​រឿង​ជជែក កើត​ជា​ភាព​អស់​សំណើច​ពាសពេញ​បណ្តាញ​សង្គម។ តស់​យើង​ទៅ​សង្ខេប​លទ្ធផល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន ដែល​មាន​លេខ ៤ គ្រប់​កន្លែង ទូទាំង​លីគ​កំពូល​អឺរ៉ុប៖

+ក្របខ័ណ្ឌ Premier League

ចាប់​អារម្មណ៍​តាំង​ពី​ក្បាល​ល្ងាច ក្រោយ​បញ្ចប់​ ៩០ នាទី ដែល​ម្ចាស់ដី Etihad បាន​យក​ឈ្នះ​ចាស់​ដៃ​ទៅ​លើ​ក្លឹប​ភ្ញៀវ Liverpool ៤-១ ដល់​ហើយ​រំលង​បន្ទាប់​នោះ Arsenal មិន​សុខ​ចិត្ត ក៏​បង្កើត​លទ្ធផល​ដដែល​ដូច​គ្នា​នឹង City ទៅ​លើ​ក្លឹប Leeds United ជា​គូ​ប្រជែង។

បរាជ័យ ១-៤ ​ចំ​ថ្ងៃ​ទី ០១ ខែ ០៤ ដែល​ទំព័រ​ធំៗ​ជា​ច្រើន ហៅ​ថ្ងៃ​នោះ​ជា​ថ្ងៃ​របស់ Liverpool និង Leeds តែ​ក៏​មិន​អាច​មើល​រំលង​បរាជ័យ Chelsea បាន​ដែរ ក្រោយ​ចាញ់ ០-២ ក្រោម​ថ្វី​ជើង Aston Villa រួចថ្ងៃ​នេះ ក៏​ចូល​ថ្ងៃ​ទី ០២ ចំ​ល្អ​ថែម​ទៀត។

ចំណាំ៖ ​ប្រាប់​បងប្អូន​យើង​មួយ​សិន​ណា កុំ​បូក​លទ្ធផល City-Liverpool និង Arsenal-Leeds ឲ្យ​សោះ ព្រោះ​បូក​ហើយ ប្រាកដ​នឹង​នឹក​ដល់​រឿង​ចាស់​មិន​ខាន។

+ក្របខ័ណ្ឌ La Liga

មិន​ត្រឹម​តែ​នៅ​លីគ​កំពូល​អង់គ្លេស ធ្លាយ​មក​ដល់​លីគ​ប្រទេស​អេស្ប៉ាញ ក៏​កើត​មាន ៤ គ្រាប់​ចំ​បើក​ទំព័រ​ខែ​មេសា​ផង​ដែរ។ នោះ​គឺ​ការ​យក​ឈ្នះ​របស់ Barcelona ៤-០ ទៅ​លើ Elche។ រំឭក​ឲ្យ​គ្នា​យើង​បាន​ដឹង សម្រាប់​អ្នក​មាន​បុណ្យ​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ Xavi Hernandez ក៏​ត្រៀម​នឹង​ចូល​ដល់​ប្រកួត​សំខាន់ ទល់ Real Madrid ជើង​ទី ២ វគ្គ ៤ ក្រុម ពាន​រង្វាន់ Copa del Rey បន្ទាប់​ជើង​មុន​យក​ឈ្នះ ១-០។

+ក្របខ័ណ្ឌ Bundesliga

ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី លោក Thomas Tuchel ក៏​បាន​បង្កើត​លទ្ធផល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ភ្លែត នៅ​ប្រកួត​ដំបូង​ទល់​អតីត​ក្លឹប​ចាស់​ខ្លួន​ឯង​គឺ Borussia Dortmund។ ម្ចាស់​ដី​យក​ឈ្នះ​ភ្ញៀវ ៤-២ នាំ​ឲ្យ​អ្នក​គាំទ្រ​យក​លទ្ធផល​នោះ មក​រៀប​ជា​កាលបរិច្ឆេទ​ថ្ងៃ​នេះ ដោយ​ហៅ​ថា ​ថ្ងៃ​ទី Dortmund ខែ Bayern Munich។

+ក្របខ័ណ្ឌ Eredivisie

នៅ​លីគ​កំពូល​ហូឡង់​ឯ​ណោះ គឺ​ចំ​កាលបរិច្ឆេទ​ផ្ទាល់​តែ​ម្តង បន្ទាប់​តែ​ចប់​ការ​ប្រកួត​រវាង NEC Nijmegen ទល់ PSV Eindhoven ដោយ​ខាង​ PSV បាន​យក​ឈ្នះ ៤-២ ទៅ​លើ​ម្ចាស់​ទឹកដី។ បញ្ចប់ ៩០ នាទី​លើ​ទីលាន វា​ក៏​ចំ​កាលបរិច្ឆេទ​ថ្ងៃ​ទី ០២ ខែ ០៤ កើត​ជា​ភាព​ចៃដន្យ​ដូច​គ្នាថែមទៀត។

ចុះ​ចាំ​មើល​យប់​នេះ​វិញ តើ Real Madrid, Man Utd, AC Milan និង PSG ជា​ដើម អាច​បង្កើត​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​អ្វី​ដែរ​ទេ ឬ​ក៏​ត្រូវ​ខាង​គូ​ប្រជែង​ហូបចុក​សម្រុក​គ្រាប់​បាល់​វិញ?​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT